ជាតិ
ទឹកទន្លេមេគង្គហក់ឡើងខុសរដូវ ដោយសារភ្លៀងធា្លក់ខ្លាំងនៅឡាវ ទឹកទន្លមេគង្គហក់ឡើងខុសរដូវ ដោយសារហូរធា្លក់ពីប្រទេសឡាវ បានធ្វើជន់លិច ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩
× ភ្នំពេញ៖ កម្ពស់ទឹកទន្លេមេគង្គ បានកើនឡើងបន្តិចម្តងៗរហូតដល់០.៦ម៉ែត្រ ក្នុងថ្ងៃទី២១ មករា នេះ ដែលធ្វើឲ្យខេត្តមួយចំនួនដែលជាប់ទន្លេមេគង្គ ពិសេសខេត្តកំពង់ចាម បានលិចស្ពានឬស្សី ត្រង់ចំណុចកណ្តាលនៃស្ពាន ដែលឆ្លងទៅឆ្នេរខ្សាច់កោះប៉ែន។ លោក ម៉ៅ ហាក់ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា កម្ពស់ទឹកនេះកើនឡើងដោយសារ មានភ្លៀងធ្លាក់ខ្លាំងនៅក្រុងលួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី៧-១៣ មករា ឆ្នាំ២០១៩ បានហូរធា្លក់មក កម្ពុជា។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោក ម៉ៅ ហាក់ ពន្យល់ថា៖ «ធម្មតាទេ នៅពេលមានប្រទេសជិតខាងជួបប្រទះបាតុភូតធម្មជាតិ ដូចជា ព្យុះ និងភ្លៀង កម្ពុជាតែងតែរងឥទ្ធិពលទាំងហើយ។ ជាក់ស្តែង ភ្លៀងដែលកើតឡើងនៅលួងប្រាបាង កាលពី១០ថ្ងៃមុន បានធ្វើឲ្យកម្ពស់ទន្លេមេគង្គប្រទេសឡាវ ហក់ឡើងដល់២ម៉ែត្រ ហើយទឹកទាំងនោះ បានហូរតាមបណ្តាយខ្សែទឹក មកកម្ពុជាបន្តិចៗម្តង មកដល់ថ្ងៃនេះ ទើបធ្វើឲ្យកម្ពស់ទឹកឡើងខុសពីរដូវបែបនេះ។ ពិសេសធ្វើឲ្យលិចស្ពានឬស្សីកោះប៉ែន នៅខេត្តកំពង់ចាម»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានអះអាងថា កម្ពស់ទឹកនឹងចាប់ផ្តើមស្រកវិញជាតាមធម្មតា នៅរសៀលថ្ងៃទី២២ ឬ២៣ មករា ឆ្នាំ២០១៩ ហើយទឹកទាំងនេះ មិនបានផ្តល់ផលអវិជ្ជាមានឡើយដល់កម្ពុជា៕
Tag:
ទន្លេមេគង្គ
ស្ពានឬស្សី
កោះប៉ែន
ភ្លៀង
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com