អត្ថបទពាណិជ្ជកម្ម
ស្ករត្នោត​ខេត្តកំពង់ធំ​វាយលុក​ចូល​ទីផ្សារ​ទំនើប​ក្រុងភ្នំពេញ
14, Jan 2019 , 2:42 pm        
រូបភាព
​ស្ករត្នោត​ដ៏​ឈ្ងុយឆ្ងាញ់​សុ​ទ្ទ​១០០​ភាគរយ របស់​ខេត្តកំពង់ធំ​ត្រូវបាន​យកមក​ផ្គត់ផ្គង់​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ក្នុង​ផ្សារ​ទំនើប និង​ទីផ្សារ​លក់រាយ​ផងដែរ​។ ថ្ងៃនេះ​ក្រុមហ៊ុន Signatures of Asia ដែលជា​អ្នកផ្គត់ផ្គង់​ស្ករត្នោត​នាំមុខគេ​ទាំង​ក្នុង និង ក្រៅប្រទេស​បាន​ចុះហត្ថលេខា​ទទួល​ទិញ​ស្ករត្នោត​ចំនួន​៥៣​តោន​ពី​សហគមន៍​ឈូក​សាមគ្គី​មានជ័យ ដែលមាន​ទីតាំងនៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដើម្បី​ផ្គត់ផ្គង់​ចូល​ទីផ្សារ​របស់ខ្លួន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ពី​អ្នកប្រើប្រាស់​ទាំង​ក្នុង និង​ក្រៅប្រទេស​។  
 
​ពិធី​ចុះហត្ថលេខា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ស្រុក ឃុំ និង​អង្គការ​ស្ថាប័ន​ផ្សេងទៀត ក្នុង​ក្របខ័ណ្ឌ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដែល​នាំ​ផលប្រយោជន៍​ដល់​កសិករ​ដែលជា​អ្នក​ផលិត​ស្ករត្នោត​លក់បាន​តម្លៃ​ខ្ពស់​សមរម្យ និង​ធានាបាន​ដល់​អ្នកប្រើប្រាស់​ស្ករត្នោត​សុទ្ធ​ពិតប្រាកដ​មិន​ក្លែងក្លាយ​។ គួរ​រំលឹក​ផងដែរ​ថា​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ជាច្រើន ដែល​បាន​យកមក​ផ្គត់ផ្គង់​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដែលជា​ផលិតផល​នាំអោយ​ខូចសុខភាព​ដល់​អ្នកប្រើប្រាស់​។ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signatures of Asia បាន​ថ្លែងថា កន្លងមក​ក្រុមហ៊ុន​លោក​ធ្លាប់តែ​នាំចេញ​ស្ករត្នោត​ដែលមាន​គុណភាព​ខ្ពស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប តែ​ដោយ​មើលឃើញថា អ្នក​បរិភោគ​ក្នុងស្រុក​កំពុង​ជួបប្រទះ​បញ្ហា​ស្ករត្នោត​ក្លែងក្លាយ ទើប​ក្រុមហ៊ុន​លោក​មក​ពង្រីក​ផលិតកម្ម​ស្ករត្នោត​នៅ​ខេត្តកំពង់ធំ​នេះ​ដែល​ធានាបាន​នូវ​ស្តង់ដារ​ផលិតផល​ដូចគ្នា​នឹង​ផលិតផល​នាំចេញ​ដែរ   ដើម្បី​ចូលរួម​លើក​កំពស់​ជីវភាព​កសិករ​នៅទីនេះ​ផង និង​ធ្វើការ​ផ្គត់ផ្គង់​ស្ករត្នោត​គុណភាព​សុ​ទ្ទ​ល្អ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ​ទៅកាន់​អ្នកប្រើប្រាស់​ក្នុងស្រុក​ផង​។ ដោយមាន​ការជួយ​សម្រប​សម្រួល​ពី គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព​នៅ​កម្ពុជា នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា ដែល​បានទទួល​ជំនួយ​ពី​រដ្ឋាភិបាល​អូស្ត្រាលី (Australian Aid)​។ គម្រោង​មាន​គោលដៅ​បង្កើន​ប្រាក់ចំណូល​ដល់​សមាជិក​សហគមន៍​កសិកម្ម  ដើម្បី​ឆ្លើយតប​ជាមួយ​សុខុមាលភាព​កុមារ​នៅក្នុង​ខេត្តកំពង់ធំ កណ្តាល និង​ខេត្តព្រះវិហារ​។ ដោយមាន​គោលបំណង​សំខាន់​បី​៖ ទី​១/ ពង្រីក និង​ពង្រីង​សហកមន៍​កសិកម្ម​ឲ្យ​មាន​អភិបាលកិច្ច​ល្អ ទី​២/ ពង្រឹង​សម្ថ​ភាព​សហគមន៍​កសិកម្ម​លើ​ការគ្រប់គ្រង​អាជីវកម្ម និង ដំណើរការ​អាជីវកម្ម ទី​៣/ បង្កើន​នូវ​ចំណូល និង ផលិតភាព​ផលិតកម្ម របស់​សមាជិក​សហគម​ន៍​កសិកម្ម​។  


