ភ្នំពេញ៖ កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសមានការចរាចរគ្រឿងញៀនឆ្លងកាត់ និងបន្តនាំចេញទៅកាន់ប្រទេសទី៣ ប៉ុណ្ណោះ។ ហើយខេត្តចំនួនពីរ នៅភាគឦសាន គឺជាទីកន្លែងដែលពួកឧក្រិដ្ឋជនគ្រឿងញៀនឆ្លងកាត់ញឹកញាប់ជាងគេ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាខេត្តដែលពួកឧក្រិដ្ឋជនគ្រឿងញៀនឆ្លងកាត់ញឹកញាប់ ជាមួយប្រភេទគ្រឿងញៀនមេតំហ្វេតាមីន(Ice-Wy) កេតាមីន ហេរ៉ូអ៊ីននិងកញ្ឆាក្រៀម ដែលកម្ពុជាបានបើកកិច្ចប្រតិបត្តិបង្ក្រាបបានជាច្រើនករណីផងដែរ។
ក្នុងរបាយការណ៍រកឃើញថា ខេត្តភាគឦសាន ជាពិសេសគឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាកន្លែងដែលមានការចរាចរឆ្លងកាត់គ្រឿងញៀនពីតំបន់ព្រំដែនកម្ពុជា-ឡាវ ចូលក្នុងប្រទេស និងមួយចំនួនបន្តនាំទៅដល់ប្រទេសថៃ និងប្រទេសវៀតណាម។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ លោក កែ គឹមយ៉ាន បាននិយាយថា កម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសមានការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសនានាក្នុងតំបន់ ចូលមកក្នុងប្រទេសកម្ពុជា និងបន្តនាំចេញទៅប្រទេសទី៣ ។
ចំពោះគ្រឿងញៀនដែលឆ្លងកាត់ ហើយនៅសល់ចែកចាយនៅកម្ពុជានេះ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុវជន និងខាតបង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ដោយឡែកគោលដៅដែលប្រឈមនៃការចរាចរគ្រឿងញៀននេះ កើតឡើងនៅក្នុងតំបន់មួយចំនួន ដូចជា តំបន់ទេសចរណ៍ ក្នុងក្លឹបកំសាន្តនានា ផ្ទះសំណាក់ និងសំណង់មិនរៀបរយ។ នេះបើតាមលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បទល្មើសគ្រឿងញៀន បានកើតឡើងជាង៨ពាន់ករណី និងមានមនុស្សជាង១,៦ម៉ឺននាក់ (ស្រីជាង១៣០០នាក់) ដែលត្រូវបានឃាត់ខ្លួន ក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ប្រឆាំឆ្នាំ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
របាយការណ៍ បានបង្ហាញថា ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ មានជនបរទេសជាង៣០០នាក់ (ស្រី៤៨នាក់) ដោយមាន២៤សញ្ជាតិ។ ប្រភពដដែល បានឲ្យដឹងថា សារធាតុញៀន ដែលបានចាប់បានក្នុងឆ្នាំ២០១៨ មានជាង៥០០គីឡូក្រាម កញ្ឆាក្រៀម៧៤គីឡូក្រាម និងកញ្ឆាដើមជាង ១,៦សែនដើម។
បើតាមរបាយការណ៍កាលពីឆ្នាំ២០១៧ មានមនុស្សជាង១ម៉ឺននាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ ដូច្នេះ អ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០១៨ បានកើនឡើងជាង៦ពាន់នាក់៕