ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
បោះទុន៣ពាន់ដុល្លារទិញដើមផ្កាអង្គាសីល អ្នកស្រី សៀង ប្រឈមនឹងខាត!
03, Feb 2019 , 2:05 pm        
រូបភាព
ភ្នំពេញ៖ «ដើមផ្កាអង្គាសីល» បានដាក់លក់ព្រោងព្រាតតាមដងផ្លូវក្នុងរាជធានីភ្នំពេញ មុនថ្ងៃចូលឆ្នាំចិន-វៀតណាមដែមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៧ ខែកុម្ភៈនេះ។ ក្នុងឆ្នាំ២០១៩នេះ ដើមផ្កាអង្គាសីលហាក់មិនសូវមានផ្កាច្រើន និងល្អដូចឆ្នាំមុននោះទេ។ អ្នកស្រី សៀង ជាអ្នកលក់ដើមផ្កាអង្គាសីលនៅម្តុំផ្សារដីហុយនៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កំពុងព្រួយបារម្ភខាតដើមទុនច្រើន ដោយសារដើមផ្កាត្រូវទឹកសន្សើមដែលមានជាតិប្រៃ នេះជាហេតុនាំឲ្យដើមអង្គាសីលមិនសូវចេញផ្កាច្រើន និងល្អឡើយ។ ក្នុងឆ្នាំនេះ អ្នកជំនួញលើដើមផ្កាអង្គាសីលខាងលើដែលបានចំណាយដើមទុនជាង៣០០០ដុល្លារ ប្រឈមនឹងខាតដើមជាងចំណេញ ខណៈឆ្នាំមុនអ្នកស្រីបានចំណាយត្រឹមតែ១៥០០ ទៅ ២០០០ដុល្លារប៉ុណ្ណោះ ហើយចំណេញបានពី៥០០ ទៅ ៦០០ដុល្លារ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយអ្នកស្រី សៀង អ្នកលក់ដើមផ្កាអង្គាសីលដែលមកពីខេត្តពោធិ៍សាត់ ដូចតទៅ៖
 
 
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី សៀង អ្នកលក់ដើមផ្កាអង្គាសីល នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានលើកឡើងថា ដើមផ្កាអង្គាសីល លក់ដាច់ធម្មតា ប៉ុន្តែ លក់បានក្នុងតម្លៃទាប ព្រោះផ្កាឆ្នាំនេះមិនសូវល្អ។ អ្នកលក់ដើមផ្កាអង្គាសីល ដែលមកពីខេត្តពោធិ៍សាត់រូបនេះ ទើបតែជួបប្រទះនូវបញ្ហាផ្កាអង្គាសីលមិនល្អ និងមិនសូវមានផ្កាច្រើននៅឆ្នាំ២០១៩នេះ ដោយសារដើមផ្កាត្រូវទឹកសន្សើមដែលមានជាតិប្រៃ។
 
អ្វីដែលអ្នកលក់ដើមផ្កាអង្គាសីលរូបនេះបារម្ភ គឺខ្លាចមិនរួចថ្លៃដើម ហើយត្រូវសងលុយដែលខ្ចីគេយកមករកស៊ីដើមផ្កាអង្គាសីលនេះ។ «អ៊ំដេកមិនលក់ ងើបតាំងពីម៉ោង២ម៉ោង៣។ ឆ្នាំនេះអ៊ំចាយដើមទុនធំពេក (៣ពាន់ដុល្លារ) អ៊ំធ្លាប់ទិញត្រឹមតែ ១៥០០-២០០០ដុល្លារអស់ហើយ។ អ៊ំភ័យខ្លាចខាតដើម»។ នេះជាការលើកឡើងរបស់អ្នកស្រី សៀង អាជីវករលក់ដើមផ្កាអង្គាសីលនៅរាជធានីភ្នំពេញ។
 
ក្នុងដើមទុនជាង ៣០០០ដុល្លារនេះ អ្នកស្រី សៀង និងគ្រួសារទទួលបានដើមផ្កាអង្គាសីលចំនួន ២០០ដើម មានទាំងដើមតូច និងដើមធំ។ ដើមទុនជាង ៣០០០ដុល្លារនេះ អ្នកស្រីគិតទាំងការដឹកជញ្ជូនចេញពីព្រៃនាខេត្តពោធិ៍សាត់រហូតមកភ្នំពេញ។ អ្នកលក់ដើមផ្កាអង្គាសីលដែលមានបទពិសោធជាង៧ឆ្នាំរូបនេះ បានចំណាយពេលជិតកន្លះខែ ដើម្បីទៅទិញដើមផ្កាអង្គាសីលនៅក្នុងព្រៃ និងយកមកដាក់លក់នៅភ្នំពេញ។
 
ដើមផ្កាអង្គាសីលរបស់អ្នកស្រី សៀង អាចលក់ថ្លៃបំផុតត្រឹម១០០ដុល្លារ និងតម្លៃទាបបំផុតត្រឹម១០ដុល្លារ។ អ្នកស្រី សៀង បញ្ជាក់ថា ទោះបីជាខាតដើម ក៏នៅតែលក់ដើមផ្កាអង្គាសីលនេះដដែល ព្រោះមួយឆ្នាំមានតែម្ដង ហើយរបរនេះ ម្ដងត្រូវម្ដងអត់។ កាលពីឆ្នាំ២០១៨ អ្នកស្រី សៀង និងគ្រួសារ ចំណេញបានប្រាក់ពី ៥០០ ទៅ ៦០០ដុល្លារលើរបរលក់ដើមផ្កាអង្គាសីលនេះ ដោយចំណាយដើមទុនអស់ចន្លពោះពី១៥០០-២០០០ដុល្លារ៕
 

Tag:
 ចូលឆ្នាំចិន
  ផ្កាអង្គាសីល
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com