ជាតិ
ជីវភាពរស់នៅយ៉ាងសាមញ្ញ នាដងស្ទឹងអារ៉ែង
× កោះកុង៖ ដងស្ទឹងអារ៉ែង គឺជាចំណុចខណ្ឌចែកឃុំជំនាប់ និងឃុំថ្មដូនពៅ។ ទិដ្ឋភាពដ៏រស់រវើកនៅទីនេះ បានបង្ហាញពីជីវភាពរស់នៅយ៉ាងសាមញ្ញរបស់អ្នកភូមិ ប៉ុន្តែទាក់ទាញយ៉ាងក្រៃលែង។ ជារៀងរាល់ថ្ងៃ អ្នកភូមិទាំងពីរឃុំបានមកអាស្រ័យទឹកស្ទឹង ខ្លះងូតទឹក ខ្លះនេសាទត្រី ខ្លះគក់សម្លៀកបំពាក់ ខ្លះលាងសម្អាតត្រីសាច់និងបន្ថែ ស្របពេលអ្នកដំណើរឆ្លងកាត់ទៅមកមិនដាច់។
ដងស្ទឹងអារ៉ែងមិនមានសំរាមឡើយ។ អ្នកស្រុកនៅទីនេះ អាស្រ័យទឹកស្ទឹងអារ៉ែងដោយរីករាយ ដែលស្ដែងឱ្យឃើញតាមរយៈសកម្មភាពដ៏រស់រវើកដែលមានអ្នកភូមិងូតទឹក នេសាទត្រី គក់សម្លៀកបំពាក់ លាងសម្អាតត្រីសាច់ និងបន្លែជាដើមនៅទីនេះ។
ពេលដែលអ្នកភូមិចង់ឆ្លងទៅមករវាងឃុំជំនាប់ និងឃុំថ្មដូនពៅ គេអាចបើកឡាន ម៉ូតូ គោយន្ត ឬថ្មើរជើងឆ្លងកាត់ដងស្ទឹងនៅខែប្រាំង។ សណ្ឋានថ្មនៅបាតស្ទឹងអារ៉ែង មានសភាពខ្ពស់ទាប។ បើទោះអាចបើកបើកឡាន ម៉ូតូឆ្លងកាត់បានមែន ប៉ុន្តែក៏រាងពិបាកបន្តិចដែរ ពេលខ្លះទឹកក៏សាចចូលបំពង់ស៊ីម៉ាំងយានយន្តផងដែរ។ អ្នកភូមិខ្លះ រអ៊ូរទាំ នឹងការធ្វើដំណើរឆ្លងកាត់ស្ទឹង រីឯអ្នកភូមិខ្លះទៀត ស៊ាំនឹងការធ្វើដំណើរបែបនេះទៅហើយ។ ទោះជាយ៉ាងណាក៏ដោយពួកគាត់ នៅតែចង់ឱ្យអាជ្ញាធរភូមិឃុំ សង់ស្ពានឆ្លងកាត់ដងស្ទឹងអារ៉ែងនេះដែរ។
ចំណែកនៅដូវវស្សា គេត្រូវជិះទូកឆ្លងកាត់ស្ទឹង ហើយគេចងខ្សែពួរពីរខ្សែ ពីត្រើយស្ទឹងម្ខាង ទៅម្ខាងទៀត ដើម្បីទាញទូកចម្លងអ្នកដំណើរ នាខែទឹកឡើងនេះ៕
Tag:
កោះកុង
ដងស្ទឹងអារ៉ែង
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com