ជាតិ
សង្គមជាតិ
អតីត​ចៅសង្កាត់រង​បក្សប្រឆាំង​និង​មន្ត្រី​សហជីព ត្រូវ​ចាប់ខ្លួន រឿង​តវ៉ា​ដីធ្លី​នៅ​ក្បាលឆាយ​
21, Jan 2019 , 3:57 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក CLC Cambodia
រូបពីទំព័រហ្វេសប៊ុក CLC Cambodia
ដោយ: ថ្មីៗ
​លោក ឆាយ រ័ត្ន តំណាង​សហគមន៍​ដីធ្លី ហើយក៏​ជា​អតីត​ចៅសង្កាត់រង​គណបក្សប្រឆាំង និង​លោក ទេព សុ​ផា បុគ្គលិក​នៃ​សហភាព​ការងារ​កម្ពុជា (CLC Cambodia) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ម្តុំ​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ​។


 
​មន្ត្រី​អ្នកផ្តល់​ព័ត៌មាន​បន្ទាន់ (Hotline) នៃ​ស្នងការ​នគរបាល​យុត្តិធម៌​ខេត្ត​ព្រះ​សី​ហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការឃាត់ខ្លួន​អ្នក​ទាំងពីរ​នេះ គឺ​ដោយសារតែ​ពួកគេ នាំ​ប្រជាពលរដ្ឋ​ទៅ​ជំទាស់​នឹង​អាជ្ញាធរ ដែល​ជីក​ប្រឡាយ​ការពារ​ទឹកស្អាត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​។ 
 
​មន្ត្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អាជ្ញាធរ ឈូសឆាយ​ប្រឡាយ នៅ​ទីនោះ ហើយ​ទីនោះ ជា​ដី​រដ្ឋ ជា​តំបន់​ការពារ មិនមែនជា​កម្មសិទ្ធិរ​បស់​អ្នកណា​ទេ តែ​ពួកគាត់ ចេះតែ​ប្រមែ​ល​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​រារាំង​។ អ៊ីចឹង មិន​ពាក់ព័ន្ធ​នឹង​ពួកគាត់ ជា​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​អី​ទេ គឺពាក់ព័ន្ធ​នឹង​ពួកគាត់ ទៅ​រារាំង​អាជ្ញាធរ​»​។ 
 
​យ៉ាងណាក៏ដោយ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហភាព​ការងារ​កម្ពុជា បានសរសេរថា​៖«​អ្នក​ទាំងពីរ ត្រូវបាន​ក្រុម​អាជ្ញាធរខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន និង​មាន​ការបាញ់​គំរាម​ប្រជាពលរដ្ឋ ខណៈដែល​ក្រុម​អាជ្ញាធរ ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ស្ថិតក្នុង​ក្រុមទី​១៨ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​»៕  

Tag:
 ​ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com