ជាតិ
នាយករដ្ឋមន្ត្រី ជំរុញ​ក្រុមហ៊ុន​ចិន ឆាប់​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ព្រះសីហនុ និង​ទៅ​ព្រំដែន​វៀតណាម​
21, Jan 2019 , 6:59 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងតំណាងក្រុមហ៊ុនចិន
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងតំណាងក្រុមហ៊ុនចិន
​ក្នុងអំឡុង​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​តំណាង​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​នៅ​កម្ពុជា (china Road Bridge Comrporation CRBC) នៅ​ថ្ងៃទី​២១​មករា ឆ្នាំ​២០១៩​។

 

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានសរសេរថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ រាយការណ៍​ប្រាប់​សម្តេច ពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ ដែល​កន្លងមក​ក្រុមហ៊ុន​នេះ បានរួម​ចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ បាន​ប្រាប់​សម្តេច​ទៀតថា ក្រុមហ៊ុន នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ 
 
​លើសពីនេះ ក្រុមហ៊ុន​នេះ ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា​-​វៀតណាម  បាវិត ការស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​ផងដែរ​។ 
 
​ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខាងលើ បើក​ការដ្ឋាន​សាងសង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ ជំវិញ​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវ​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត សម្ដេច បាន​ឲ្យ​ក្រុមហ៊ុន​សិក្សា​និង​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ធ្លាប់មាន​ក្រុមហ៊ុន​សិក្សា​ពីមុនមក​ច្រើន​មកហើយ​។ 
 
​សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាស​កន្លងមក​ថា ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ព្រះសីហនុ នឹងត្រូវ​បើក​ការដ្ឋាន នៅក្នុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ​២០១៩​នេះ​៕    
 

Tag:
 ​ហ៊ុន សែន​
  កម្ពុជា​-​ចិន​
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com