ជាតិ
សង្គមជាតិ
ពោធិ៍សាត់ និង​មណ្ឌល​គី​រី ចុះ​ត្រជាក់​ខ្លាំង តែ​បង្កើន​ផលដំណាំ​របស់​កសិករ​
03, Jan 2019 , 9:15 am        
រូបភាព
រូបភាពដោយ ញឹក ស្រី​ល័ក្ខ​
រូបភាពដោយ ញឹក ស្រី​ល័ក្ខ​
ដោយ:
​ភ្នំពេញ​៖ អាកាសធាតុ​ចាប់ផ្តើម​ត្រជាក់​ខ្លាំង​នៅ​ដើម​ខែម​ករានេះ ដោយសារ​កម្ពុជា​ទទួល​រង​សម្ពាធ​ខ្ពស់ និង​មាន​ខ្យល់​ធ្លា​ក់បក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​ចុះ​ត្រជាក់​ខ្លាំង​។ សម្រាប់​ខេត្តពោធិ៍សាត់ និង​ខេត្ត​មណ្ឌល​គី​រី ក៏​កំពុង​ចុះ​ត្រជាក់​ខ្លាំង ដែល​ជួយ​បង្កើន​ផលដំណាំ​ឲ្យ​កាន់តែ​ទទួលបាន​ផល​ច្រើន​ផងដែរ​។​

 
​អាកាសធាតុ​ត្រជាក់ គួបផ្សំ​ទេសភាព​ស្រស់ស្អាត ដោយសារ​មាន​ព្រៃឈើ វាលស្មៅ​ពណ៌​មាស និង​មាន​ភ្នំ​ជាច្រើន​អម​សងខាង​ផ្ទះ​របស់​ពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្តមណ្ឌលគិរី កំពុង​ក្លាយ​ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ ។ លោក យស ចាន់ថា នាយក​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​ជួយ​សម្រួល​ដល់​ការដាំ​ដំណាំ​របស់​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី បាន​ប្រៀបធៀប​តំបន់​ខេត្ត​នៃ​ភូមិភាគ​¬​ឦសាន​មួយ​នេះ ដូចជា​ប្រទេស​កូរ៉េ ដោយ​លោក​សម្អាង​ទៅលើ​អាកាសធាតុ​នៅពេល​យប់ មាន​សីតុណ្ហភាព​១៨​អង្សា​។ សម្រាប់​ខែ​នេះ មាន​ខ្យល់​ធ្លាក់​ខ្លាំង ហើយ​សីតុណ្ហភាព នឹង​អាច​ចុះក្រោម​មក​ត្រឹម​១៦​អង្សា​។ 
 
​ទីតាំង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅ​កម្សាន្ត​លេង មានដូចជា ទឹកជ្រោះ​ប៊ូ​ស្រា​,​សមុទ្រ​ឈើ​, ដើម​ស្រល់​អម​សងខាង​ផ្លូវ​,​ទឹកជ្រោះ​សែន​មនោ​រម្យ ជាដើម​។ លោក ចាន់ថា បានបញ្ជាក់​បន្ថែមថា​៖«​សម្រាប់​ចូលឆ្នាំ​សកល​នេះ យើង​ឃើញ​មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន ដែល​ធ្វើ​ឲ្យ​ផ្ទះសំណាក់​ពេញ​អស់ ហើយ​ពួកគេ​ខ្លះ​គេង​សម្រាក​នៅ​នឹង​តង់​ក៏​ច្រើន​ដែរ​។​អ៊ឺ​ចឹ​ង​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មកលេង​នៅ​តំបន់​នេះ គឺ​ពួកគាត់​ប្រាកដជា​ត្រជាក់​មែនទែន​តែម្តង​»​។​


រូបភាពដោយ ញឹក ស្រី​ល័ក្ខ​ 
 
​បើ​និយាយ​ពី​ដំណាំ​វិញ គឺ​ទទួលបាន​ទិន្នផល​ល្អ តាមរយៈ​អាកាសធាតុ​ត្រជាក់​នេះ​។ លោក ចាន់ថា បានបញ្ជាក់​ដូច្នេះ​ថា​៖«​និយាយ​មែនទែនទៅ​នៅទីនេះ ដី​មាន​ជីវជាតិ​ល្អ ហើយ​អាកាសធាតុ​ក៏​ល្អ ងាយស្រួល​ដាំ​ដំណាំ​។ ពួកកសិករ​មិន​ពិបាក​ប្រើ​ទឹក​ច្រើន​នោះទេ ដោយសារ​ព្រឹក​ឡើង​មាន​សំណើម ហើយ​សឹងតែ​មិនបាច់​ស្រោច​ទឹក​ក៏បាន អ៊ីចឹង​ដំណាំ​កសិកម្ម​វា​ល្អ​សម្រាប់​អ្នក​ខេត្ត​មណ្ឌល​គី​រី​នេះ ហើយ​វា​បង្កើន​ផល​ច្រើនជាង​ខេត្ត​ផ្សេងៗ​ផងដែរ​»​។ 
 
