សង្គមអន្តរជាតិ​
អន្តរជាតិ
ភោជនីយដ្ឋាន​សម្រាប់​អតិថិជន «​ស្រាត​» នៅ​បារាំង​ត្រូវ​បិទទ្វារ​ព្រោះ​មិនសូវ​កាក់កប​
27, Jan 2019 , 9:29 pm        
រូបភាព
ដោយ: ធីតា
​ភោជនីយដ្ឋាន​តែមួយគត់​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង សម្រាប់​អតិថិជន «​ស្រាត​» ត្រូវ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ខាងមុខនេះ​។ បើតាម​ការផ្សាយ​របស់ Le Parisien ម្ចាស់​ភោជនីយដ្ឋាន​ត្អូញត្អែ​ថា មិនសូវមាន​អតិថិជន​ឡើយ​។​

 
​បើកទ្វារ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ភោជនីយដ្ឋាន O’naturel ដែល​បម្រើ​អាហារ​សម្រាប់​អតិថិជន​គ្មាន​សម្លៀកបំពាក់ ត្រូវ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។ Mike និង Stephane Saada បងប្អូន​ភ្លោះ ដែលជា​សហ​ស្ថា​និក​ភោជនីយដ្ឋាន បាន​លើក​ហេតុផល​ថា បណ្តាលមកពី​បញ្ហា​សេដ្ឋកិច្ច​។​
 
​ក្រៅពី​អាហារ​សម្បូរបែប O’naturel មាន​សេវាកម្ម​ផ្សេងៗ​ទៀត ជាពិសេស​អាង​ហែល​ទឹក និង​ទីតាំង​ជប់លៀង សម្រាប់​ក្រុមមនុស្ស​ដែល​ស្រឡាញ់​ការធ្វើ​ខ្លួន​បែប​ធម្មជាតិ ពោលគឺ​ការមិន​ស្លៀកពាក់​អ្វី​ទាល់តែសោះ​។ ប៉ុន្តែ​មិនមាន​អតិថិជន​ច្រើន​នោះឡើយ​ដែល​ទៅកាន់​ភោជនីយដ្ឋាន​នេះ​។​
 
«​យើង​មាន​គម្រោង​អាជីវកម្ម​ច្បាស់លាស់ ប៉ុន្តែ​យើង​មិនបាន​សម្រេច​គោលដៅ​នោះឡើយ​»​។ ម្ចាស់​ហាង​ទាំង​ពីរបាន​រៀបរាប់​យ៉ាងខ្លី​ដូច្នេះ ដោយ​រំលឹកថា កាលពីពេល​បើក​ដំបូង ពួកគេ​ទទួលបាន​ភ្ញៀវ​ជាច្រើន ជាពិសេស​ភ្ញៀវ​បរទេស ក្រោយ​ការផ្សាយ​យ៉ាង​ផុសផុល​ពី​បណ្តាសារ​ព័ត៌មាន​នានា​លើ​ពិភពលោក​។​
 
​សម្រាប់​អតិថិជន​ក្នុងស្រុក​វិញ ភោជនីយដ្ឋាន O’naturel រក​មិនឃើញ​ម៉ូយ​ប្រចាំ​របស់ខ្លួន​នោះឡើយ ហើយ​ចំនួន​កាន់តែ​តិច​ទៅៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​បង្ខំចិត្ត​ត្រូវ​បិទទ្វារ និង​ប្តូរ​អាជីវកម្ម​ផ្សេងទៀត​។​
 
​លោក Cedric Amato អនុប្រធាន​សមាគម​អ្នក​ធម្មជាតិ​ប្រចាំ​ក្រុងប៉ារីស (ANP) បាន​លើកឡើងថា សមាគម​លោក​មាន​សមាជិក​ដែល​និយម​ស្រាត​ប្រមាណ​៨៨ ០០០​នាក់ ប៉ុន្តែ​នៅ​វិស្សមកាល ពួកគេ​ចូលចិត្ត​ទៅលេង​ឆ្នេរ ទៅ​ជំរុំ មិនមែន​ទៅ​ចូល​ភោជនីយដ្ឋាន​នោះឡើយ​។ លោក​ជឿថា ម្ចាស់​ភោជនីយដ្ឋាន មិនបាន​សិក្សា​លំអិត​លើ​ទីផ្សារ​នោះឡើយ ៕

© រក្សាសិទ្ធិដោយ thmeythmey.com