ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៤ វិនិយោគជាង២១លានដុល្លារលើរោងចក្រផលិតកាបូបនៅកណ្តាល និងតាកែវ
× ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC អនុម័តឲ្យបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកណ្តាល និងខេត្តតាកែវ ដោយបានចេញ«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» កាលពីថ្មីៗនេះ។ ក្រុមហ៊ុនទាំងបួននេះ មានទុនវិនិយោគជាង២១លានដុល្លារ ដែលមានលទ្ធភាពបង្កើតឱកាសសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ បានជាង៦ពាន់កន្លែង។
បើតាមCDC ក្រុមហ៊ុនផលិតកាបូបទាំង៤នោះមាន៖ ក្រុមហ៊ុន GLOWING VALUE (CAMBODIA) BAG & LUGGAGE និងក្រុមហ៊ុន HILLTOP LUGGAGE (CAMBODIA) មានទីតាំងនៅខេត្តកណ្តាល។ ក្រុមហ៊ុន GLOWING VALUE មានទុនវិនិយោគប្រមាណ ៤,១៨លានដុល្លារ អាចបង្កើតការងារបានជាង២ពាន់កន្លែង នៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ និងក្រុមហ៊ុន HILLTOP LUGGAGE វិនិយោគ៦,៤១លានដុល្លារ នៅភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ដែលអាចបង្កើតការងារបានជិត២ពាន់កន្លែង។
ដោយឡែកក្រុមហ៊ុន GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) និងក្រុមហ៊ុន PEEVI INDUSTRY (CAMBODIA) គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយអាចបង្កើតឱកាសការងារ បានជាង២ពាន់កន្លែង។ ក្នុងនោះ GUOHUI LUGGAGE TRAVELING PRODUCTS បានវិនិយោគ៥,២៤លានដុល្លារ និងក្រុមហ៊ុន PEEVI INDUSTRY មានទុនវិនិយោគប្រមាណ ៥,២៤លានដុល្លារ។
សូមរម្លឹកថា កាលពីថ្ងៃទី៤មករា ឆ្នាំ២០១៩ CDC បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនអន្តរជាតិចំនួន៣ដែលគ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ជាមួយទុនវិនិយោគសរុប១៣,៧៦លានដុល្លារ នៅខេត្តកណ្តាល និងកំពង់ស្ពឺ៕
Tag:
វិនិយោគ
កាបូប
កណ្តាល
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com