ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
បច្ចេកទេសដាំដំណាំខ្ទឹមស្លឹក ដើម្បីទទួលបានទិន្នផលល្អ និងចំណូលខ្ពស់!
25, Jan 2019 , 12:23 pm        
រូបភាព
ភ្នំពេញ៖ ស្លឹកខ្ទឹម ឬខ្ទឹមស្លឹក ជាបន្លែមួយប្រភេទ ដែលមានតម្រូវការច្រើនសម្រាប់យកទៅធ្វើម្ហូបអាហារ។ សម្រាប់ការដាំដំណាំខ្ទឹមស្លឹកនេះវិញ ត្រូវការបច្ចេកទេសច្បាស់លាស់ ទើបអាចប្រមូលទិន្នផលបានច្រើន និងប្រាក់ចំណូលខ្ពស់។ ខាងក្រោមនេះ ជាបច្ចេកទេសដាំដំណាំខ្ទឹមស្លឹករបស់កសិករ ខៀវ ធឹម។ កសិករដាំខ្ទឹមស្លឹក ខៀវ ធឹម អាចរកចំណូលជិត៣លានរៀលក្នុង១ខែ ពីដំណាំខ្ទឹមស្លឹកដែលដាំដុះលើផ្ទៃដី ១០អា។



លោក ខៀវ ធឹម ជាកសិករស់នៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានប្រាប់ពីបច្ចេកទេសក្នុងការដាំដំណាំខ្ទឹមស្លឹកយ៉ាងដូច្នេះ៖ «ទី១ ត្រូវជ្រើសរើសពូជ, ទី២ រៀបចំដី និងធ្វើរងដាំ, ទី៣ រៀបចំដាំ, ទី៤ ថែទាំ និងទី៥ ប្រមូលផល»។ 
 
លោក ខៀវ ធឹម បានទិញពូជពីកសិករផ្សេងនៅស្រុកជាមួយគ្នា ជាពូជកសិករនិយមដាំ ដែលមានតម្រូវការទីផ្សារ សមស្របក្នុងតំបន់ ធន់នឹងអាកាសធាតុ និងឆាប់បានផល។

២. ការរៀបចំដីនិងការធ្វើរងដាំ
លោក ធឹម បានភ្ជួររាស់ហាលដីចំនួន ២ដង ដោយភ្ជួររាស់ហាលដីលើកទី២   បន្ទាប់ពីភ្ជួររាស់លើកទី១ បានរយៈពេល ១សប្ដាហ៍។ បន្ទាប់មក លោក ធឹម ត្រូវលើករងដែលមានទំហំរង ១ម៉ែត្រ​ x ២៧ម៉ែត្រ កំពស់ ០,៣ម៉ែត្រ។
 
៣. ការរៀបចំដាំ
ដំបូងលោក ធឹម ដាក់ជីទ្រាប់បាត គឺប្រើជីកំប៉ុស្តគោក ១,៥ គីឡូក្រាម ក្នុង១ម៉ែត្រការ៉េ ហើយជ្រុំជីជាមួយដីរងឲ្យបានសព្វល្អបន្ទាប់មកស្រោចទឹកឲ្យសើម និងដាក់ខ្ទឹមដាំ។ ដាំគម្លាតពីគុម្ព ១ ទៅគុម្ព ១ ចម្ងាយ១,៥តឹក និងពីជួរ១ ទៅជួរ ១ ចម្ងាយ ២តឹក។ ក្នុង ១ម៉ែត្រការ៉េ អាចដាំបានជាមធ្យម ៣០គុម្ព។ លោក ធឹម បានដាំរាក់ៗ និងដាំនៅពេលល្ងាចមេឃត្រជាក់ ហើយក្នុង ១០ម៉ែត្រការ៉េប្រើពូជអស់ ៤គីឡូក្រាម។
 
៤. ការថែទាំ
បន្ទាប់ពីដាំខ្ទឹមបាន ១០ទៅ១៥ថ្ងៃ ត្រូវធ្វើស្មៅបំផុសដី ថែមជីកំប៉ុស្តគោក ១,៥គីឡូក្រាមក្នុង១ម៉ែត្រការ៉េ។ ថែមជីកំប៉ុស្តរួចបាន ៣ថ្ងៃ ត្រូវប្រើជីទឹកក្នុងបរិមាណ ១លីត្រ លាយជាមួយទឹកធម្មតា ១៨លីត្រ ហើយការប្រើជីទឹកលើកទី ២ បន្ទាប់ពីប្រើលើកទី១ បាន ១០ទៅ១៥ថ្ងៃ។ ដោយក្នុង១វដ្ដជីវិតខ្ទឹម លោក ធឹម ប្រើជីទឹកចំនួន ២ដង។ ចំណែកឯ ការស្រោចទឹកធម្មតា គឺលោក ធឹម ស្រោចទឹកនៅពេលព្រឹក ពីម៉ោង៧:០០ដល់ ម៉ោង ៩:០០ ព្រឹក។
 
៥. ការប្រមូលផល
នៅពេលខ្ទឹមអាយុបាន៣៥ ទៅ ៤០ថ្ងៃ លោក ធឹម អាចប្រមូលផលបានហើយ។ ជាមួយគ្នានេះ អាយុខ្ទឹមលើសពីនេះ ក៏អាចប្រមូលបានដែរ លោក ធឹម អាចលក់បាន ៨០០គីឡូក្រាម។ សម្រាប់រយៈពេលប្រមាណជាង ៦ខែ ឆ្នាំ ២០១៨ កសិករខៀវ ធឹម មានខ្ទឹមស្លឹកចំនួន ២០០រង ផ្ដល់ផលសរុប ៣ពាន់គីឡូក្រាម ហើយទទួលបានប្រាក់សរុប ១០លានរៀល។ ឆ្នាំ ២០១៩នេះ លោក ធឹម គ្រោងពង្រីកឲ្យបាន ៣៥០រង ដោយរំពឹងបានទិន្នផល ១ម៉ឺនគីឡូក្រាម (១០តោន) និងទទួលបានប្រាក់ចំណូលជាង ៣០លានរៀល។ 
(ប្រភពឯកសារកសិកម្មនេះ ផ្ដល់សិទ្ធិដោយលោកបណ្ឌិត យ៉ង សាំងកុមារ)។ 
 

Tag:
 កសិកម្ម
  ខ្ទឹមស្លឹក
  សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com