មុនការបង្កើតព្រែកជីកប៉ាណាម៉ាក្នុងអំឡុងដើមសតវត្សន៍ទី២០ ព្រែកជីកស៊ុយអេ (Suez Canal) គឺព្រែកជីកដ៏សំខាន់មួយក្នុងការតភ្ជាប់សមុទ្រធំៗចំនួនពីរ។ ទាំងនេះគឺជាសំណង់ដ៏
មហិមាដែលមនុស្សបានកសាងឡើងក្នុងប្រវត្តិសាស្ត្រនៃសម័យបដិវត្តន៍ឧស្សាហកម្ម។
នៅមុនឆ្នាំ១៨៦៩ សមុទ្រមេឌីទែរ៉ាណេ (Mediterranean sea) និងសមុទ្រក្រហម (Red sea) ត្រូវបានកាត់ផ្តាច់ដោយសណ្ឋានដីខ្លីមួយក្នុងទឹកដីរបស់ប្រទេសអេហ្ស៊ីប។ នោះគឺជារបាំងមួយដែលបង្កភាពលំបាកសម្រាប់អ្នកធ្វើដំណើរតាមនាវានៅទ្វីបអឺរ៉ុប។
នៅពេលដែលអ្នកជំនួញអឺរ៉ុបចង់ធ្វើដំណើរតាមកប៉ាល់មកកាន់ទ្វីបអាស៊ី គេត្រូវជិះវាងទ្វីបអាហ្វ្រិកសឹងតែមួយជុំ។ ធ្វើដូចនេះ គេត្រូវចំណាយថវិកា ស្បៀងច្រើន និងពេលវេលាយូរ។ បើតាមគេហទំព័រ history.com នៅក្នុងឆ្នាំ១៨៥៤ កុងស៊ុលបារាំងប្រចាំទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប លោក Ferdinand de Lesseps បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលអាណាចក្រអូតូម៉ង់ (ក្នុងពេលនោះ អូតូម៉ង់គ្រប់គ្រងអេហ្ស៊ីប) ដើម្បីជីកព្រែកនេះឡើង។ វាមានប្រវែងជាង១៦០គីឡូម៉ែត្រ។
នៅឆ្នាំ១៨៥៩ ការសាងសង់ក៏បានចាប់ផ្តើមជាបណ្តើរៗ។ កម្មករត្រូវធ្វើការជាទម្ងន់ ដោយប្រើតែចបកាប់ និងដៃប៉ុណ្ណោះ។ ក្រោយមក រដ្ឋអឺរ៉ុបបានប្រើគ្រឿងចក្រដើម្បីជួយជំរុញដំណើរការសាងសង់។
ក្នុងឆ្នាំទីមួយ ក្រោយពេលដែលព្រែកជីកត្រូវបានគេបើកឲ្យដំណើរការ មានកប៉ាល់ត្រឹមតែជាង៥០០គ្រឿងទេបានធ្វើការឆ្លងកាត់។ ក្នុងឆ្នាំ ១៨៧៥ ប្រទេសអង់គ្លេសបានទិញភាគហ៊ុនក្នុងការគ្រប់គ្រងព្រែកជីកមួយនេះ ដោយសារវាជាដង្ហើមនៃនាវាចរណ៍អង់គ្លេសដើម្បីធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ អង់គ្លេសក៏បានជួយទាមទារឯករាជ្យឲ្យប្រទេសអេហ្ស៊ីបពីការគ្រប់គ្រង់របស់អាណាចក្រអូតូម៉ង់ផងដែរ។ តែជាថ្នូរត្រឡប់មកវិញ អេហ្ស៊ីបត្រូវប្រគល់ការគ្រប់គ្រងព្រែកជីកស៊ុយអេមួយនេះមកឲ្យ
អង់គ្លេស។
ក្រោយសង្គ្រាមលោកលើកទីពី បញ្ចប់ទៅ អេហ្ស៊ីបក្រោមការដឹកនាំរបស់លោក Gamal Abdel Nasser បង្ហាញការមិនពេញចិត្ត និងចង់ទាមទារសិទ្ធិគ្រប់គ្រងព្រែកនេះមកវិញ។ ជម្លោះនេះមិនបានបញ្ចប់ដោយងាយស្រួលនោះទេ។
សង្គ្រាមតូចៗជាច្រើនដែលកើតឡើងរវាងអង់គ្លេស បារាំង អ៊ីស្រាអែល និងអេហ្ស៊ីបបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។ ដ្បិតបញ្ហានេះហើយ ព្រែកជីកស៊ុយអេបានបិទដំណើរការ មិនមានសកម្មភាពនាវាចរណ៍ឆ្លងកាត់នោះទេ។
ដល់ឆ្នាំ១៩៧៥ អេហ្ស៊ីបស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Anwar el-Sadat បានចាប់ផ្តើមបើកដំណើរការព្រែកជីកមួយនេះសារវិញ ដោយចរចាជាមួយភាគីពាក់ព័ន្ធ។ អង្គការសហប្រជាជាតិក៏បានសំណូមពរឲ្យអង់គ្លេស និងបារាំងដកទ័ពរបស់ខ្លួនពីតំបន់នោះផងដែរ។ សព្វថ្ងៃ ក្នុងព្រែកស៊ុយអេមាននាវាធំៗឆ្លងកាត់ប្រហែល ៥០គ្រឿងជារៀងរាល់ថ្ងៃ ដោយដឹកជញ្ជូនទំនិញប្រមាណជាង៣០០លានតោនក្នុងមួយឆ្នាំៗ៕