អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៖ ប្រធានាធិបតី​បណ្តោះអាសន្ន ក្វៃ​ដូ ទទួលបាន​ការគាំទ្រ​ពី​អន្តរជាតិ​កាន់​ច្រើន
05, Feb 2019 , 11:29 am        
រូបភាព
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ (រូបភាព AFP)
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ (រូបភាព AFP)
​ប្រធានសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នោះ បានទទួល​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រទេស​ធំៗ​នៅ​តំបន់​អឺរ៉ុប​។ ងាក​ទៅ​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ វិញ កំពុងតែ​រង​សម្ពាធ​កាន់តែខ្លាំង​ពី​បរទេស​ដូចគ្នា ពិសេស​អាមេរិក​ដែល​ដឹកនាំ​យុទ្ធនាការ​ការទូត​ដើម្បី​ទម្លាក់​លោក​ចេញពី​តំណែង​។ លោក ម៉ា​ឌុយ​រ៉ូ ដែលមាន​រុស្ស៊ី និង​ចិន​នៅ​ពីក្រោយ​នោះ បាន​ព្រមាន​អាមេរិក​ដែល​ចង់​ប្រើ​យោធា​ដោះស្រាយ​បញ្ហា​។​

 
​លោក ហ័ន ក្វៃ​ដូ បានប្រកាស​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៣ ខែមករា ដោយ​ចោទ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ថា ជា​អ្នក​ដណ្ដើម​អំណាច និង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ដែល​អន្តរជាតិ​មិន​ទទួលស្គាល់​។ ភ្លាមៗ​ក្រោយ​ប្រកាស​នេះ អាមេរិក កាណាដា និង​ប្រ​ទ​ទេស​តំបន់​ឡាទីន​ជាច្រើន បានទទួល​ស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឯ​លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​ខុសច្បាប់​ដែល​ត្រូវ​ចាក​ចេញពី​តំណែង​។​
 
​នៅ​ថ្ងៃទី​៤ ខែមករា មហាអំណាច​តំបន់​អឺរ៉ុប​មាន​អង់គ្លេស បារាំង អេ​ស្ប៉ា​ញ អូទ្រីស ហូ​ឡង់ និង​ហ្វាំ​ង​ឡង់​ជាដើម​បានប្រកាស​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ការប្រកាស​ធ្វើឡើង​បន្ទាប់ពី​លោក ម៉ា​ឌុយ​រ៉ូ បដិសេធ​រៀបចំ​ការបោះឆ្នោត​តាម​ការទាមទារ​របស់​ប្រទេស​ទាំងនេះ​ដែល​ទុកពេល​ចំនួន​៨​ថ្ងៃ​រួចមក និង​បន្ទាប់ពី​សភា​អឺរ៉ុប​បោះឆ្នោត​គាំទ្រ​មេដឹកនាំ​ប្រឆាំង​ដែរនោះ​។ 
 
​ចំណែក​លោក ម៉ា​ឌុយ​រ៉ូ វិញ ក៏មាន​ខ្នងបង្អែក​រឹងមាំ​ដដែល​។ រុស្ស៊ី ចិន អ៊ីរ៉ង់ និង​តួ​ក​គី ជា​អ្នកគាំទ្រ​សំខាន់​របស់​ប្រធានាធិបតី​រូបនេះ ខណៈ​ក្នុងស្រុក​លោក​ក៏មាន​កងទ័ព តុលាការ​កំពូល និង​ស្ថាប័នរដ្ឋ​ក្នុង​ដៃ​ផងដែរ​។ 
 
​ស្រប​ពេលដែល​មហាអំណាច និង​ប្រទេស​ជាច្រើន​ចែកគ្នា​គាំទ្រ​ភាគី​ម្ខាងៗ​នោះ គេ​ក៏​ឃើញ​ប្រទេស​មាន​ឥទ្ធិពល​ខ្លះ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​មិន​កាន់ជើង​ខាង​ណា​ដែរ​។ អ៊ុយ​រូ​ហ្កា​យ និង​ម៉ិ​ក​ស៊ិ​ក ដែលជា​ប្រទេស​មាន​ទឹកមាត់ប្រៃ​នៅ​តំបន់ មិនបាន​គាំទ្រ​លោក ក្វៃ​ដូ ឡើយ និង​ស្នើ​ឲ្យ​មាន​ការចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឯ​រដ្ឋ​អឺរ៉ុប​អ៊ីតាលី​វិញ​មិន​ទទួលស្គាល់​លោក ម៉ា​ឌុយ​រ៉ូ តែ​ចង់ឃើញ​ការរៀបចំ​ការបោះឆ្នោត​ម្ដងទៀត​ឲ្យ​បាន​ឆាប់​។​
 
​បែលហ្ស៊ិក និង​ន័​រ​វ៉េ​ស​ដែល​ល្បី​ខាង​ជំហរ​អព្យាក្រឹត​នោះ ក៏​មិន​គាំទ្រ​ក្រុមប្រឆាំង​ដែរ​។ ដូចគ្នា​នឹង​អ៊ីតាលី ប្រទេស​ទាំងពីរ​ចង់​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឡើងវិញ​ឲ្យ​បាន​លឿន​។ បន្ថែម​ពីលើ​នេះ ប្រទេស​ជាច្រើន​ទៀត​សុទ្ធតែ​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​ចូល​តុ​ចរចា​ដើម្បី​ស្វែងរក​ច្រកចេញ ជាជាង​ប្រកែក​គ្នា​រក​ត្រូវ​រៀងៗ​ខ្លួន រហូត​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ស្មុគស្មាញ ខណៈ​អាមេរិក​ឯណោះ​ក៏​ព្រមាន​ពី​ការប្រើ​កម្លាំងយោធា​ទៅទៀត​។​
 
​ជុំវិញ​ជម្រើស​យោធា​នេះ លោក ម៉ា​ឌុយ​រូ បាន​ព្រមាន​លោក ត្រាំ ជាមុន​ហើយ​ថា បាតដៃ​របស់​ប្រធានាធិបតី​អាមេរិក​នឹង​ជាប់​ដោយ​ឈាម​ដូច​សង្គ្រាម​វៀតណាម បើ​កងទ័ព​អាមេរិក​ធ្វើ​អន្តរាគមន៍​ចូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មែន​នោះ​។ ទោះ​ទទួលស្គាល់ថា ការប្រយុទ្ធ​ជាមួយ​អាមេរិក​ប្រៀបដូចជា​ព្រេង​និទាន​ដេវីដ និង​យក្ស​ក្ដី ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​៕ 
 
 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com