​លោក នួន លីម មន្ត្រី​កិច្ចសន្យា​របស់​មន្ទីរ​ទេស​ចរណ៍ និង​ជា​អ្នកគ្រប់គ្រង​ភ្ញៀវទេសចរ​នៅ​ស្រុក​អូរ​សោម ស្ថិតនៅ​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​Thmey Thmey តាម​ទូរ​សព្ទ​ថា អាកាសធាតុ​នៅ​ទីនោះ ក៏​ត្រជាក់​ខ្លាំង​ដែរ ប៉ុន្តែ​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ពលរដ្ឋ​នោះទេ ដោយសារ​ពួកគាត់​ផ្សាំ​នឹង​អាកាសធាតុ​ត្រជាក់​បែបនេះហើយ​។ «​តាម​ធម្មតា​នៅ​ស្រុក​នេះ ត្រជាក់​រហូតមក​ហើយ អ្នកភូមិ​ដណ្តប់ភួយ ពាក់អាវ​រងា នៅ​ពេលយប់​ធម្មតា ហើយ​ពេល​ថ្ងៃ​ក៏​មិន​ក្តៅ​ខ្លាំង​ដែរ ដោយសារ​អាកាសធាតុ​ត្រជាក់​ជា​រៀងរាល់ថ្ងៃ​មកហើយ​។ ជាធម្មតា ត្រជាក់​ខ្លាំង​ចាប់ពី​ខែ​ឆ្នូ ដល់​ខែកុម្ភៈ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នួន លីម ដែល​បាន​បន្ថែមថា ទោះបី​ពួកគេ​ផ្សាំ​ជាមួយ​អាកាសធាតុ​ត្រជាក់​ក្តី ក៏ប៉ុន្តែ​ស្រី្ត​ដែលមាន​ផ្ទៃពោះ ឬ​មនុស្ស​ចាស់ជរា មិនអាច​ទ្រាំទ្រ​ជាមួយ​អាកាសធាតុ​ត្រជាក់​បែបនេះ​ទេ​។​
 
​ថ្វី​ត្បិត​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​តំបន់​អូរ​សោម​ក្តី ប៉ុន្តែ​វា​មិនបាន​ចោទ​ជា​បញ្ហា​ធំ​សម្រាប់​ដំណាំ​នៅ​តំបន់​របស់​ពួកគេ​នោះទេ ពោលគឺ​មានតែ​បង្កើន​ផល​ទៅវិញ​។ លោក នួន លីម បាន​បញ្ជាក់ថា​៖«​ខែ​នេះ​កសិករ​យើង​កំពុង​ប្រមូល​ដំណាំ​បាន​ច្រើន​មុខ ដែលមាន​ដូចជា ល្ពៅ ខ្ញី ត្រាវ និង​ពោត​។ ក្នុង​មួយឆ្នាំ​គេ​ដាំ​ដំណាំ​ចន្លោះ​គ្នា ៣​ខែម្តង​គេ​ដាំ​សណ្តែកដី ៣​ខែ​ទៀត​គេ​ដាំពោត ហើយ​៣​ខែ​ទៀត​គេ​ដាំ​ត្រាវ​។ និយាយ​រួម​ទៅ ដី​នៅ​ស្រុក​នេះ អំ​ណាយ​ផល​ល្អ​ក្នុង​ការដាំ​ដំណាំ ហើយ​គ្រួសារ​នីមួយៗ​មាន​ដី​តូច​បំផុត​ក៏​៣​ហិច​តា​ដែរ​។ អ៊ឹ​ចឹ​ង​គាត់​អាច​ដាំ​បាន​ច្រើន​មុខ ហើយ​ការប្រមូល​ផល​គឺ​វិលជុំ​រហូត អត់​ដែលមាន​ពេល​សម្រាក​ទេ​»​។  
 
​បើតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ ខេត្ត​មួយចំនួន​នឹង​ចុះ​ត្រជាក់​ខ្លាំងជាងគេ គឺ​ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគីរី និង​មណ្ឌល​គី​រី មាន​សីតុណ្ហភាព​ពី​១៧ ទៅ​១៩​អង្សា​។ រីឯ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដទៃទៀត​មាន​សីតុណ្ហភាព​អប្បបរមា ពី​២១ ទៅ​២៣​អង្សា​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​ជាច្រើន​ចុះ​ត្រជាក់ ដោយសារ​កម្ពុជា​ទទួល​រង​ខ្យល់មូសុង​ឦសាន និង​មាន​ជ្រលង​សម្ពាធ​ខ្ពស់​។ ជាមួយគ្នា​ផងដែរ ក្រសួង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ត្រជាក់​បែបនេះ​៕
 

Tag:
 អាកាសធាតុ​
 ​ពោធិ៍សាត់​
 ​មណ្ឌល​គី​រី
 ​ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com