ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ហៅ​ខ្មែរ​នៅ​បរទេស ឲ្យ​ចូល​ស្រុក​ជាមួយ​លោក ដើម្បី​រួមគ្នា​ផ្លាស់​ប្តូរ
04, Feb 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ជឿថា ខ្មែរ​នៅក្រៅ​ប្រទេស នឹង​សម្រុកចូល​ស្រុក​ជាមួយ​លោក ដើម្បី​ការ​ផ្តាស់​ប្តូរ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល ហៅ​ការឃោសនា​របស់លោក សម រង្ស៊ី ថា​ជា ភាសា​បោកប្រាស់ ហើយ​សន្និដ្ឋានថា គ្មាន​អ្នកណា​មកជា​មួយ​លោក​ទេ​។​

 
 
​ទោះ​រង​ការ​សើចចំអក​ពី​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​បក្ស​កាន់អំណាច ថា​ជា​ជន​កំសាក មិន​ហ៊ាន​ចូល​ស្រុក ដោយបាន​និយាយ​តែ​មាត់​ក៏ដោយ ក៏​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង នៅតែ​ដើរ​ឃោសនា​ជា​ដដែលៗ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ថា លោក នឹង​វិល​មក​កម្ពុជា​វិញ​ជាដាច់ខាត នៅ​ឆ្នាំ​២០១៩​នេះ​។ ហើយ​ម្តងនេះ លោក ថែមទាំង​ស្រែក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស នាំគ្នា​មក​កម្ពុជា​ជាមួយ​ក្រុម​លោក​ថែមទៀត ដើម្បី​ដណ្តើមយក​ប្រទេស​មកវិញ​។  
 
​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាម​រិ​ក កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មេដឹកនាំ​ប្រឆាំង​កំពូល​រូបនេះ ហ៊ាន​អះអាងថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​​រាប់លាន​នាក់ ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​ដទៃទៀត នឹងមាន​ខ្លះ ដែល​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ លោក បាន​ហៅ​ការស្រុះស្រួល​គ្នា​វិល​មក​កម្ពុជា​ក្នុងពេល​តែមួយ​បែបនេះ ថា​ជា «​បេសកកម្ម​ទាំងអស់គ្នា​» ដើម្បី​រួម​កម្លាំង​ផ្តាស់​ប្តូរ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​។ លោក វាយតម្លៃថា ខ្មែរ​ក្នុងស្រុក កំពង់​រង់ចាំ​ការវិលត្រឡប់​របស់​ខ្មែរ​នៅក្រៅ​ស្រុក​។ 
 
​លោក សម រង្ស៊ី ថ្លែង​ទៅកាន់​អ្នកគាំទ្រ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿថា ការប្តេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា​នេះ នឹង​នាំមក​នូវ​ជោគជ័យ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។ បងប្អូន​ទាំងអស់ យើង​ប្តេជ្ញា​ជាមួយគ្នា ទៅ​រំដោះប្រទេស​កម្ពុជា​ឲ្យ​ទាល់តែ​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ​»​។ 
 
​ចុងក្រោយ លោក នៅ​ឆ្លៀត​ឌឺ​ឲ្យ​សម្តេច ហ៊ុន សែន ទៀតថា លោក មក​កម្ពុជា មិនមែន​ឲ្យ​សម្តេច ហ៊ុន សែន ចាប់​ទេ តែ​លោក​វិញ​ទេ ដែលជា​អ្នក​ចាប់​សម្តេច ហ៊ុន សែន​។ 

វីដេអូដែលលោក សម 
រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ព្រមាន​ទុកជាមុន​ថា សមត្ថកិច្ច នឹង​ចាត់វិធានការ ចំពោះ​អ្នក​ដែល​មក​កម្ពុជា ដើម្បី​បំផុសបំផុល​និង​រួមគ្នា​បះបោរ​ជាមួយ​លោក សម រង្ស៊ី​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​រក្សាសុខ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​មិន​ជឿ សាក​មើលទៅ​....»​។​
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ សន្និដ្ឋានថា គ្មាន​ប្រជាពលរដ្ឋ​ណា ជឿ​និង​ហ៊ាន​មកជា​មួយ​លោក សម រង្ស៊ី ឡើយ​។ លោក រិះគន់​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ថា​៖«​គ្រាន់តែ​ជា​ភាសា​បោក​បញ្ឆោត​របស់គាត់ ដើម្បី​រកលុយ​ទេ​»​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច ក៏​ប្រតិកម្ម​ដែរ ចំពោះ​សម្តី​របស់លោក សម រង្ស៊ី ខាងលើ​។ លោក ប្រតិកម្ម​ខ្លាំងជាងគេ នៅត្រង់​លោក សម រង្ស៊ី  ប្រើពាក្យ «​ដណ្តើម​ប្រទេស​មកវិញ​»​។ 
 
