កំពង់ឆ្នាំង៖ ត្រីឆ្អើរត្រីកែស គឺជាប្រភេទត្រីឆ្អើរដែលមានតម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ត្រីកែសដែលគេយកមកឆ្អើរនេះ ភាគច្រើនមានប្រភពមកពីបឹងទន្លេសាប បេះដូងនៃប្រទេសកម្ពុជា។ ត្រីកែស ស្ថិតនៅក្នុងអម្បូរស៊ីលូរីដេ (Family Siluridae) ជាអម្បូរត្រីដែលគ្មានស្រកា។ ត្រីកែស មានប្រភេទត្រីកែសកណ្តុរ មានឈ្មោះវិទ្យសាស្ត្រ (Hemisilurus mekongensis) និងត្រីកែសជម្រៅ ឬ ត្រីកែសប្រាក់ មានឈ្មោះវិទ្យសាស្ត្រ (Phalacronotus apogon)។
គ្រួសាររបស់លោក ជិន សាប៊ុន ជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើន នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រកបរបរឆ្អើរត្រីកែសលក់។ គ្រួសារខ្លះ ទើបតែនឹងចាប់យករបរនេះ។ ប៉ុន្តែ ចំពោះគ្រួសាររបស់លោក ជិន សាប៊ុន បានចាប់យកមុខរបរនេះ តាំងពីឆ្នាំអំឡុងទសវត្សរ៍ ៨០មកម្ល៉េះ។
«ជំនាញឆ្អើរត្រីនេះ វាជាមុខរបរតជំនាន់ ខាងគ្រួសារប្រពន្ធរបស់ខ្ញុំ។ ពោលគឺ តាំងពីសម័យសង្គមរាស្ត្រនិយមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ។ ពួកគាត់អ្នកស្រុកកោះធំ ខេត្តកណ្តាល។ កាលណោះ ពួកគាត់ឆ្អើរត្រីនៅលើទូក។ ក្នុងឆ្នាំ ១៩៧៩ ប្រពន្ធរបស់ខ្ញុំ បានធ្វើចំណាកស្រុកមករស់នៅក្នុងខេត្តកំពង់ឆ្នាំង។ គាត់ក៏ចាប់អាជីពជាអ្នកឆ្អើរត្រីនេះ បន្តពីឪពុកម្តាយរបស់គាត់តែម្តងទៅ។» នេះជាប្រសាសន៍របស់លោក សាប៊ុន បានប្រាប់ដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
លោក ជិន សាប៊ុន បានឲ្យដឹងទៀតថា ត្រីកែសស្រស់ ត្រូវបានគេបែងចែកជាប្រាំប្រភេទ។ ប្រភេទលេខ១ សំដៅទៅលើត្រីដែលមានទម្ងន់ក្នុងមួយក្បាល ចាប់ពី ២ក្រាមឡើងទៅ។ ប្រភេទលេខ២ ត្រីមួយក្បាលមានទម្ងន់ចាប់ពី ១.៥ ក្រាមចុះ និងជាបន្តបន្ទាប់មកទៀត លេខ៣ លេខ៤ លេខ៥ ដែលជាត្រីតូចៗ។ ប៉ុន្តែ បច្ចុប្បន្ននេះ គេបែងចែកប្រភេទតែលេខ១ និងលេខ២ប៉ុណ្ណោះ។ ចំពោះលេខ៣, ៤ និង៥ ដូចបានរៀបរាប់ខាងលើ ត្រូវបានគេចាត់ចូលក្នុងប្រភេទត្រីចម្រុះទម្ងន់ «មួយជញ្ជីង»។ ចំពោះតម្លៃត្រីស្រស់លេខ១ គ្រួសារលោក សា ប៊ុន ទិញចូល ៣៦០០០រៀលក្នុងមួយគីឡូក្រាម។ លេខ២ ទិញចូល ៣២០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកត្រីប្រភេទចម្រុះទម្ងន់ «មួយជញ្ជីង» ទិញចូល ១៧០០០ ទៅ ២០០០០ រៀលក្នុងមួយគីឡូក្រាម។ ត្រីកែសស្រស់ទាំងអស់នេះ មានប្រភពពីឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និងកំពង់លួង ខេត្តពោធិសាត់។
