អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីស៊ីមបាវ៉េ បដិសេធ ព័ត៌មានស្នើសុំជំនួយពីចិនដើម្បីស្រោចស្រង់រដ្ឋាភិបាលដាច់យ៉ៃ
× ប្រមុខដឹកនាំកំពូលស៊ីមបាវ៉េ បានបដិសេធទៅនឹងការលេចលឺ ដែលថា ស៊ីមបាវ៉េ បានស្នើសុំជំនួយពីចិន ដើម្បីស្រោចស្រង់ប្រទេស ដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ច។ សម្រាប់ប្រមុខរដ្ឋស៊ីមបាវ៉េ អ្វីដែលខ្លួនត្រូវការសម្រាប់ការអភិវឌ្ឍប្រទេសនោះគឺ ការវិនិយោគពិតប្រាកដ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Zimbabwe Independent ថ្មីៗនេះ មានការលេចលឺរបាយការណ៍មួយ ដោយបានចោទថា ប្រធានាធិបតីស៊ីមបាវ៉េ លោក Emmerson Mnangagwa បានស្នើដល់សមភាគីចិន លោកប្រធានាធិបតី ស៊ី ជិនភីង នូវកញ្ចប់ជំនួយសង្គ្រោះប្រមាណពីរពាន់លានដុល្លារ នៅក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងក្រុងប៉េកាំងដែលបានធ្វើឡើងនៅចុងឆ្នាំមុន។
របាយការណ៍ដដែលនោះ ក៏បានចោទប្រកាន់រដ្ឋាភិបាលស៊ីមបាវ៉េ ផងដែរថា បានបង្វែរទឹកប្រាក់ជំនួយនោះ តាមរយៈ ប្រទេសជិតខាងដែលជាសម្ព័ន្ធមិត្តរបស់ចិនប្រចាំតំបន់ដូចគ្នា ដើម្បីបន្លំក្រសែភ្នែកខាងក្រៅផងដែរ។
«ខ្ញុំមិនដែលស្នើសុំកញ្ចប់ជំនួយសង្គ្រោះអ្វីឡើយ។ ... អ្វីដែលយើងចង់បាន គឺការវិនិយោគ មិនមែនកញ្ចប់ជំនួយឡើយ។ យើងត្រូវការទុនវិនិយោគ ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ គេមកវិនិយោគនៅស្រុកយើង គេទទួលបានផលចំណេញ ហើយយើងមានការអភិវឌ្ឍនៅក្នុងប្រទេស»។ នេះគឺជាជំហរទូទៅរបស់លោកប្រធានាធិបតី ដែលបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថ្ងៃ៣០ មករាកន្លងទៅ។
ប្រមុខដឹកនាំនៃប្រទេសក្រីក្រ និងកំពុងតែស្ថិតក្រោមដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញរូបនេះ បានបន្តទៀតថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងចិន ក៏លោក អនុវត្តតាមគោលនយោបាយនេះផងដែរ។ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក មិនដែលសុំជំនួយសង្គ្រោះបន្ទាន់ពីចិនអ្វីឡើយ ពោលគឺ ស៊ីមបាវ៉េ ត្រូវការការវិនិយោគតែប៉ុណ្ណោះ។
លោកប្រធានាធិបតី ក៏បានបកស្រាយ ការណ៍ដែលស៊ីមបាវ៉េ ធ្វើសហការប្រតិបត្តិការ រួមទាំងធ្វើសំណើកញ្ចីមួយចំនួនជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ក៏មិនទាក់ទងនឹងចិនអ្វីឡើយ។ លោក អះអាង ថាប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងភាពជាដៃគូនឹងគ្នា ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ស៊ីមបាវ៉េ អាចស្នើជំនួយ តាមរយៈជារូបភាពនៃកម្ចីជាដើម។
គួរជម្រាបផងដែរ រយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ចិន បានបង្ហាញវត្តមានក្នុងកិច្ចសហប្រតិបត្តិការជាច្រើននៅក្នុងតំបន់ភូមិសាស្ត្រ ពិសេសនោះនៅក្នុងប្រទេសកំពុងតែអភិវឌ្ឍដូចជាអាហ្វ្រិកជាដើម។ វត្តមានរបស់ចិន ជាមួយនឹងការផ្តល់ជំនួយឥតសំណងផង និងកម្ចីផង ក៏ត្រូវបានអ្នកជំនាញ ព្រមានថា អាចធ្វើឲ្យប្រទេសទាំងនោះ ធ្លាក់ក្នុងបំណុលសងមិនរួចទៀតផង៕
Tag:
ស៊ីមបាវ៉េ
ចិន
អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com