ជាតិ
នយោបាយជាតិ
កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពគ្នាជំរុញឲ្យទីក្រុងបុរាណពីរ ឲ្យក្លាយជាគោលដៅតែមួយ (ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ច ទិន រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
× ភ្នំពេញ៖ កម្ពុជា និងមីយ៉ាន់ម៉ា បានឯកភាពជំរុញយុទ្ធនាការ «អង្គរ-បាហ្កាន» ក្នុងគោលបំណងជំរុញឲ្យទីក្រុងបុរាណពីរនេះ ក្លាយជាគោលដៅទេសចរណ៍តែមួយ។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា - មីយ៉ាន់ម៉ា (JCBC) លើកទី ២ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីនេះ។
ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់តភ្ជាប់ខេត្តសៀមរាប និងបាហ្កាន ដើម្បីបង្កើនចំនួនភ្ញៀវទេសចរណ៍មកទស្សនាប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានសរសេរដូច្នេះថា៖«ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញយុទ្ធនាការ អង្គរ-បាហ្កាន៖ ទីក្រុងបុរាណពីរ - គោលដៅតែមួយ»។
ក្រៅពីពិភាក្សាពីរឿងទេសចរណ៍ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានលើកយកទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរមកពិភាក្សា ដើម្បីពង្រីកទំហំសេដ្ឋកិច្ចបន្ថែមទៀត។ ដោយកត់សម្គាល់ឃើញកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០១៨ ភាគីទាំងពីរបានឯកភាពពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសាសនា ភាគីទាំងពីរឯកភាពពិចារណាចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកាន់ព្រះពុទ្ធសាសនាទាំងពីរនេះ។
កិច្ចប្រជុំ JCBC ភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេរភាគី និងវិធានការដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា កិច្ចពិគ្រោះយោបល់នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អាកាសចរស៊ីវិល វប្បធម៌ សាសនា អប់រំ កសិកម្ម និងបរិស្ថាន ហិរញ្ញវត្ថុ និងធនាគារ។ភាគីកម្ពុជាដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯភាគីមីយ៉ាន់ម៉ាដឹកនាំដោយ លោក ច ទីន រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕
Tag:
ប្រាក់ សុខុន
កម្ពុជា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com