អន្តរជាតិ
នយោបាយអន្តរជាតិ
ការដុតក្រដាសសែន, ធូប និងផាវក្នុងថ្ងៃចូលឆ្នាំចិនបង្កើនកម្រិតផ្សែងពុលនៅថៃ រូបភាព The Nation ថៃ
× ពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិនក្នុងទីក្រុងបាងកក និងខេត្តនៅក្បែរៗនោះ កំពុងបង្កើនកម្រិតផ្សែងពុលទៅក្នុងខ្យល់ ដែលកំពុងស្ថិតក្នុងកម្រិតបំពុលខ្ពស់ស្រាប់ផងនោះ។ មូលហេតុនៃកំណើនកម្រិតខ្យល់កខ្វក់ គឺកើតឡើងដោយសារតែការដុតធូប ,ទាន, ក្រដាសសែន, និងផាវ។
កាលពីថ្ងៃចន្ទទី ៤ ខែកម្ភៈ ខណៈប្រជាជនថៃដែលជាប់សែស្រឡាយចិនbanអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីចិន សហការីនៃកាសែតថៃ The Nation បានប្រើប្រាស់ឧបករណ៍វាស់ស្ទង់គុណភាពខ្យល់ ក្នុងគោលបំណងត្រួតពិនិត្យឥទ្ធិពលនៃការអបអរនេះ ដែលធ្វើឡើងនៅក្នុងសង្កាត់មួយនៅកណ្តាលទីក្រុងបាងកក។ លទ្ធផលបានបង្ហាញថា ផ្សែងដែលហុយចេញពីធូប, ផាវ និងក្រដាសសែនបានបង្កើនកម្រិតការបំពុលខ្យល់ ទៅកាន់កម្រិតគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាព។
ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញបរិស្ថាននៃសកលវិទ្យាល័យថៃ Silpakorn ឈ្មោះថា Somnuck Jongmeewasin បានគូសបញ្ជាក់ថា ការដុតក្រដាសសែនបញ្ចេញកម្រិតខ្ពស់បំផុតនៃ PM2.5 ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺ ផ្សែងនិងផេះរបស់វាគឺមានផ្ទុកនូវលោហធាតុពុល ដូចជាសំណ (Pb), ម៉ង់ហ្គាណែស្ស (Mn) និងនីតែល (Ni) ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
បន្ថែមពីនេះ លោក Somnuck និយាយថា ជាទូទៅក្រដាសសែនដែលគេតែងយកមកដុតអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវបានផលិតឡើងដោយ ក្រដាសពណ៌ដែលមានគុណភាពអន់ និងលាបពីលើដោយសំណ។ ដ្បិតវាចំណាយអស់ប្រាក់តិច ប៉ុន្តែក្រដាសប្រភេទនេះអាចបញ្ចេញផ្សែងពុលយ៉ាងខ្លាំង នៅពេលគេយកវាទៅដុត។
ផ្សែងពុលដែលមានផ្ទុកកម្រិតជាតិសំណដ៏ច្រើនបែបនេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងទៅលើសុខភាពមនុស្ស និងបរិស្ថាន។ ការស្រូបការខ្យល់កខ្វក់ប្រភេទនេះអាចបណ្តាលឲ្យកើតជំងឺ មហារីកសួត, កង្វះគ្រាប់ឈាមក្រហម, ខ្សោយតម្រងនោម និងប៉ះពាល់ការលូតលាស់ខួរក្បាលរបស់កុមារជាដើម។ នេះជាការលើកឡើងរបស់លោក Somnuck ។
សូមបញ្ជាក់ថា គណៈកម្មាធិការបរិស្ថានថៃ កាលពីថ្ងៃចន្ទបានរៀបចំកិច្ចប្រជុំពិសេសមួយក្នុងគោលដៅបង្កើតវិធានការដើម្បីទប់ទល់នឹងកម្រិតខ្យល់កខ្វក់ PM2.5 ក្នុងរយៈពេលមធ្យម និងវែង។ ក្នុងចំណោមវិធានការទាំងនោះ ក៏មានការសម្រេចចិត្តមួយក្នុងការដំឡើងកម្រិតសុវត្ថិភាពជាប្រចាំថ្ងៃរបស់ប្រទេសថៃពី ៥០ ទៅ ៣៧,៥ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ដើម្បីលើកកម្ពស់ស្តង់ដារគុណភាពខ្យល់ឲ្យកាន់តែប្រសើរឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com