ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃីម សុខហេង៖យុវជនគួរតែប្រឹងធ្វើការឲ្យល្អ ប្រសើរជាងមានចំណង់ភ្លើងចំបើង ដែលនាំឲ្យបរាជ័យ
× ភ្នំពេញ៖ លោក ឃឹម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ LSI បានលើកឡើងថា យុវជនដែលមានផែនការចង់បង្កើតមុខរបរផ្ទាល់ខ្លួនគឺជារឿងល្អ ប៉ុន្តែយុវជនគួរតែសួរខ្លួនឯងជាមុនសិន ថាតើខ្លួនមានគំនិតអាជីវកម្មច្បាស់ឬនៅ? ហើយមានការយល់ដឹងពីកត្តាដែលនាំឲ្យបរាជ័យ និងជោគជ័យច្បាស់ដែរទេ? សម្រាប់លោក ឃីម សុខហេង បើសិនជាយុវជនមិនទាន់យល់ចំណុចទាំងនេះច្បាស់ទេ នោះពួកគេត្រូវខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អសិន (The best) ប្រសិនជាងមានចំណង់ភ្លើងចំបើង ដែលនាំឲ្យបរាជ័យ និងបាក់ទឹកចិត្តនាពេលអនាគត។
ដើម្បីជាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក ភួង វ៉ាន់ថា អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ LSI ដូចតទៅ៖
«នៅពេលដែលខ្ញុំឮយុវជនយើងចេះតែពុះកញ្ជោល ចង់ទៅចាប់ផ្ដើមអាជីវកម្ម ខ្ញុំសួរថាតើគំនិតអាជីវកម្មអ្វីដែលយើងចង់ធ្វើ ហើយយើងចង់ទៅចាប់ផ្ដើអាជីវកម្ម យើងដឹងថាធ្វើយ៉ាងដូចម្ដេចឬអត់ ហើយយើងមានបានកំណត់ទេ កត្តាដែលទាញឲ្យយើងបរាជ័យ ដួល រហូតដល់ក្ស័យធនទៅវិញនោះ។ ស្អីគេ ជាការកំណត់ឲ្យច្បាស់ កត្តាអ្វីដែលធ្វើឲ្យយើងជោគជ័យ ដោយអតិថិជនសុខចិត្តមករកយើង អត់ទៅរកគូប្រគួតប្រជែងយើង តើយុវជនដែលចង់បើកអាជីវកម្មមានចំណុចហ្នឹងឬនៅ?»។ នេះជាយោបល់របស់លោក ឃីម សុខហេង ដែលប្រាប់ឲ្យយុវជន ត្រូវសួរខ្លួនគ្រប់កាលៈទេសៈ មុនពេលចង់ធ្វើអ្វីមួយ។
សម្រាប់លោក ឃីម សុខហេង ការសួរខ្លួនឯងនេះ ដើម្បីឲ្យយុវជនការពារខ្លួន កុំឲ្យខាតពេលវេលា ថវិកា និងការបាក់ទឹកចិត្ត។ ហើយដើម្បីឈានទៅរកការជោគជ័យនោះ យុវជនគួរតែខំប្រឹងរៀនសូត្រ ពង្រឹងជំនាញរបស់ខ្លួនឲ្យបានច្រើនជាមុនសិនទើបជាការល្អ ប្រសើរជាងមានគំនិតធ្វើអាជីវកម្មបែបភ្លើងចំបើង។ «យុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ត្រូវមានចំណេះវិជ្ជានៅក្នុងខ្លួន ជាកត្តាគាំទ្រដែលធ្វើឲ្យយុវជនរបស់យើងខ្លាំងហើយ ។ កត្តាឥរិយាបទ បើកចំហរ ត្រូវតែសកម្ម មានស្មារតីប្រឹងប្រែង ពន្លឿនការអភិវឌ្ឍន៍ខ្លួនឯង ចរិកជាអ្នកតស៊ូ ។ហើយចំនុចសំខាន់មួយទៀតដែលខ្ញុំមើលឃើញ យុវជនត្រូវបើកចិត្តចាប់យកជំនាញភាសា ចាប់យកជំនាញ់ កុំព្យូទ័រ ហើយនៅក្នុងយុគសម័យអ៊ីនធឺណិត វាជាកត្តាសំខាន់ណាស់ដែលខ្ញុំមើលឃើញ យុវជនរបស់យើងពោពេញទៅដោយសក្កតានុពល ដើម្បីជោគជ័យ ហើយយុវជនរបស់យើងកំពុងតែមានឱកាស»។ នេះជាការលើកឡើងរបស់ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ LSI៕
© រក្សាសិទ្ធិដោយ thmeythmey.com