អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន បើកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង
× រដ្ឋាភិបាលក្រុងប៉េកាំង បានបើកដំណើរការមជ្ឈមណ្ឌលមួយដើម្បីប្រតិបត្តិការសង្គ្រោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង រំពឹងថា ទីស្នាក់ការសង្គ្រោះនេះ នឹងជួយធានាឲ្យការសង្គ្រោះទាន់ពេលវេលា និង សុវត្ថិភាពនៃការធ្វើចរាចរណ៍ដែនទឹក ខណៈដែលជម្លោះសមុទ្រចិនខាងត្បូង នៅមិនទាន់ បានដោះស្រាយបានចប់នៅឡើយនោះ។
ក្រសួងសាធារណការចិននៅចុងសប្តាហ៍មុន បានឲ្យដឹងថា មជ្ឈមណ្ឌលសង្គ្រោះដែនសមុទ្រ នឹងផ្តល់ការគាំទ្រកាន់តែល្អប្រសើរ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នៅក្នុងដែនសមុទ្រ ជាពិសេសនៅតំបន់ភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ភា្នក់ងារព័ត៌មានចិន Xinhua។
ក្រសួងដដែលនោះ ក៏បានលើកពីសកម្មភាពរបស់អាជ្ញាធរចិនមុនពេល នៃការបង្កើតមជ្ឈមណ្ឌលនេះ ដោយក្នុងនោះនៅឆ្នាំ២០១៨កន្លងទៅ ក្រសួង បានបញ្ជូននាវាសង្គ្រោះមួយគ្រឿងទៅកាន់តំបន់ថ្មប៉ប្រះទឹក Zhubi នៃប្រជុំកោះ Nansha ឬប្រជុំកោះ Sprately នៃសមុទ្រចិនខាងត្បូង។ ជាលទ្ធផល ក្រុមប្រតិបត្តិការងារនេះ បានសង្គ្រោះមនុស្ស១៦នាក់ និងនាវាពីរគ្រឿង ដែលស្មើនឹងទ្រព្យសម្បត្តិ ១.៧ លានដុល្លារ ។
គួរជម្រាបបន្តិចថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រជម្លោះមួយ ដែលមានរដ្ឋពាក់ព័ន្ធដូចជារដ្ឋអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពិន និងវៀតណាម ជាមួយនឹងចិន។ ចិន បានទាមទារគ្រប់គ្រងតំបន់នេះស្ទើរតែទាំងស្រុងតាមអំណេះអំណាងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈរដ្ឋអាស៊ាន ទាមទារតាមរយៈច្បាប់អន្តរជាតិ។
ជុំវិញការបើកមជ្ឈមណ្ឌលសង្គ្រោះនេះ ហ្វីលីពីន ដែលកាលពីជាងពីរឆ្នាំមុនធ្លាប់តែជាគូបដិបក្ខនឹងចិនចេញមុខមួយនោះ មិនបានមើលឃើញថាជាការគំរាមកំហែង និងប៉ះពាល់ការទាមទារអធិបតេយ្យអ្វីឡើយ។ តាមសារព័ត៌មានហ្វីលីពីន inquirer អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo ចាត់ទុកសំណង់នេះ គឺជារឿងដ៏គួរសាទរ ហើយហ្វីលីពីន ក៏មិនមានការយល់ទាស់ខុសអ្វីឡើយ បើចិន មានបំណងចង់បង្កើតឲ្យមជ្ឈមណ្ឌលសង្គ្រោះបែបនេះនោះ។
ក៏ប៉ុន្តែអ្នកនាំពាក្យ និងជាទីប្រឹក្សាផ្នែកច្បាប់របសលោកប្រធានាធិបតីហ្វីលីនរូបនេះ ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើចិន មានបំណងអ្វីលើសពីសកម្មភាពមនុស្សធម៌នេះ ហ្វីលីពីន នឹងការដាក់ការសង្ស័យ និងធ្វើបណ្តឹងការទូតទៅកាន់ចិនហើយ។ លោក សង្កត់ធ្ងន់ថាបើសិន ហ៊ានកែប្រែទៅជាមូលដ្ឋាននុយក្លេអ៊ែរជាដើមនោះ ហ្វីលីពីន ក៏មិនស្ងៀមដែរ។
សូមបញ្ជក់បន្តិចផងដែរថា បច្ចុប្បន្ន អាស៊ាន និងចិន កំពុងតែចរចាគ្នាក្នុងការបង្កើតក្រមប្រតិបត្តិមួយសម្រាប់អនុវត្តនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីធានាពីការមិនប្រព្រឹត្តសកម្មភាពខុសច្បាប់ និងដើម្បីទប់ស្កាត់ការប្រឈមមុខគ្នាគ្រប់ទម្រង់ផងដែរ៕
Tag:
ចិន
ហ្វីលីពីន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com