អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឧ​ត្ត​ម​សេនីយ៍​ទ័ពអាកាស​ផ្តាច់ខ្លួន​ពី​របប​ដឹកនាំ ម៉ា​ឌុយ​រ៉ូ និង​អំពាវនាវ​ឲ្យ​យោធា​ងាក​មក​គាំទ្រ កៃ្វ​ដូ​
03, Feb 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ជើង​អាកាស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ម្នាក់​បានសម្រេច​ដកខ្លួន​ឈប់​គាំទ្រ​របប​ដឹកនាំ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃ​សៅរ៍​ទី ២​ខែកុម្ភៈ ហើយ​អំពាវនាវ​ឲ្យ​បណ្តា​យោធា​ផ្សេងទៀត​ធ្វើតាម​ខ្លួន​ដោយ​ងាក​ទៅ​ទ្រទ្រង់​មេដឹកនាំ​ថ្មី​លោក ហ័ន កៃ្វ​ដូ​វិញ​ម្តង​។​



​បើតាម​ទូរទស្សន៍ Bloomberg និង​កាសែត​អាមេរិក Washington Post ដែល​ដកស្រង់​ព័ត៌មាន​ពី​កាសែត​វ៉េ​ណេ​ស៊ុយ​អេ​ឡា El Nacional ឧ​ត្ត​ម​សេនីយ៍​រូបនេះ​មាន​ឈ្មោះថា Francisco Esteban Yanez Rodriguez​។ លោក​បាន​បង្ហោះ​សារ​តាម​ខ្សែអាត់​វីដេអូ​ដោយ​ប្រកាស​ពី​ការគាំទ្រ​របស់លោក​ចំពោះ​លោក កៃ្វ​ដូ ដែល​ត្រូវបាន​អាមេរិក និង​រដ្ឋ​ជាច្រើន​ក្នុង​តំបន់​គាំទ្រ​ជា​មេដឹកនាំ​បណ្តោះអាសន្ន​នោះ​។​
 
​លោក Francisco ដែល​អះអាងថា​ខ្លួន​ជា​ប្រធានការិយាល័យ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ទីបញ្ជាការ​កងទ័ព​ជើង​អាកាស​នោះបាន​បង្ហើប​ថា កងទ័ពជើងគោក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រហូតដល់ ៩០​ភាគរយ​ឯណោះ​ដែល​ប្រឆាំងនឹង​លោក ម៉ា​ឌុយ​រ៉ូ ដែល​កំពុង​រង​ទណ្ឌកម្ម និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏​អំពាវនាវ​ឲ្យ​ទាហាន​ដទៃទៀត​ងើបឡើង​និង​ប្រកាស​គាំទ្រ​មេដឹកនាំ​ថ្មី​ផងដែរ​។​
 
«​ប្រជាជន​រង​ទុក្ខលំបាក​គ្រប់គ្រាន់​ហើយ​។ កុំ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពួកគេ​ទៀត​។ វា​ជា​ពេល​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​»​។ ឧ​ត្ត​ម​សេនីយ៍​ខាងលើ​និយាយ​ដូច្នេះ​។ 
​ចលនា​ផ្តាច់ខ្លួន​ថ្មី​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពេលនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចុះ​ខ្សោយ​នៃ​ការគាំទ្រ​ចំពោះ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ដ្បិតថា មកដល់​បច្ចុប្បន្ន​រប​ប​ដឹកនាំ​លោក​មិនត្រូវ​បាន​គេ​ចាត់ទុកជា​របប​ដឹកនាំ​ស្របច្បាប់​ឡើយ​។ ប៉ុន្តែ​របប​ដឹកនាំ​នេះ​ទទួលបាន​ការគាំទ្រ និង​ការពារ​ពី​សំណាក់​ក្រុម​យោធា​។​
 
​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​និង​ជា​អ្នកគាំទ្រ​លោក កៃ្វ​ដូ បាន​បន្ត​ប្រមូល​ផ្តុំគ្នា​បាតុកម្ម​តាម​ចិញ្ចើមផ្លូវ​នាទី​ក្រុង​ធំ​ជាពិសេស​រដ្ឋធានី កា​រ៉ា​កាស់ ហើយ​លោក កៃ្វដូ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​កាន់តែច្រើន​ក្នុង​ចលនា​នេះ​។ យ៉ាងណាមិញ អ្នកគាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ ក៏​ត្រៀម​ចេញមុខ​បាតុកម្ម​តបត​វិញ​ដែរ​។ ប៉ុន្តែ​គេ​រំពឹងថា ចលនា​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​មាន​ទ្រង់ទ្រាយ​តូចៗ​ប៉ុណ្ណោះ​។ 
 
​កាល​ពិ​ចុងខែ​មករា រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​របស់លោក ម៉ា​ឌុយ​រ៉ូ បាន​បង្ក្រាប ចលនា​បះបោរ​របស់​ក្រុម​ទាហាន​ដោយ​ជោគជ័យ​។ ទាហាន ២៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​ក្រោយ​ការបង្ក្រាប​នេះ​។​
 
​ក្នុងពេល​មាន​ចលនា​បះបោរ ដោយ​ឃើញ​ស្ថាន​ការមិន​ស្រួល លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រញាប់​អំពាវនាវ​ឲ្យ​ទាហាន និង​កងកម្លាំងប្រដាប់អាវុធ​រក្សា​វិន័យ​ឲ្យ​ខ្ជាប់ខ្ជួន និង​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ទប់ទល់​នឹង​រាល់​ការគំរាមកំហែង​ដល់​របប​ដឹកនាំ​របស់លោក​ផង​។ 
 
​ចំណែក​ក្រសួងការពារជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​ទទួលបន្ទុក​ការពារ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​នោះ ក៏បាន​ចេញមុខ​ប្រកាស​គាំទ្រ​តែ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ តែមួយគត់ ហើយ​រាល់​ការតាំង​ខ្លួន​ជា​ប្រធានាធិបតី​ប្រជែង​នឹង​មេដឹកនាំ​ស្របច្បាប់​នោះ​ជា​ទង្វើ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​
 
​សូមបញ្ជាក់ថា លោក ម៉ា​ឌុយ​រ៉ូ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សម្រាប់​អាណត្តិ​ទី​ពីរ​កាលពី​ថ្ងៃទី ១០​ខែមករា បន្ទាប់ពី​ឈ្នះឆ្នោត​ខែឧសភា​ឆ្នាំមុន ទោះជា​មិនមាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។ ទោះបីជា​សេដ្ឋកិច្ច​រលំរលាយ​ក៏ដោយ ហើយ​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ក៏ដោយចុះ ម៉ា​ឌុយ​រ៉ូ នៅតែ​ទទួល​បានការ​ស្ម័គ្រស្មោះ និង​គាំទ្រ​ឥត​ងាករេ​ពី​ក្រុម​យោធា​ដដែល​។  ដរាបណា​នៅមាន​កងទ័ព​គាំទ្រ​លើសលុប ការផ្លាស់ប្តូរ​របប​ដឹកនាំ​នោះ​មិនអាច​នឹង​កើត​ឡើយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​សញ្ញា​ប្រែប្រួល​ដោយមាន​ការ​ផ្តាច់ខ្លួន និង​ងើប​បះបោរ​របស់​ក្រុម​យោធា របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ អាច​ប្រឈម​នឹង​ការដួលរលំ​ផងដែរ​៕
 
 
 
 
 

Tag:
 ហ័ន កៃ្វ​ដូ​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  កងទ័ព​ជើង​អាកាស​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com