សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី​អាស៊ី​អាយុ​ជាង​៩០​ឆ្នាំ ៨​នាក់​មានទ្រព្យ​សរុប​១២៥​ពាន់​លាន​ដុល្លារ​
03, Feb 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
នៅ​ដើមឆ្នាំ​២០១៩ នេះ មហាសេដ្ឋី​ពីររូប​នៅ​អាស៊ី បានទទួល​មរណភាព​ជា​បន្តបន្ទាប់​។ មហាសេដ្ឋី​ឥណ្ឌូណេស៊ី លោក Eka Tjipta Widjaja ដែល​ផ្តើម​អាជីវកម្ម​លើ​ប្រេងដូង និង​ប្រេង​ត្នោត បាន​ស្លាប់​ក្នុង​អាយុ​៩៨​ឆ្នាំ រីឯ​មហាសេដ្ឋី​ហ្វីលីពីន លោក Henry Sy អតីត​អ្នកលក់​ស្បែកជើង បាន​បាត់​បង់ជីវិត​ក្នុង​អាយុ​៩៤​ឆ្នាំ​។ អ្នក​ទាំងពីរ​បន្សល់​នូវ​ទ្រព្យសម្បត្តិ​សរុប​១៦,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណាក៏ដោយ អាស៊ី នៅមាន​មហាសេដ្ឋី​ដល់​ទៅ​៨​រូប​ទៀត ដែល​សុទ្ធ​តែមាន​អាយុ​លើស​៩០​ឆ្នាំ​។

 
​សារព័ត៌មាន Bloomberg បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែលមាន​ទឹកប្រាក់​វាល់​លា​ន ចំនួន​៥០០​នាក់​នៅលើ​ពិភពលោក​។ ក្នុង​បញ្ជី Bloomberg Billionaires Index មហាសេដ្ឋី​ម្នាក់​ក្នុងចំណោម​៥​នាក់ មាន​អាយុ​យ៉ាងតិច​៨០​ឆ្នាំ និង​២១​នាក់ មាន​អាយុ​ជាង​៩០​ឆ្នាំ​។​
 
​ក្នុងចំណោម​មហាសេដ្ឋី​ដែលមាន​អាយុ​ជាង​៩០​ឆ្នាំ​នាពេល​បច្ចុប្បន្ន អាស៊ី​មាន​រហូតដល់​ទៅ​៨​នាក់​នៅក្នុង​បញ្ជី ដោយ​ទ្រព្យសម្បត្តិ​រួម​របស់​អ្នក​ទាំងនោះ មាន​សរុប​រហូតដល់​ទៅ​១២៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​លោក Robert Kuok មហាសេដ្ឋី​ម៉ាឡេស៊ី អាយុ​៩៦​ឆ្នាំ មានទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ​១៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​មេដឹកនាំ​សិង្ហ​បុរី លោក លី ក្វាន់​យូ​។ លោក​គ្រប់គ្រង​ក្រុមហ៊ុន Wilmar International លើ​អាជីវកម្ម​ប្រេង​ត្នោត​នៅ​ម៉ាឡេស៊ី សិង្ហ​បុរី និង​ហុងកុង ថែមទាំង​មូលភាគ​ហ៊ុន​នៅ​ក្រុមហ៊ុន​អចល​ទ្រព្យ និង​សណ្ឋាគារ​ផ្សេង​ទៀង​ផងដែរ​។​
 
 
​លោក Masatoshi Ito មហាសេដ្ឋី​ជប៉ុន​អាយុ​៩៥​ឆ្នាំ មានទ្រព្យ​៤,៤១​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​ប្រធានកិត្តិយស និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន Seven & i Holdings ដែលមាន​ហាង​ទំនិញ​ជាង​២​ម៉ឺន​នៅ​ជប៉ុន រួមទាំង​ហាង 7-Eleven និង​ផ្សា​ទំនើប​ជាច្រើន​ទៀត​។​
 
 
​លោក Goh Cheng Liang មហាសេដ្ឋី​សិង្ហ​បុរី អាយុ​៩២​ឆ្នាំ មានទ្រព្យ​សម្បត្តិ ៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​ថ្នាំលាប Wuthelam Holdings​។ ក្រុមហ៊ុន​លោក​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Nippon Paint របស់​ប៉ុន ដោយមាន​បុគ្គលិក​ជាង​២១០០០​នាក់ និង​ប្រតិបត្តិការ​នៅ​១៦​ប្រទេស​។​
 
 
​លោក Li Ka-Shing មហាសេដ្ឋី​ហុងកុង អាយុ​៩១​ឆ្នាំ មានទ្រព្យ​៣០,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ CK Hutchison Holdings និង CK Asset Holdings​។ កាលពី​ខែឧសភា ឆ្នាំ​២០១៨ លោក​បាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​លោក Victor ដែលជា​កូនប្រុស​បង្កើត​។​
 
 
​លោក Lee Shau Kee មហាសេដ្ឋី​ហុងកុង អាយុ​៩១​ឆ្នាំ មានទ្រព្យ​២៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​ស្ថាបនិក និង​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ Henderson Land Development​។ ក្រុមហ៊ុន​នេះ​ប្រតិបត្តិ​លើ​សេវាកម្ម​ហិរញ្ញវត្ថុ អាគារ​ទំនិញ សណ្ឋាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។​
 
 
​លោក Pallonji Mistry មហាសេដ្ឋី​ឥណ្ឌា អាយុ​៩០​ឆ្នាំ លោក​ទទួលបាន​សញ្ជាតិ​អៀរ​ឡង់​កាលពី​ឆ្នាំ​២០០៣​។ លោក​មានទ្រព្យ​សម្បត្តិ​២០,៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក និង​គ្រួសារ​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​សំណង់ Tata Sons និង​បណ្តាញ​សង្គម​ផ្សេងទៀត​ដែល​ប្រតិបត្តិការ​នៅ​អាស៊ី​ខាងត្បូង ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​។​
 
 
​លោក Lui Che Woo មហាសេដ្ឋី​ហុងកុង អាយុ​៩០​ឆ្នាំ មានទ្រព្យ​សម្បត្តិ​១៤,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ Galaxy Entertainment និង​ក្រុមហ៊ុន​អចលនទ្រព្យ K.Wah International​។​
 
 
​លោក Wee Cho Yaw មហាសេដ្ឋី​សិង្ហ​បុរី អាយុ​៩០​ឆ្នាំ មាន​ទ្រ​ព្ស​៨,១៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅ​ធនាគារ United Overseas Bank ដែល​ធំ​លំដាប់​ទី​បី​នៅ​សិង្ហ​បុរី និង​មាន​សា​ខាង​ជាង​៥០០ នៅ​បណ្តា​ប្រទេស​ចំនួន​១៩៕
 







Tag:
 មហាសេដ្ឋី​
  ទ្រព្យសម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com