សង្គមអន្តរជាតិ
អន្តរជាតិ
វត្ថុទាំងប្រាំដែលចិនបានបង្កើតមុនគេក្នុងប្រវត្តិសាស្ត្រ
× ប្រទេសចិនជាប្រទេសមួយដែលមានអរិយធម៌ និងប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។ អាយុកាលរបស់ប្រទេសចិន អាចត្រូវបានគេប្រៀបធៀបជាមួយប្រវត្តិសាស្ត្រនៃក្រិក ឥណ្ឌា ឬប្រទេសក្នុងតំបន់អាស៊ីកណ្តាលជាដើម ពោលគឺជិត ៣០០០ ឆ្នាំ។
ក្នុងរយៈពេលដ៏យូរលង់នេះ ប្រទេសចិនបានបង្កើតវត្ថុមួយចំនួនដែលនៅតែមានឥទ្ធិពលសម្រាប់មនុស្សក្នុងពេលសព្វថ្ងៃ។ ដកស្រង់ចេញពីគេហទំព័រមានឈ្មោះថា
science.howstuffswork.com ខាងក្រោមនេះជារបស់ដែលបង្កើតឡើងដោយការច្នៃប្រឌិតរបស់ចិនពី បុរាណកាល។
ទី១៖ ម្សៅរំសេវ
សារធាតុនេះត្រូវបានប្រទេសជុំវិញពិភពលោកប្រើប្រាស់ជាញឹកញាប់ សម្រាប់កាំភ្លើង អាវុធ កាំជ្រួច ផាវ គ្រាប់បែក និងគ្រឿងផ្ទុះដទៃទៀត។ ប៉ុន្តៃអ្នកស្រាវជ្រាវពីប្រវត្តិសាស្ត្របានកំណត់ដើមកំណើតរបស់វាមកពីប្រទេសចិន ក្នុងអំឡុងសតវត្សទី១១ក្រោយគ្រឹស្តសករាជ។ ក្នុងពេលនោះ ប្រជាជនចិនប្រើប្រាស់ ប៉ូតាស្យូមនីត្រាត ធ្យូង និង ស៊ុលផួ ក្នុងការផលិតរំសេវ។ ដំបូងឡើយគេប្រើវាក្នុងគោលបំណង់ធម្មតាប៉ុណ្ណោះ ដូចជាកាំជ្រួចលំអរក្នុងពិធីបុណ្យទេ។ ក្រោយមក អ្នកជំនាញជាច្រើនអ្នកទៀតជុំវិញពិភពលោក បានប្រើប្រាស់គោលការណ៍នៃការបំផ្ទុះរំសេវនេះ ដើម្បីផលិតកាំភ្លើង និងឧបករណ៍សង្គ្រាមផ្សេងៗទៀត។
ទី២៖ ត្រីវិស័យ
ក្នុងការធ្វើដំណើរឆ្ងាយ មិនថាតាមសមុទ្រ ឬតាមដីទេ បច្ចុប្បន្នពិភពលោកមានប្រព័ន្ធ GPS ទំនើបក្នុងការចង្អុលទិសដៅ និងចម្ងាយបានយ៉ាងច្បាស់លាស់។ តែពីបុរាណកាល ត្រីវិស័យគឺជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់អ្នកដំណើររុករក។ ហើយវាត្រូវបានគេកំណត់ថា មានដើមកំណើតក្នុងប្រទេសចិន កាលពីជិត៤០០ឆ្នាំមុនគ្រិស្តសករាជ។
ទី៣៖ ក្រដាស
មុនក្រដាសសរសេរត្រូវបានគេបង្កើតឡើង មនុស្សសរសេរអក្សរនៅលើស្លឹកឈើ បំពង់ឬស្សី បន្ទះក្តារ ឬ ដីឥដ្ឋ។ ក្នុងឆ្នាំ១០៥ក្រោយគ្រិស្តសករាជ បុរសជនជាតិចិនម្នាក់មានឈ្មោះថា Cai Lun បានប្រើប្រាស់កម្ទេចឈើ និងវិធីសាស្ត្រផ្សេងៗទៀតក្នុងការផលិតក្រដាស។
ទី៤៖ ឧបករណ៍ប្រាប់ពីគ្រោះរញ្ជួយដី
វាមិនមែនជាឧបករណ៍ទំនើបដែលមានប្រព័ន្ធអេឡិចត្រូនិចដូចនេះបច្ចុប្បន្ននោះទេ។ កាលពីជិត២០០០ឆ្នាំមុន ក្នុងរជ្ជកាលរបស់រាជរង្ស ហាន បុរសម្នាក់មានឈ្មោះថា Chang Heng បានបង្កើតឧបករណ៍មួយដែលមានគោលបំណងប្រាប់ពីរលករញ្ជួយដី។ វាធ្វើមកពីដែក លំអរដោយរូបនាគ និងសត្វជាច្រើនទៀត។ ខាងក្នុងមានបណ្តោងដែកដែលអាចរុញបាល់ដែកចេញមកក្រៅ តម្រង់ទៅរកទិសដៅនៃគ្រោះរញ្ជួយដីកើតឡើង។
ទី៥៖ ក្រដាសប្រាក់
នៅពេលដែលប្រទេសដទៃកំពុងតែប្រើប្រាស់មាស ប្រាក់ ឬគ្រឿងមានតម្លៃសម្រាប់ចាយ
វាយប្រទេសចិនបានបង្កើតក្រដាសប្រាក់សម្រាប់ចរាចរក្នុងទីផ្សារតាំងពីសតវត្សទី ៧ នៃគ្រិស្តសករាជណោះ។ ការផ្លាស់ប្តូរវិធីសាស្ត្រចាយវាយនេះ ត្រូវបានប្រជាជនចិនធ្វើឡើងក្នុងរជ្ជកាលរាជរង្ស តាំង។
Tag:
ចិន
ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com