ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធមួយចំនួន ចំពោះក្រុមហ៊ុនចូលផ្សារមូលបត្រ
× ភ្នំពេញ៖ ក្រុមហ៊ុនឡើងផ្សារមូលបត្រ នឹងត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដោយបន្ថយពន្ធលើប្រាក់ចំណូល ៥០ភាគរយ និងការអនុគ្រោះបំណុលពន្ធ។ នេះបើតាមអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី៤ខែមករាឆ្នាំ២០១៩ ។
«ក្រុមហ៊ុនបោះផ្សាយមូលបត្រលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពី គណៈកម្មការមូលបត្រកម្ពុជា (SECC) និងបានចុះបញ្ជីជួញដូរមូលបត្រនៅទីផ្សារមូលបត្រប្រតិស្រុក ក្នុងរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃដែលអនុក្រឹត្យនេះចូលជាធរមាន ត្រូវបំពេញបែបបទជូនអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានការលើកទឹកចិត្តដោយបន្ថយពន្ធលើប្រាក់ចំណូលចំនួន ៥០ភាគរយ»។ នេះបើតាមអនុក្រឹត្យខាងលើ ដែលបញ្ជាក់ថា ការលើកទឹកចិត្តពន្ធដារមានរយៈពេល៣ឆ្នាំ។
អនុក្រឹត្យបានចែងបន្ថែមថា ក្រុមហ៊ុនបោះផ្សាយមូលបត្រលើកដំបូង ត្រូវទទួលបានការអនុគ្រោះបំណុលពន្ធ ដែលរួមបញ្ជូលពន្ធលើប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ។
ប៉ុន្តែមិនត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលទេ ចំពោះក្រុមហ៊ុនដែលជាសហគ្រាសវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលកំពុងស្ថិតក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុងច្បាប់វិនិយោគ។
ដោយឡែកអ្នកវិនិយោគសាធារណៈ ត្រូវទទួលបានការបន្ថយពន្ធកាត់ទុក ៥០ភាគរយ លើការប្រាក់ ឬភាគលាភ ដែលបានពីការទិញលក់មូលបត្រសម្រាប់រយៈពេល៣ឆ្នាំ។
សព្វថ្ងៃមានក្រុមហ៊ុនចំនួន៦ ដែលបានបោះផ្សាយលក់មូលបត្រនៅកម្ពុជា។ បន្ទាប់ពីរដ្ឋាភិបាលបន្តលើកទឹកចិត្តផ្នែកពន្ធនេះ គេរំពឹងថា នឹងមានក្រុមហ៊ុនមួយចំនួនទៀត សម្រេចចិត្តឈានជើងចូលក្នុងផ្សារមូលបត្រ ដើម្បីកៀងគរទុនវិនិយោគបន្ថែម៕
© រក្សាសិទ្ធិដោយ thmeythmey.com