អន្តរជាតិ
នយោបាយអន្តរជាតិ
ថៃ៖ គ្រប់បក្សនយោបាយ អាចឃោសនាតាមទូរទស្សន៍ ១០នាទី និងអាចជជែកដេញដោលពីគោលនយោបាយបាន បាតុកម្មប្រឆាំងនឹងរបបសឹកដែលពន្យារពេលបោះឆ្នោតសាកលជាថ្មីកាលពីខែមករាកន្លងទៅ (រូបភាព៖ AFP)
× គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានសម្រេចអនុញ្ញាតឲ្យបក្សនយោបាយនីមួយៗដែលបានចុះបញ្ជីស្របច្បាប់ក្នុងការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនៅថ្ងៃខាងមុខដ៏ខ្លីនេះ អាចផ្សព្វផ្សាយ និងឃោសនាពីគោលនយោបាយរបស់ខ្លួនបានរយៈពេល១០នាទី នៅតាមស្ថានីយ៍ទូរទស្សន៍។ អង្គភាពរៀបចំការបោះឆ្នោតនេះ ក៏ត្រៀមឲ្យបក្សនីមួយៗជជែកដេញដោលគ្នាក្នុងវេទិការួមមួយផងដែរ។
«ចាប់ពីថ្ងៃទី៨ មីនា តទៅ គណបក្សនយោយបាយថៃ ដែលបានចុះបញ្ជីទាំងអស់ នឹងត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយវីដេអូឃោសនា ដែលមានរយៈពេលត្រឹមតែ១០នាទី នៅតាមកញ្ចក់ទូរទស្សន៍។ ប្រព័ន្ធផ្សពផ្សាយ ក៏ត្រូវតែផ្តល់ពេលវេលាដល់បក្សនយោបាយនីមួយៗឲ្យបានស្មើគ្នាផងដែរ»។ នេះ គឺជាការបញ្ជាក់របស់អគ្គលេខាធិការរងគណៈកម្មាធិការៀបចំការបោះឆ្នោតថៃ លោក Sawaeng Boonmee នៅថ្ងៃ២៩ មករា។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post លោកអគ្គលេខាធិការរង ក៏បានអះអាងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏នឹងមានរៀបចំវេទិកាមួយសម្រាប់បក្សនយោបាយដើម្បីធ្វើបទបង្ហាញ និងជជែកដេញដោលគ្នាអំពីគោលនយោបាយរបស់ខ្លួន ហើយការជជែកដេញដោល នឹងត្រូវចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលថ្ងៃ១៣ដល់២១ ខែមីនា។
ដើម្បីឲ្យការឃោសនា និងផ្សព្វផ្សាយនេះប្រកបដោយតម្លាភាព លោកអគ្គលេខាធិការរងរូបនេះ ក៏បានអះអាងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានកំណត់គោលការណ៍មួយចំនួន ដែលរួមមានទាំងការកំណត់ឲ្យបក្សនយោបាយធ្វើវីដេអូ ភ្ជាប់ជាមួយនឹងណែនាំសាធារណៈឲ្យយល់អំពីការបោះឆ្នោត និងជំរុញសាធារណៈឲ្យទៅបោះឆ្នោតកុំបីអាក់ខានផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់របស់អង្គភាពរៀបចំការបោះឆ្នោតមួយនេះ បច្ចុប្បន្ន មានបក្សនយោបាយចំនួន ១០៥ ហើយ បានចុះបញ្ជី។ បក្សទាំងនេះ នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតលើកដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃ២២ ឧសភា ឆ្នាំ២០១៤។ ការបោះឆ្នោតនេះ ទើបតែត្រូវបានកំណត់តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃ២៤ មីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com