ជាតិ
Amazon បានដកផលិតផលដែលមានរូបទង់ជាតិនិងប្រាសាទខ្មែរ ចេញពីហ្វេសប៊ុកហើយ
× ភ្នំពេញ៖ ក្រុមហ៊ុន Amazon បានដកផលិតផលសម្ភារបន្ទប់ទឹក ដែលមានរូបទង់ជាតិនិងប្រាសាទខ្មែរ ចេញពីហ្វេសប៊ុកហើយ ក្រោយពីមានការតវ៉ាជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធរ និងឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Amazon ដែលបានបង្ហោះរូបសម្ភារបន្ទប់ទឹក និងតែងលម្អផ្សេងៗ ដោយមានរចនាម៉ូតនូវរូបប្រាសាទ និងទង់ជាតិខ្មែរនោះ បានបាត់ចេញពីទំព័រផ្សព្វផ្សាយលក់របស់ក្រុមហ៊ុន។ វាទំនងជាក្រុមហ៊ុន បានដកចេញវិញ បន្ទាប់ពីមានប្រតិកម្មពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែមិនទាន់ឃើញការឆ្លើយតបផ្លូវការណាមួយ ពីខាងក្រុមហ៊ុន Amazon មករដ្ឋាភិបាលកម្ពុជាវិញនៅឡើយទេ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យអាជ្ញាធរអប្សរា ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីនេះបានឡើយ។
កាលពីពេលថ្មីៗនេះ ខាងអាជ្ញាធរអប្សរា និងឯកអគ្គរាជទូតខ្មែរប្រចាំអាមេរិក ក៏បានថ្កោលទោសក្រុមហ៊ុន Amazon លើករណីចរាចរសម្ភារតុបតែង និងប្រើប្រាស់ក្នុងបន្ទប់ទឹក ដោយយករូបប្រាសាទបុរាណខ្មែរ ទៅរចនាម៉ូតលើផលិតផលខ្លួននេះ។ រដ្ឋាភិបាលកម្ពុជា ចាត់ទង្វើររបស់ក្រុមហ៊ុន Amazon បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃប្រទេសកម្ពុជា។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏ស្នើឲ្យក្រុមហ៊ុន Amazon បញ្ឈប់សកម្មភាពលក់ និងដករូបផលិតផលចេញពីគេហទំព័រក្រុមហ៊ុនជាបន្ទាន់៕
Tag:
ប្រាសាទខ្មែរ
Amazon
© រក្សាសិទ្ធិដោយ thmeythmey.com