ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​ត្រូវការ​ពេល​យ៉ាងហោច​៥​ឆ្នាំ ដើម្បី​ប្រមូល​សំណាក​កេសរ​កូ​ល​មក​រក្សាទុក​
20, Jan 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន បានរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល មួយកន្លែង​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប គឺ​ស្ថិតនៅ​ជើងភ្នំ​គូលែន​។ មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ដាក់ឈ្មោះថា «​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​»​។ អ្នកបច្ចេកទេស និង​ស្រាវជ្រាវ​កេសរ​កូ​ល​បានឱ្យដឹងថា គេ​ត្រូវការ​ពេលវេលា ពី​៣ ទៅ​៥​ឆ្នាំ ដើម្បី​ប្រមូល​សំណាក​ពូជ​កេសរ​កូ​ល​ព្រៃ​នានា ដែលមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា មក​រក្សាទុក​។ ការសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កេសរ​កូ​ល​នេះ ក្នុង​បំណង​ដើម្បី​ការ​ការស្រាវជ្រាវ អភិរក្ស​ពូជ​កេសរ​កូ​ល​ទុកជា​ឯកសារ​ទៅ​ថ្ងៃក្រោយ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បានសម្រេច​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​មួយកន្លែង​នៅ​ភ្នំ​គូលែន​។ មជ្ឈមណ្ឌល​នេះ​ដើរតួ​សម្រាប់​ការស្រាវជ្រាវ និង​អភិរក្ស ប្រភេទ​កេសរ​កូ​ល​ដែលមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ទាំងមូល​។​
 
​អ្នកបច្ចេកទេស និង​ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​កេសរ​កូ​ល លោក សុខ វិជ្ជា បានឱ្យដឹងថា​គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ក្នុងន័យ​ស្រាវជ្រាវ ក៏ដូចជា​ការអភិរក្ស​ពូជ​កេសរ​កូ​ល​នៅ​ប្រទេស​កម្ពុជា​។ តាម​លោក សុខ វិជ្ជា កន្លងមក​កម្ពុជា​មិនទាន់មាន​ការសិក្សា​ស៊ីជម្រៅ​ទេ​ទាក់ទង​នឹង​កេសរ​កូ​ល​នេះ គឺ​រៀង​យឺត​ជា​ប្រទេសជិតខាង ដែល​គេ​មាន​អស់ហើយ​។​


 
​មកដល់​ខែមករា ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​៦​ខែ​ហើយ​ដែល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ចាប់ផ្តើម​ដំណើរការ​។ មកទល់​បច្ចុប្បន្ន​មាន កេសរ​កូ​ល​ចំនួន​៨០​ប្រភេទ​ហើយ ដែល​ត្រូវបាន​រកឃើញ មកពី​តំបន់​ចំនួន​៣ មាន​តំបន់ភ្នំ​គូលែន​ខេត្តសៀមរាប ភ្នំ​បូកគោ​ខេត្តកំពត និង​តំបន់​ភ្នំក្រវាញ នា​ខេត្តពោធិ៍សាត់​។ ឯ​ការស្រាវជ្រាវ​មាន​ភាពលំបាក​ខ្លះៗ​ដែរ ដ្បិត​ត្រូវ​ចូល​ព្រៃ​ជ្រៅ និង​គេង​ក្នុងព្រៃ​ជាដើម​។ លោក សុខ វិជ្ជា ពន្យល់ថា ផល​លំបាក​ទាំងនេះ ទើប​ការសិក្សា​ស្រាវជ្រាវ​កេសរ​កូ​ល​នៅ​កម្ពុជា អាច​ប្រើពេល​យ៉ាងហោចណាស់​ចាប់ពី​៣ ទៅ​៥​ឆ្នាំ​។​
 
