កីឡាជាតិ
ជាតិ
Angkor Ultra Trail៖ កម្ពុជា​គ្រង​ជើងឯក​ទាំង​បុរស​នារី​លើ​ការរត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​
20, Jan 2019 , 3:28 pm        
រូបភាព
កីឡាករ វ៉ាន់ ភារ៉ា (ឆ្វេង) និងកីឡាការិនីខ្មែរបារាំង Phai Laurie  ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ការរត់ចម្ងាយ៣២គីឡូម៉ែត្រ
កីឡាករ វ៉ាន់ ភារ៉ា (ឆ្វេង) និងកីឡាការិនីខ្មែរបារាំង Phai Laurie ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ការរត់ចម្ងាយ៣២គីឡូម៉ែត្រ
ដោយ:
​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​បុរស​នារី បាន​គ្រង​ជើងឯក​រៀងខ្លួនៗ​លើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ នា​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ដែល​រៀបចំ​នៅ​បរិវេណ​អង្គរ ខេត្តសៀមរាប​ពីថ្ងៃ​ទី​១៩-២០ ខែមករា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ​អន្តរជាតិ​ជាង​១​ពាន់​នាក់​មកពី​៤២​ប្រទេស​ចូលរួម ដោយ​កើនឡើង​៣០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

 
​នៅ​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ ដែលមាន​បំពាក់​ដោយ​ពិល​បំភ្លឺ​នៅលើ​ថ្ងាស និង​ស្ពាយ​កា​តាម​ដាក់​ទឹក​ពីក្រោយ​ខ្នង បាន​ជួបជុំគ្នា​នៅ​ទី​លានជល់ដំរី​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ដែល​ជាទី​ចាប់ផ្តើម​លើ​វិញ្ញាសា​រត់​ចម្ងាយ​៦៤​គីឡូម៉ែត្រ និង​១២៨​គីឡូម៉ែត្រ​។ មិនមែន​មានតែ​អត្ត​ព​លិ​កលើ​វិញ្ញាសា​ទាំងពីរ​នេះ​ទេ សូម្បី​អត្ត​ព​លិ​កលើ​វិញ្ញាសា​ផ្សេងទៀត ក៏​មកជួប​ជុំគ្នា​នៅទីនេះ​ដែរ គឺ​ដើម្បី​ស្តាប់​ការណែនាំ និង​បង្ហាញផ្លូវ​រត់​ពី​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail​។ 


 
​ក្រោយ​ការចេញដំណើរ​របស់​អត្ត​ព​លិ​ករ​ត់​ចម្ងាយ​៦៤​និង​១២៨​គីឡូម៉ែត្រ​នៅ​ទី​លានជល់ដំរី អត្ត​ព​លិ​កលើ​វិញ្ញាសា​រត់​ចម្ងាយ​៤២, ៣២ និង​១៦​គីឡូម៉ែត្រ​បាននាំគ្នា​ឡើង​រថយន្តក្រុង​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ចេញដំណើរ​រៀងៗ​ខ្លួន​។ ខណៈ​អត្ត​ព​លិ​កលើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ធ្វើដំណើរ​ប្រមាណ​២០​គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ភ្នំ​បូក ដែល​ជាទី​ចាប់ផ្តើម​នៃ​វិញ្ញាសា​នេះ​។​
 
​ក្រោយ​ចំណាយពេល​រត់​ជាង​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ កីឡាករ វ៉ាន់ ភា​រ៉ា បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ផ្នែក​បុរស ក្រោយ​ប្រើពេល​២​ម៉ោង​១៥​នាទី​និង​១១​វិនាទី ខណៈ​លេខ​២ និង​លេខ​៣​បាន​ទៅ Bacry Charley និង Haddad Sofiane មកពី​បារាំង​ក្រោយ​ចំណាយពេល​២​ម៉ោង​២៦​នាទី​៣៧​វិនាទី និង​២​ម៉ោង​៣២​នាទី​៣៧​វិនាទី​ជា​បន្តបន្ទាប់​។ 
 
​ចំណែក​កីឡាការិនី​ខ្មែរ​-​បារាំង Phai Laurie បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ផ្នែក​នារី ក្រោយ​ប្រើពេល​២​ម៉ោង​៤៤​នាទី​៣៨​វិនាទី ខណៈ​កីឡាការិនី​បារាំង Gaillard Severine ក៏​ទទួលបាន​លេខ​១​ផងដែរ ក្រោយ​ចាយ​ពេល​២​ម៉ោង​៤៤​នាទី​និង​៣៨​វិនាទី​ដូចគ្នា​។ រីឯ​កីឡាការិនី​អ៊ូ​ហ្គ​ង់​ដា Nikitas Olena បាន​លេខ​២​ក្រោយ​ប្រើពេល​២​ម៉ោង​៥០​នាទី​១៨​វិនាទី និង​លេខ​បាន​ទៅ​កីឡាការិនី​មកពី​បារាំង Davison Stephanie ក្រោយ​ប្រើពេល​២​ម៉ោង​៥៥​នាទី​និង​១១​វិនាទី​។ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​នេះដែរ មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ចំនួន​១៩០​នាក់​ចូល​។  
 
