ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ ស្រូវអុីអ៊ែរមានតម្លៃទាប នៅខេត្តជាប់ព្រំដែនវៀតណាមប៉ុណ្ណោះ
× ក្រោយពេលប្រមូលផលស្រូវ ពិសេសស្រូវអុីអ៊ែរគ្រប់ប្រភេទ ដែលប្រជាកសិករបានលក់ទៅ ឲ្យឈ្មួញក្នុងនិងក្រៅស្រុក នៅតាមខេត្តនីមួយៗ មានតម្លៃទាបជាងឆ្នាំ២០១៨។ ពិសេសខេត្តជាប់ព្រំដែនវៀតណាម អាចលក់ស្រូវបានចន្លោះពី ៦៨០រៀល ទៅ៧២០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការលើកឡើងរបស់លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី៣០ មករានេះ លោក ស្រី វុឌ្ឍី និយាយថា តម្លៃស្រូវអុីអ៊ែរ ដែលកំពុងធា្លក់ថ្លៃនៅឆ្នាំ២០១៩នេះ បណ្តាមកពីឈ្មូញវៀតណាម មានចំនួនតិចជាងឆ្នាំចាស់ៗ ហើយការផលិតផលរបស់កសិករ មានចំនួននៅដដែល ទើបតម្លៃស្រូវនេះធ្លាក់ថ្លៃ។ លោកបានអះអាង ដូច្នេះថា៖«ស្រូវអ៊ីអ៊ែរ មានតម្លៃថោក តែនៅខេត្តដែលជាប់ព្រំដែនវៀតណាមប៉ុណ្ណោះ។ ដោយឡែកខេត្តផ្សេងៗនៅជាប់ព្រំដែនប្រទសថៃ មិនមានអ្វីពាក់ព័ន្ធ នឹងថ្លៃនោះទេ»។
លោកបានបន្តថា «តាមច្បាប់ទីផ្សារបែបសេដ្ឋកិច្ច កាលណាមានការផ្គត់ផ្គង់ច្រើន ហើយតម្រូវទាប វាអាចធ្វើឲ្យប៉ះពាល់នៃតម្លៃផលិតផលនោះ។ យ៉ាងណាមិញ យើង ក៏មិនទាន់ដឹងច្បាស់ពីមូលហេតុ នៃការទិញស្រូវពីឈ្មួញវៀតណាម ថយចុះដែរ។ ប៉ុន្តែ នៅល្ងាចថ្ងៃទី៣០ មករា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មយើង នឹងជួបជាមួយអ្នកតំណាង និងឈ្មួញដែលទិញស្រូវអ៊ីអ៊ែរពីកម្ពុជា ដោយសួរនាំពីមូលហេតុនៃការធា្លក់ថ្លៃស្រូវនេះ និងភាពស្ងប់ស្ងាត់នៃឈ្មួញវៀតណាម ដោយស្វែករកដំណោះស្រាយ និងដាក់សំណើទៅដល់ឈ្មួញទាំងនោះដើម្បី សម្រួលថ្លៃដល់កសិករក្នុងស្រុក»។
លោក ស្រី វុឌ្ឍី បានបញ្ជាក់ផងដែរថា ការធា្លក់ចុះនៃតម្លៃស្រូវអ៊ីអ៊ែរនេះ មិនបណ្តាលមកពីសហភាពអឺរ៉ុប ប្រកាសយកពន្ធនាំចូលអង្ករពីកម្ពុជាទេ ព្រោះស្រូវអុីអ៊ែរនេះ មិនមែនជាប្រភេទស្រូវនាំចេញទៅអឺរ៉ុបនោះទេ។
ជាក់ស្តែង តម្លៃស្រូវអុីអ៊ែរ នៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០១៩ មានតម្លៃត្រឹមតែ៦៨០រៀល ក្នុងមួយគីឡូក្រោម ធៀបនឹងឆ្នាំ២០១៨ តម្លៃ៩៣០រៀល។
ក្នុងឆ្នាំ២០១៨ កម្ពុជា ផលិតស្រូវគ្រប់ប្រភេទបានសរុប ១០,៥លានតោន ហើយកាត់ទុកធ្វើពូជ ទុកបរិភោគ និងរក្សាទុកធ្វើផ្សេងៗទៀត គឺនៅសល់៥,៥លានតោន។ ចំនួនស្រូវដែលនៅសល់ ៥,៥តោននេះ បាននាំចេញទៅបរទេសជាផ្លូវការ និងក្រៅផ្លូវការ តាមរូបភាពជាស្រូវផង និងអង្ករផង។ នេះបើតាមលោក ស្រី វុឌ្ឍី៕
© រក្សាសិទ្ធិដោយ thmeythmey.com