 
គម្រោង​បានធ្វើការ​ជា​ដៃគូ​ជាមួយ មន្ត្រី​កសិកម្ម​ខេត្តកំពង់ធំ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ដើម្បី​បណ្តុះបណ្តាល បច្ចេកទេស​កសិកម្ម ការសម្របសម្រួល​អាជីវកម្ម ព្រមទាំង​ធ្វើការ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍​កសិកម្ម និង​ក្រុមហ៊ុន​ឯកជន សំដៅ​លើក​កំពស់​ផលិតផល​របស់​សហគម​ន៍​ទៅ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។ ជាក់ស្តែង កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ គម្រោង​បាន​ផ្សាភ្ជាប់​ផលិតកម្ម​ទៅ​ទីផ្សារ​សហគមន៍​ឈូក​សាមគ្គី​មានជ័យ អោយមាន​ឧិ​កាស​បាន​ចាប់​ដៃគូ​ជា​អ្នកផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន Signatures of Asia ។  


 
​គួរកត់សំគាល់​ដែរ​ថា ក្រុមហ៊ុន Signatures of Asia ដោយមាន​ការសហការ​ជាមួយ​គំរោង​ប្រឆាំង​ភាពក្រីក្រ IAP-SNV គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ដែល​បាន និង​កំពុង​ចុះ​កុងត្រា​ទទួល​ទិញ​ស្ករត្នោត​ពី​សហគមន៍​នៅ​ខេត្តកំពង់ស្ពឺ​ក្នុង​មួយ​រដូវ​រាប់រយ​តោន​រយៈពេល​៤​ឆ្នាំ​មកហើយ សម្រាប់​ផ្គត់ផ្គង់​ទៅ​ប្រទេសក្រៅ​។ គំរោង​ដែល​បានទទួល​ជំនួយ​ថវិការ​ពី​រដ្ឋាភិបាល​ស៊ុយអែត​តាមរយៈ​អង្គការ SIDA មានការ​ពង្រឹង​បច្ចេកទេស​ផលិតកម្ម  គំរូ​អាជីវកម្ម​ទំនើប ដោយ​គិតពី សង្គម  បរិ​ដ្ឋា​ន និង​បង្កើន​ប្រាក់ចំណូល​ជនក្រីក្រ ការយល់ដឹង​អំពី​យ៉េន​ឌ័​រ និង​អភិវឌ្ឃន៍​អោយមាន​និរន្តរភាព​។ 


 
​គួរកត់សំគាល់​ផងដែរ រយៈពេល​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា ស្ករត្នោត​ត្រូវបាន​គេ​និយម​ប្រើប្រាស់​នៅ​ទ្វីបអឺរ៉ុប​ដោយសារ​ពេល​បរិភោគ​វា​មានកំ​រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ដែល​អាច​ប្រើប្រាស់​បាន​ទាំង​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែលមាន​កំរិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម មិនតែប៉ុណ្ណោះ​វា​ក៏មាន​សារធាតុ​រ៉ែ និង​វីតាមីន​ជាច្រើន​ប្រភេទ​ផងដែរ មិន​ដូច​ស្ករស​ដែល​គេ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នោះទេ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com