ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ឆ្នេរ​សិប្ប​និមិត្ត​តម្លៃ​ជិត​២​ពាន់​លាន​ដុល្លារ ជំរុញ​ឲ្យ​តម្លៃ​ដី​នៅ​ខេត្តកំពត​ហក់​ខ្ពស់​ខ្លាំង​
01, Feb 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​មួយ ដែល​គ្រោង​នឹង​ចំណាយ​ជិត ២​ពាន់​លាន​ដុល្លារ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​២០០​ហិកតា ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។

​លោក សុខ គែន ជា​ស្ថាបនិក​ក្រុមហ៊ុន Kampot Property បាន​និយាយថា ដំណឹង​នៃ​ការបង្កើត​ឆ្នេរ​ខ្សាច់​នៅក្នុង​តំបន់​កែប​ថ្មី​នេះ បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​មាន​សន្ទុះ​ឡើង​ខ្លាំង​ក្នុង​រយៈ​ជាង​មួយឆ្នាំ​ចុងក្រោយ​។​
 
​លោក គែន បាន​បញ្ជាក់ថា តម្លៃ​ដី​នៅ​តំបន់​នេះ​បាន​កើនឡើង​ប្រមាណ​៣០០​ភាគរយ​។ ជាក់ស្តែង​ដី​ជាប់មាត់​សមុទ្រ​នៅក្នុង​ឆ្នាំ​២០១៧​មានតម្លៃ ពី​៣៥​ដុល្លារ​ទៅ​៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កើនឡើង​ដល់​២០០​ដុល្លារ ទៅ​២៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ សម្រាប់​ដី​ដែល​នៅជាប់​ផ្លូវជាតិ​លេខ​៣ ដែលមាន​ចម្ងាយ​១.៥​គីឡូម៉ែត្រ​ពី​តំបន់ឆ្នេរ​ថ្មី​នេះ​បច្ចុប្បន្ន​មានតម្លៃ​ពី​៧០​ទៅ​១០០​ដុល្លារ ដែល​ពីមុន​តម្លៃ​ជា​មធ្យម ៣០​ដុល្លារ​ក្នុង​មួយ ម៉ែត្រការ៉េ​។​
 
​កាលពី​២​ឆ្នាំមុន តម្លៃ​ដី​នៅ​ជិត​ផ្លូវជាតិ ថ្លៃ​ជាង​ដី​នៅ​ជិត​មាត់សមុទ្រ​។ កែប​ថ្មី​នេះ គឺជា​តំបន់​មាន​សក្តានុពល​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម ដោយសារ​ទៅ​ទីនេះ​ក៏មាន​គម្រោង​ធំៗ​២​គឺ​កំពង់ផែ​ទឹក​ជ្រៅ (​កំពុងដំណើរការ​សាងសង់​)  និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទំហំ​១,០០០​ហិកតា​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន ហើយ​បច្ចុប្បន្ន​បាន​ចាក់ដី​រួចរាល់​។ នេះ​បើតាម លោក គែន ។​
 
​សម្រាប់​សក្តានុពល​នៃ​វិស័យ​លំនៅដ្ឋាន​ក្នុង​តំបន់​នេះ លោក គែន ជឿថា ក្នុង​រយៈពេល​ចាប់ពី​៣ ទៅ​៥​ឆ្នាំ​ខាងមុខ តំបន់​នេះ​មានការ​ពេញនិយម​ខ្លាំង​សម្រាប់​ការកំសាន្ត ពាណិជ្ជកម្ម និង​ការរស់នៅ ដោយសារ​ដី​លំនៅដ្ឋាន​ខ្នាតតូច​តាម​មាត់​ឆ្នេរ ដែលមាន​ទំហំ ១,០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការ​ទិញ​លក់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ បន្ថែម​លើ​ល​ពីនេះ​ទៀត លោក គែន មើលឃើញថា ដី​មួយផ្នែកធំ​ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ទិញ​ទុក​រួចរាល់ និង​កំពុង​រង់ចាំ​ការវិនិយោគ​នៅ​ក្នុ  ង​ជំហាន​បន្ទាប់​។​
 
​ឆ្នេរ​មួយ​នេះ មាន​សារៈសំខាន់​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ និង​ប្រកបមុខរបរ​ប្រចាំថ្ងៃ ឲ្យ​កាន់តែ​ប្រសើរឡើង ពិសេស​អាច​ផ្តល់ឱកាស​ការងារ​ដល់​អ្នក​ប្រជាជន​ទូទៅ​នៅក្នុង​តំបន់​នេះ​។​
 
​គួរ​រំឭក​ដែរ​ថា បច្ចុប្បន្ននេះ ខេត្តកំពត​មាន​តំបន់​ទេសចរណ៍​ចំនួន ១៧​កន្លែង ខុសៗ​គ្នា​ទាំង​ទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និង​ទេសចរណ៍​បែប​វប្បធម៌  ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​៕
 
 

Tag:
 ឆ្នេរ​សិប្ប​និមិត្ត​
 ​ដី​
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com