​ដោយ​មើលឃើញ​ពី​សារប្រយោជន៍​នៃ​ការអភិរក្ស​កេសរ​កូ​ល  ទើប​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល ត្រូវបាន​បង្កើតឡើង​។ លោក សុខ វិជ្ជា ពន្យល់ថា កេសរ​កូ​ល​មាន​សារសំខាន់​ទាំង​លើ​ផ្នែក​ឧស្សាហកម្ម ការស្រាវជ្រាវ និង​ផ្នែក​ព័ត៌មាន​អំពី​ជីវៈចម្រុះ ហើយ​វា​នឹង​ក្លាយជា​ទុន​ដ៏​សំខាន់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​ទៅ​ថ្ងៃ​អនាគត​។​


 
​កេសរ​កូ​ល ឬ​ហៅ​តាម​ភាសា​បារាំង​ថា អ័​រ​គី​ដេ​។ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ខ្មែរ វា​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ច្រើន​រយ​ឆ្នាំ​មកហើយ តាមរយៈ​ភស្ដុតាង ដែល​ត្រូវបាន​រកឃើញ​នៅតាម​ជញ្ជាំង​ប្រាសាទបន្ទាយស្រី និង​ប្រាសាទអង្គរវត្ត​។ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ទៅលើ​ធនធានធម្មជាតិ កំពុង​កត់ត្រា​កេសរ​កូ​ល​ព្រៃ ដែលមាន​វត្តមាន​នៅក្នុង​ដែន​ធម្មជាតិ​កម្ពុជា បាន​ចំនួន​ប្រមាណ ៣០០​ប្រភេទ​។ យ៉ាងណា​ចំនួន​នេះ នៅ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង​ដែល​សិក្សា​មុន​កម្ពុជា ក្នុងនោះ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១៥០០​ប្រភេទ វៀតណាម​មាន​ជាង ៧០០​ប្រភេទ និង​ឡាវ​មាន​ជាង ៥០០​ប្រភេទ​។ នេះ​បើ​យោងតាម​ឯកសារ​របស់​ក្រសួងបរិស្ថាន​។​
 
​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល ដែល​សង់​នៅលើ​ផ្ទៃដី ៣៥​គុណ​២៥​ម៉ែត្រ ផ្ទៃដី​ទំហំ​សួន និង​១៨០០​ហិកតា​នៃ​ផ្ទៃដី​គម្រោង​ទាំងមូល​។ លោក សុខ វិជ្ជា ពន្យល់ថា ក្នុង​គម្រោង​នឹងមាន​ការរៀបចំ​ធនាគារ​គ្រាប់ពូជ​ដែល​ប្រមូលផ្តុំ​នូវ​គ្រាប់​ពូជឈើ​កម្រៗ​នៅ​កម្ពុជា និង​មួយទៀត​ជា​ធនាគារ​ហ្ស៊ែ​ន ដែល​គម្រោង​នេះ​មិនទាន់​មាននៅ​កម្ពុជា​នោះទេ​ពីមុនមក​។ ទៅ​ថ្ងៃ​ខាងមុខ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​បើក​ឱ្យ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ចូល​ទស្សនា​ដើម្បី​ស្វែងយល់​ផងដែរ​។​
 
​ដោយសារ​មជ្ឈមណ្ឌល​អ​ភិ​រក្ស និង​ស្រាវជ្រាវ​កេសរ​កូ​ល នឹង​ប្រើ​សម្រាប់​តាំង​បង្ហាញ និង​រៀបចំ​ជា​សំណាក​សើម ដូច្នេះ​ក្រុម​អ្នកជំនាញ​គ្រោង​នឹង​បង្កើត​សួន​បណ្ដុះ​ដាច់ដោយឡែក​មួយទៀត ដើម្បី​រៀបចំ​ជា​សំណាក​ស្ងួត​។ សំណាក​ស្ងួត​របស់​ពពួក​កេសរ​កូ​ល អាច​រក្សាទុក​បានយូរ ងាយស្រួល​ដល់​ការស្រាវជ្រាវ និង​ដឹង​ពី​បម្រែបម្រួល​រូបរាង​របស់​កេសរ​កូ​ល​ទៅ​ថ្ងៃ​ខាងមុខ​៕






 

Tag:
 កេសរ​កូ​ល​
 ​សៀមរាប​
  ភ្នំ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com