សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន​មាន​សេវា​ជួល​បុរស​វ័យ​កណ្តាល​ស្តាប់​ការ​ត្អូញត្អែរ និង​ផ្តល់​ដំបូន្មាន ១​ម៉ោង​៩​ដុល្លារ​
02, Feb 2019 , 9:30 pm        
រូបភាព
front ស្ថាបនិកក្រុមហ៊ុន Ossan Rental លោក Takanobu Nishimoto
front ស្ថាបនិកក្រុមហ៊ុន Ossan Rental លោក Takanobu Nishimoto
ដោយ: ធីតា
​មាន​ពូ​ម្នាក់​ស្តាប់​ការ​ត្អូញត្អែរ និង​ជួយផ្តល់​ដំបូន្មាន មិនមែនជា​រឿង​អាក្រក់​នោះឡើយ​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក បុរស​ជប៉ុន​ឈ្មោះ Rakanobu Nishimoto បាន​បើក​សេវាកម្ម «Ossan Rental» សម្រាប់​អតិថិជន​ដែល​ត្រូវការ​បុរស​វ័យ​កណ្តាល​ស្តាប់​ការ​ត្អូញត្អែរ និង​ផ្តល់​ដំបូន្មាន រួមទាំង​ការជួយ​សម្រួល​កិច្ចការ​ផ្ទះ​។​

 
១០០០​យ៉េន (​ប្រហែល​៩​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ម៉ោង ជា​តម្លៃ​ដែល​អតិថិជន​ត្រូវ​បង់​ឲ្យ​ក្រុមហ៊ុន Ossan Rental សម្រាប់​សេវាកម្ម​ជួល​បុរស​វ័យ​កណ្តាល សម្រាប់​ការ​ត្អូញត្អែរ និង​ផ្តល់​ប្រឹក្សា​យោបល់​។ តាម​ការដកស្រង់​រប​ស់​សារព័ត៌មាន Japan Times លោក Nishimoto សម្រេច​បង្កើត​សេវា​កម្មនេះ ដើម្បី​លើក​តម្លៃ​របស់​ក្រុម​បុរស​វ័យ​កណ្តាល​នៅក្នុង​សង្គម​។​
 
«​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ដែល​លើក​តម្លៃ​របស់​យើងទាំងអស់គ្នា និង​បង្ហាញ​ឲ្យ​ឃើញថា បុរស​វ័យ​កណ្តាល​ជា​ធនធាន​ដ៏​សំខាន់​»​។ នេះ​ជាការ​អះអាង​របស់លោក Nishimoto ដែល​ធ្លាប់​បម្រើការ​នៅ​ហាង​ទំនិញ​ធំៗ ជា​អ្នកសម្របសម្រួល​ផ្នែក​បង្ហាញ​ម៉ូត និង​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​។​
 
​នៅ​ឆ្នាំ​២០១២ លោក​បានសម្រេច​បង្កើត​វ៉ិ​ប​សាយ ដោយ​បង្ហោះ​រូប​ខ្លួនឯង ជាមួយនឹង​ការភ្ជាប់​សេវាកម្ម​ជួយ​ដល់​អ្នកដទៃ ហើយ​ចាប់តាំងពី​ពេល​នោះមក លោក​ទទួលបាន​អតិថិជន​ប្រមាណ​៣០០០​នាក់​។ អតិថិជន​ភាគច្រើនរ​ប​ស់លោក Nishimoto គឺជា​ស្ត្រី ដែល​ត្រូវការ​ជំនួយ​ផ្លូវចិត្ត​ពិតប្រាកដ​។​
 
 
​បុរស​វ័យ​៥០​ឆ្នាំ​រូបនេះ មើលឃើញ​ពី​តម្រូវការ​កាន់តែច្រើនរ​បស់​អតិថិជន ហើយ​ក្រោយ​ដំណើរការ​ក្រុមហ៊ុន​បាន​៣​ឆ្នាំ លោក​បានសម្រេច​បង្កើន​សមាជិក​បន្ថែមទៀត​។ ក្នុង​អ្នក​ដែល​បាន​ផ្ញើ​ប្រ​វ​តិ្ត​រូប​ទៅ​ចូលរួម​ការងារ​នោះ លោក Nishimoto បានសម្រេច​បដិសេធ​បេក្ខភាព​បុរស​វ័យ​៨៥​ឆ្នាំ​ម្នាក់ ដោយសារតែ​គាត់​មាន​សុខភាព​ទ្រុឌទ្រោម​ទៅហើយ​។​
 
​ប​ច្ច​ប្បន្ន «Ossan Rental» មាន​ក្រុមការងារ​៧៨​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​ជាង​៣០​ឆ្នាំទៅ​៧០​ឆ្នាំ​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​ជា​តន្ត្រីករ ជា​អ្នក​ចូលចិត្ត​ឡើង​ភ្នំ ជា​អតីត​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​ជា​ក្រុមមនុស្ស​ដែលមាន​ប្រវត្តិ​ដឹកនាំ​គ្រួសារ​ល្អ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com