ជាតិ
២៥ខេត្ត/រាជធានី
«ផ្លែដីប្លី»ជាគ្រឿងទេសដូចម្រេច និងជាឱសថប្រឆាំងនឹងជំងឺ
× កំពត៖«ផ្លែដីប្លី»ឬម្រេចវែងនេះ ជាប្រភេទរុក្ខជាតិ ដែលមានដើមកំណើតពីឥណ្ឌា។ វាជាគ្រឿងទេសសម្រាប់ផ្សំជាមួយអាហារ។ មនុស្សភាគច្រើន មិនសូវស្គាល់រុក្ខជាតិប្រភេទនេះទេ ព្រោះការដាំដុះមានតែនៅតំបន់អាហ្វ្រិក។ នៅកម្ពុជា «ផ្លែដីប្លី» មិនទាន់មានការពេញនិយមប្រើប្រាស់ ដូចផ្លែម្រេចនៅទ្បើយ។ ក្រៅពីជាគ្រឿងទេស ផ្លែដីប្លី ក៏ជាឱសថប្រឆាំងនឹងជំងឺផងដែរ។ នេះបើតាមអ្នកស្រី ជៀម ទ្បៃឃីម បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនផារ៉ាដាយ ហ្គាដិន។
«ផ្លែដីប្លី» ដែលជាប្រភេទម្រេចវែងនេះ មិនសូវពេញនិយមដូចម្រេចកំពតនោះទេ។ ផ្លែដីប្លី ឬម្រេចវែងនេះ ត្រូវបានដាំដុះក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន ផារ៉ាដាយ ហ្គាដិននៅខេត្តកំពត។ រយៈពេល៣ឆ្នាំ ទើបផ្លែដីប្លី ឬម្រេចវែងនេះ អាចទទួលបានផលបាន និងមានផលពេញមួយរដូវ។
បើតាមអ្នកស្រី ឡៃឃីម ពូជនាំចូលមកពីបរទេសនេះ ជាប្រភេទគ្រឿងទេសហឹរ មានរសជាតិផ្សេងពីម្រេច។ អ្នកស្រី ជៀម ទ្បៃឃីម បញ្ជាក់ថា ផ្លែដីប្លី ក៏ជាឱសថប្រឆាំងការឆ្លងបាក់តេរី ជំងឺទឹកនោមផ្អែមជាដើម ព្រោះវាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ វាក៏រារាំងជំងឺថ្លើម មិនឲ្យកើតមានផងដែរ។
មគ្គទេសក៍នៃក្រុមហ៊ុនផារ៉ាដាយ ហ្គាដិន លោក ស៊ឹង សុខហេង បានប្រាប់ ThmeyThmey25 ថា ការ ដាំដុះម្រេច និងផ្លែដីប្លីនេះ ត្រូវបានប្រើពេលយូរ ជាពិសេសវាទាមទារឲ្យមានការថែទាំត្រឹមត្រូវ។ លោក សុខហេង បញ្ជាក់ថា ផ្លែដីប្លីនេះ ត្រូវបានក្រុមហ៊ុនខាងលើ យកពីសមាគមម្រេច ដើម្បីដាំដុះ និងចែកចាយ។
បើតាមអ្នកស្រី ឡៃឃីម ភ្ញៀវទេសចរដែលមកទទួលសេវានៅក្រុមហ៊ុនរបស់អ្នកស្រី បានផ្ដោតសំខាន់ និងពេញនិយមលើម្រេចកំពត ជាងផ្លែដីប្លី។ ម្យ៉ាងទៀត ម្រេចកំពត ជាផលិតផលល្បីឈ្មោះ ដែលតំណាងឲ្យខេត្តកំពត៕
Tag:
ផ្លែដីប្លី
ខេត្តកំពត
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com