ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ចប់បរិញ្ញាបត្រកសិកម្ម លោក ពៅ សុភា មមាញឹកដាំបន្លែសរីរាង្គ និងផ្តល់បច្ចេកទេសដល់កសិករ
× តាកែវ៖ លោក ពៅ សុភា បានចំណាយពេលជាង៧ឆ្នាំ បណ្តុះបណ្តាលបច្ចេកទេសដាំបន្លែសរីរាង្គ និងជំរុញការផលិតដោយផ្សារភ្ជាប់នឹងទីផ្សារដល់កសិករតាមសហគមន៍នានា ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តកែវ។ រស់នៅក្នុងកសិដ្ឋានបន្លែសរីរាង្គត្រពាំងក្រញូង អ្នកគ្រប់គ្រងកសិដ្ឋាន រូបនេះ ព្យាយាមប្រើប្រាស់ពេលវេល, ជំនាញ និងចំណេះដឹងកសិកម្ម ដែលលោកបានរៀនបរិញ្ញាបត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ឲ្យមានប្រយោជន៍បំផុត ដើម្បីបង្កើតការងារឲ្យកសិករនៅតាមភូមិ និងផ្គត់ផ្គង់អាហារសុវត្ថិភាពដល់អ្នកបរិភោគផងដែរ។
ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកកសិកម្មនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោក ពៅ សុភា បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយរបស់អង្គការសេដាករយៈពេល៦ខែ។ វគ្គបណ្តុះបណ្តាលនេះធ្វើឲ្យលោក ពៅ សុភា មានឱកាសធ្វើការក្នុងវិស័យកសិកម្មជាមួយសេដាក។ ក្នុងរយៈពេល៧ឆ្នាំ ដែលលោក សុភា មករស់នៅក្នុងកសិដ្ឋានបន្លែសរីរាង្គត្រពាំងក្រញូង បានផ្ដល់ឱកាសដល់រូបលោក ក្នុងការអនុវត្តការដាំដំណាំបែបសរីរាង្គជាក់ស្ដែង ជាពិសេស ការគ្រប់គ្រងក្រុមអ្នកផលិត និងទីផ្សារផងដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ពៅ សុភា កសិករក្នុងកសិដ្ឋានសេដាកដូចតទៅ៖
ជារៀងរាល់ថ្ងៃ លោក សុភា ត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីរៀបចំបន្លែសរីរាង្គទៅផ្គត់ផ្គង់លើទីផ្សារនាស្រុកត្រាំកក់ និងខេត្តកំពត។ ក្រោយរៀបចំបន្លែដាក់ឲ្យអតិថិជនរួចហើយ លោក សុភា មានតួនាទីមួយទៀត គឺចុះទៅបណ្ដុះបណ្ដាលដល់កសិកររបស់អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសដាំដុះ និងការផលិតផ្សារភ្ជាប់ទីផ្សារ។ ភាពមាញឹករបស់លោក សុភា នេះហើយ បានផ្ដល់នូវមេរៀនទាំងការលំបាក និងភាពងាយស្រួលដល់លោកជាច្រើន។
បុរសដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង រូបនេះ តែងតែចិញ្ចឹមចិត្ត លើស្ទួយវិស័យកសិកម្មនៅក្នុងស្រុក ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលបន្ថែពីបរទេស។ នាថ្ងៃអនាគត លោក ពៅ សុភា នឹងត្រឡប់ជួយកសិករនៅឯស្រុកកំណើតវិញ ដើម្បីឲ្យមានភាពរីកចម្រើន និងបង្កើនប្រាក់ចំណូលដល់កសិករ៕
© រក្សាសិទ្ធិដោយ thmeythmey.com