​កីឡាករ​បារាំង Gasnier Thomas គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ក្រោយ​ប្រើពេល​៣​ម៉ោង​៤៩​នាទី ដែលជា​ពី​ដោយ​កីឡាករ​បារាំង Barost Sylvain និង De Robillard Axel ក្រោយ​ប្រើពេល​៣​ម៉ោង​៥០​នាទី​២៦​វិនាទី និង​៤​ម៉ោង​៥​នាទី​៩​វិនាទី​ជា​បន្តបន្ទាប់​។ រីឯ​ផ្នែក​នារី​ជើងឯក​បាន​ទៅ​កីឡាការិនី​ចក្រភព​អង់គ្លេស Washington Harri ក្រោយ​ប្រើពេល​៤​ម៉ោង​១៥​នាទី​៤៦​វិនាទី ខណៈ​លេខ​២​និង​លេខ​៣​បាន​ទៅ​កីឡាការិនី​បារាំង Brohan Isabelle និង Favier Fanny ក្រោយ​ប្រើពេល​៤​ម៉ោង​៤២​នាទី​១៩​វិនាទី និង​៥​ម៉ោង​៥៦​វិនាទី​។ 


 
​វិញ្ញាសា​រត់​ចម្ងាយ​១៦​គីឡូម៉ែត្រ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ Suarez Mathieu មកពី​បារាំង​ក្រោយ​ប្រើពេល​១​ម៉ោង​១៤​នាទី​៥៥​វិនាទី ឯ​លេខ​២​និង​លេខ​៣​បាន​ទៅ​កីឡាករ​បារាំង Poirel Mathieu និង  Pankanin Richard ក្រោយ​ប្រើពេល​១​ម៉ោង​១៦​នាទី​១៤​វិនាទី និង​១​ម៉ោង​២១​នាទី​២៥​វិនាទី​។​
 
​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ដែល​បានចេញ​ដំណើរ​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ អត្ត​ព​លិ​កបាន​មកទល់​ហើយ​នៅ​ថ្ងៃទី​២០ ខែមករា​នេះ ក្រោយ​ចំណាយពេល​១​យប់​២​ថ្ងៃ​ក្នុង​ការរត់​។ ជា​លទ្ធផល​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​បាន​ទៅ​កីឡាករ​មកពី​អេ​ស្ប៉ា​ញ Puig Amiel Marc ក្រោយ​ប្រើពេល​១៣​ម៉ោង​៣៦​នាទី​៣១​វិនាទី​។ ឯ​លេខ​២​និង​លេខ​៣​បាន​ទៅ​កីឡាករ​មកពី​ចក្រភព​អង់គ្លេស Kelsall Timothy និង Bowdery Grant ក្រោយ​ប្រើពេល​១៦​ម៉ោង​៤​នាទី​២៧​វិនាទី និង​១៨​ម៉ោង​៨​នាទី​៣០​វិនាទី​។ 
 
​ចំណែក​កីឡាការិនី​បារាំង Messina Veronique ក្រោយ​ប្រើពេល​១៨​ម៉ោង​៣៨​នាទី​២៧​វិនាទី រីឯ​កីឡាការិនី​ឆាយ​នី​ស​តៃប៉ិ Ye Yan ទទួលបាន​លេខ​២​ក្រោយ​ប្រើពេល​១៩​ម៉ោង​៥៣​នាទី​៣៥​វិនាទី និង​លេខ​៣​បាន​ទៅ Laurent Marjorie ក្រោយ​ចាយ​ពេល​២៣​ម៉ោង​៣​នាទី​២៦​វិនាទី​។​
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ឆ្នាំនេះ​បានបញ្ចប់​ដោយ​ជោគជ័យ ជាមួយ​កំណើន​អ្នកចូលរួម​រហូត​ជាង​១​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​ប្រមាណ​៧០០​នាក់​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៤២​ប្រទេស ដោយ​ចិន​ឈរ​លំដាប់​ទី​១ និង​កម្ពុជា​ឈរ​លំដាប់​ទី​២៕    






















 

Tag:
 Angkor Ultra Trail
  ថោង ខុន​
  វ៉ាន់ ភា​រ៉ា​
  Phai Laurie
© រក្សាសិទ្ធិដោយ thmeythmey.com