​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ តប​ថា កម្ពុជា គឺជា​កម្មសិទ្ធិ​របស់​ប្រជាជន​ស្រាប់​ទៅហើយ  ដូច្នេះ ការដែល​លោក សម រង្ស៊ី ប្រកាសថា «​ដណ្តើម​កម្ពុជា យកទៅ​ប្រគល់​ឲ្យ​ប្រជាជន​វិញ​» គឺ​ផ្ទុយ​ពី​ការពិត​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាយ យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា​ប្រឆាំង​ចំពោះ​គំនិត​ទុច្ចរិត និង​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​រត់ចោលស្រុក​ដណ្តើម​យក​កម្ពុជា​ទៅណា​បានជា​ដាច់ខាត​»​។​
 
​សារ​របស់លោក សុខ ឥសាន តាម​តេ​ឡេ​ក្រាម ក៏មាន​ពាក្យ​សើចចំអក​ឲ្យ​លោក សម រង្ស៊ី  ពី​រឿង​ប្រកាស​ចូល​ស្រុក​ដែរ​។ លោក សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ចង់ [​ជាប់ពន្ធ​គារ​] យ៉ាងនេះ សូម​អញ្ជើញ​ចូល​ស្រុក​ឲ្យ​បាន​ឆាប់ៗ​មក កុំ​បង្អង់​យូរ នោះ​នឹង​ឃើញ​ស​ខ្មៅ​ហើយ នៅពេល​មកដល់​ស្រុក​ខ្មែរ​។ ចាំមើល​មើ តើ​មាន​ប្រជាជន​កម្ពុជា​ប៉ុន្មាន​លាន​នាក់​ចេញមុខ​ទៅ​ទទួល​ទ​ណ្ឌិ​តរូបនេះ ដែល​ពូកែ​ភូតកុហក​នោះ​? ហើយ​ចាំមើល​មើ តើ​អ្នកណា​ចាប់​អ្នកណា​ដាក់គុក​? នោះ​នឹង​បានដឹង​ហើយ​»​។
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​បក្ស​កាន់អំណាច ក៏​ធ្លាប់​ហៅ​លោក សម រង្ស៊ី ឲ្យ​ស្រុក​ដែរ ដោយ​មិនចាំបាច់​ប្រកាស​ច្រើនដង​ទេ​។ ប្រធាន​បក្ស​កាន់អំណាច បន្ថែម​ពាក្យ​ថា «​ចាំមើល ហ៊ុន សែន ចាត់ការ​ដោយ​របៀប​ម៉េច​»​។ 
 
​អាច​និយាយបានថា សារ​ដែល​ប្រកាស​ចូល​ស្រុក​របស់លោក សម រង្ស៊ី នាពេលនេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​នយោបាយ​មួយ ដែល​គេ កំពុង​នាំគ្នា​រង់ចាំ​មើល ថា​តើ​លោក សម រង្ស៊ី ពិតជា​ហ៊ាន​ចូល​ស្រុក​វិញ ដូច​ការប្រកាស​មែន ឬក៏​​បាន​តែមាត់​។ 
 
​បច្ចុប្បន្ន អ្នកប្រឆាំង​នៅក្រៅ​ប្រទេស កំពុង​រៀបចំ​ផែនការ​សំខាន់​បីយ៉ាង សម្រាប់​ការវិលត្រឡប់​របស់លោក សម រង្ស៊ី ។ ផែនការ​ទាំងនោះ​រួមមាន ប្រមូល​ថវិកា​ឲ្យ​បាន​៣០​ម៉ឺន​ដុល្លារ​យ៉ាងតិច​, មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស អមដំណើរ​លោក សម រង្ស៊ី ពេល​មក​កម្ពុជា​, និង កៀងគរ​កម្លាំង​អ្នកគាំទ្រ​ក្នុងស្រុក ដើម្បី​ចាំ​ទទួល​។ អ្នកប្រឆាំង​នៅក្រៅ​ប្រទេស ប្រកាសថា នៅពេល​ផែនការ​ទាំងបី​នេះ រៀបចំ​រួចរាល់ ហើយ​ពេលវេលា​ក៏​សមស្រប ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី នឹង​កើតឡើង​៕ 
 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  ផៃ ស៊ី​ផាន​
  សុខ ឥសាន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com