ជាតិ
សង្គមជាតិ
ស្ត្រី​វ័យ​៥០​ឆ្នាំ កែវ សាម៉េន ប្រឈម​នឹង​បាត់បង់​អាជីព​រក​ឃ្មុំ​ព្រៃ​!
05, Jan 2019 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រៃវែង​៖ មាន​វ័យ​៥០​ឆ្នាំ អ្នកស្រី កែវ សាម៉េន ប្រកប​របរ​រក​ឃ្មុំ​ព្រៃ ដើម្បី​លក់​។ របរ​រក​ឃ្មុំ​ព្រៃរបស់​អ្នកស្រី សាម៉េន កំពុង​ថយចុះ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ត្អូញត្អែរ​រក​មិនបាន​ដូច​មុន​។ ម្យ៉ាងវិញទៀត ចំណូល​ពី​ការលក់​ឃ្មុំ​ព្រៃរបស់​អ្នកស្រី ក៏បាន​ធ្លាក់ចុះ​ផងដែរ ដោយ​ធ្លាប់​រកបាន​ពី​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ មក​ត្រឹមតែ​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​


​របរ​រក​ឃ្មុំ​ព្រៃរបស់​អ្នកស្រី កែវ សាម៉េន កាន់តែ​ធ្លាក់ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ធ្វើ​អ្នកស្រី​ទទួលបាន​ចំណូល​កាន់តែ​តិច ហើយ​ប្រឈម​នឹង​បាត់បង់​អាជីព​រក​ឃ្មុំ​ព្រៃ​។ រស់នៅក្នុង​ភូមិ​ព្រៃ​ទួល ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង អ្នកស្រី សាម៉េន ប្រាប់​ថ្មីៗ​២៥​ថា​៖ «​កាលពីមុន​ខ្ញុំ និង​ប្រជាជន​នៅទីនេះ អា​ចរក​ឃ្មុំ​លក់បាន​ប្រាក់ចំណូល​ច្រើន​គួរសម តែ​ពេលនេះ​ពិបាក​រក​ណាស់​។ ក្នុង​មួយថ្ងៃ​ខ្ញុំ អា​ចរក​បានតែ​១​ទៅ​២ បង្គង​តែប៉ុណ្ណោះ ហើយ​ថ្ងៃ​ខ្លះ​រក​មិនបាន​តែម្តង​»​។ 
  
 
​បើតាម​អ្នកស្រី សាម៉េន កាលពីមុន​សម្បូរ​ព្រៃ​ធម្មជាតិ សម្បូរ​ឃ្មុំ អ្នកស្រី​អាច​រកប្រាក់​ចំណូល​បាន​១០​ម៉ឺន​រៀល ប៉ុន្តែ​ពេលនេះ​រកបាន​ត្រឹមតែ ៤​ទៅ​៥​ម៉ឺន​រៀល ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ស្ត្រី​ជា​អ្នករក​ឃ្មុំ​រូបនេះ បន្ថែមថា​៖ «​ពេលខ្លះ​មេ​ឃ្មុំ​ធំៗ​ពេក ខ្ញុំ​ត្រូវ​ប្រើ​ភ្លើង​ដុត​វា ហើយ​ពេលខ្លះទៀត វា​ក៏​ហើរ​មក​ទិច​ហើម​មុខ​ក៏មាន​»​។​
  
 
​ស្ត្រី​វ័យ​ចំណាស់​រូបនេះ បញ្ជាក់ថា ការយក​ឃ្មុំ​ពិបាក​ណាស់ ដោយសារ​ត្រូវ​ឡើងទៅ​ខ្ពស់ រួច​ផ្លុំ​ផ្សែង​បារី​ដាក់ ដើម្បី​ឲ្យ​ឃ្មុំ​ហើរ​ចេញ ទើប​អាច​កាត់​យក​បង្គងឃ្មុំ​បាន​។​
​ឃ្មុំ​ដែល​អ្នកស្រី សាម៉េន រកបាន ត្រូវបាន​លក់​ឲ្យ​ឈ្មួញកណ្តាល​ដើម្បី​លក់​បន្ត ដោយ​១​គីឡូ​លក់បាន​ក្នុងតម្លៃ​៣​ម៉ឺន​រៀល​។ ដោយឡែក​ឈ្មួញកណ្តាល​ដែល​យកទៅលក់​បន្ត អាច​លក់បាន​តម្លៃ​ពី ៤​ទៅ​៦​ម៉ឺន​រៀល ក្នុង​មួយ​គីឡូ​។ 
  
 
​ព្រៃឈើ​កាន់តែ​រេចរឹល ឃ្មុំ​ព្រៃ​គ្មាន​ទីជម្រក អ្នកស្រី កែវ សាម៉េន អាយុ​៥០​ឆ្នាំ​រស់នៅ​ស្រុក​កំចាយមារ​នៃ​ខេត្តព្រៃវែង កំពុង​ប្រឈម​នឹង​បាត់បង់​មុខរបរ​រក​ឃ្មុំ ដែល​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​អ្នកស្រី​រស់នៅក្នុង​ជីវភាព​ធូរធារ​បានឡើយ​៕
 
 

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com