« ឆ្នាំមុនៗ យើងទិញត្រីស្រស់ចូល ចាប់ពី ២០០ - ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ។ យើងអាចឆ្អើរបានតែ២០០ ទៅ ៣០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ត្រីនៅសល់យើងក្លាសេទុក។ ប៉ុន្តែ ក្នុងឆ្នាំនេះ យើងអាចទិញត្រីស្រស់បានតែ ២០០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំពោះតម្លៃ វាប្រែប្រួលជាងឆ្នាំទៅម៉ិញបន្តិចប៉ុន្តែ ដោយសារបញ្ហាអាកាសធាតុ តែត្រីមានទំហំធំជាង»។
ចំពោះបច្ចេកទេសឆ្អើរត្រីឲ្យបានល្អ លោក សាប៊ុន មានប្រសាសន៍ថា៖ «ត្រីកែសស្រស់ មុននឹងដោតចង្កាក់ឆ្អើរ យើងត្រូវតែដាក់ក្នុងធុងក្លាសេទឹកកកឲ្យបាន ២-៣ម៉ោង ឬកន្លះថ្ងៃសិន។ ធ្វើបែបនេះ ដើម្បីកុំឲ្យត្រីរលួយពោះ ឬពុកសាច់ពេលឆ្អើររួច។ ក្រោយពេលដោតត្រីជាចង្កាក់រូចហើយ យើងត្រូវតែដាក់ហាលវាឲ្យស្ងួតល្មមទាំងសងខាង។ ពេលស្ងួតត្រីជាប់គ្នាល្អ ទើបយើងយកទៅដាក់ឆ្អើរ។ ចំពោះការឆ្អើរ ក៏យើងត្រូវប្រុងប្រយ័ត្នផងដែរ។ ត្រូវដាក់ចង្កាក់ត្រីបញ្ឈរក្បាលចុះក្រោម។ ចង្កាក់ត្រីត្រូវមានឃ្នាបឬស្សីអមសងខាង ដើម្បីកុំឲ្យត្រីស្អិតជាប់នឹងចង្អើរ ព្រមទាំងអាចឆ្អើរត្រីបានច្រើនក្នុងពេលតែមួយ»។
សកម្មភាពហាលត្រីកែស ដែលដោតជាចង្កាក់រួចហើយ មុននឹងយកទៅឆ្អើរ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ត្រីស្រស់លេខ១ ចំនួន ៣.៨គីឡូក្រាម យើងអាចផលិតបានត្រីឆ្អើរ ១គីឡូក្រាម។ ត្រីស្រស់លេខ២ ប្រហែលជាង ៤គីឡូក្រាម អាចផលិតបានត្រីឆ្អើរ ១គីឡូក្រាម។ ត្រីស្រស់លេខ៣ ចំនួនប្រហែល ៤-៥គីឡូក្រាម អាចផលិតបានត្រីឆ្អើរ ១គីឡូក្រាម។ ចំពោះទីផ្សារ ផលិតផលត្រីឆ្អើររបស់គ្រួសារលោក សាប៊ុន ចែកចាយលក់តែក្នុងប្រទេសប៉ុណ្ណោះ។ ដូចជានៅភ្នំពេញ ក្នុងផ្សារអូឬស្សី នៅសៀមរាប ភាគច្រើនក្នុងផ្សារលើ នៅបាត់ដំបង នៅបន្ទាយមានជ័យ និងនៅពោធិសាត់ ក្នុងផ្សារក្រគរ។ ត្រីឆ្អើរត្រីកែសលេខ១ ដែលមានត្រីចំនួន៦ក្បាលក្នុងមួយចង្កាក់ លក់ចេញក្នុងតម្លៃ ចាប់ពី ១៧ម៉ឺន ទៅ ១៨ម៉ឺន ក្នុងមួយគីឡូក្រាម។ លេខ២ មានត្រីចំនួន៨ក្បាលក្នុងមួយចង្កាក់ តម្លៃចាប់ពី ១៤-១៥ម៉ឺនក្នុងមួយគីឡូក្រាម។ លេខ៣ មានត្រីចំនួន១០ក្បាលក្នុងមួយចង្កាក់ តម្លៃ ៩-១០ម៉ឺនក្នុងមួយគីឡូក្រាម។
«មានទឹក មានត្រី» ជាពាក្យដំណាលចង់បង្ហាញពីធនធានជលផលដ៏សម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ មានន័យថា ទីណាមានទឹក ទីនោះត្រូវតែមានត្រី។ ដូច្នេះ ចូរយើងទាំងអស់គ្នា ចូលរួមថែរក្សាការពារព្រៃលិចទឹកទាំងអស់ដែលនៅសេសសល់។ ពិសេសនៅក្នុងបឹងទន្លេសាប និងតំបន់ជុំវិញ។ ព្រៃលិចទឹកទាំងនោះ មានសារៈសំខាន់បំផុត សម្រាប់ជីវចម្រុះក្នុងប្រទេសកម្ពុជាយើង។