អន្តរជាតិ
នយោបាយអន្តរជាតិ
ផ្លូវការ! ដូណាល់ ត្រាំ នឹងជួប គីម ជុងអ៊ុន ជាថ្មីនៅវៀតណាម
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែកុម្ភៈ ប្រកាសថា ជំនួបលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងពីថ្ងៃទី២៧ ដល់ទី២៨ ខែកុម្ភៈ នៅទឹកដីវៀតណាម។ មិនមានបញ្ជាក់ទេថា ទីក្រុងណានឹងរៀបចំជំនួបពិសេសនេះ។ ជំនួបលើកទីពីរនេះ នឹងផ្ដោតលើដំណើរការរំសាយនុយក្លេអ៊ែរ ដែលសព្វថ្ងៃកំពុងជាប់គាំង។
ជំនួបលើកទីពីររវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើឡើងក្នុងកាលៈទេសៈដែលដំណើរការលុបបំបាត់នុយក្លេអ៊ែរមិនទៅមុខ ដ្បិតភាគីទាំងពីរប្រកាន់ជំហរខុសគ្នាទាំងនិយមន័យ វិធីសាស្ត្ររំសាយ និងការផ្ដល់រង្វាន់លើកទឹកចិត្តជាដើម។ ខណៈជំនួបលើកទីមួយធ្វើនៅសិង្ហបុរី ជំនួបលើកទីពីរនេះក៏ទៅណាមិនឆ្ងាយពីសិង្ហបុរីដែរ ដោយលោក ត្រាំ ប្រកាសថា លោកនឹងជួបលោក គីម នៅវៀតណាម។
លោក ត្រាំ ប្រកាសព័ត៌មាននៃកាលបរិច្ឆេទជំនួបលើកទីពីរនេះនាឱកាសថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិនៅឯវិមានកាពីតូលនៅយប់ថ្ងៃទី៥ ខែកុម្ភៈ ។ នៅថ្ងៃទី៦ ខែកុម្ភៈនេះ មន្ត្រីជាន់ខ្ពស់អាមេរិកក៏ធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងដើម្បីជជែកគ្នាពីគម្រោងនៃជំនួបមេដឹកនាំប្រទេសទាំងពីរ។ លោក Stephen Biegun តំណាងពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នឹងចាកចេញពីរដ្ឋធានីសេអ៊ូល ជាទីដែលស្នាក់អាស្រ័យតាំងពីចុងសប្ដាហ៍មុន ដើម្បីជួបជាមួយសមភាគីកូរ៉េខាងជើង Kim Hyok-chol ។
ក្រៅពីការពិភាក្សាផែនការលម្អិតនៃជំនួបមេដឹកនាំ មន្ត្រីអាមេរិក និងកូរ៉េខាងជើង ក៏ទំនងជជែកពីកិច្ចព្រមព្រៀងមួយជុំវិញចំណាត់ការតបវិញរបស់អាមេរិកទៅនឹងសកម្មភាពកូរ៉េខាងជើងនាពេលកន្លងមក។ ត្រង់ចំណុចនេះ លោក Biegun ធ្លាប់និយាយរួចហើយថា អាមេរិកត្រៀមខ្លួនចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែការដាក់ទណ្ឌកម្មនឹងនៅតែមានជាធរមានបន្តទៀតរហូតដល់ការរំសាយនុយក្លេអ៊ែរត្រូវបញ្ចប់ទាំងស្រុង។
ជំនួបលើកទីពីរនៅវៀតណាម តែមិនទាន់ដឹងនៅទីក្រុងណាមួយនោះ ធ្វើឡើងក្នុងបរិបទដែលបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងធ្វើឲ្យលោក ត្រាំ និងថ្នាក់ក្រោមមានគំនិតផ្ទុយគ្នា។ លោក ត្រាំ ដែលជួបលោក គីម នៅសិង្ហបុរីលើកដំបូងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានសុទិដ្ឋិនិយមខ្ពស់ក្រោយមេដឹកនាំកូរ៉េខាងជើងសន្យា លុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែមន្ត្រីចារកម្មរបស់អាមេរិករកឃើញថា ក្រុងព្យុងយ៉ាងដែលចាត់ទុកនុយក្លេអ៊ែរជាកត្តាស្លាប់រស់នៅរបបដឹកនាំខ្លួន នឹងមិនបោះបង់វាដោយងាយឡើយ។
ត្រឡប់មកវិញ ក្នុងពេលថ្លែងសុន្ទរកថាដដែលនោះ ក្រៅពីប្រកាសពីកាលបរិច្ឆេទនិងទីតាំងនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក ត្រាំ បានរំលឹកជាថ្មីពីគុណបំណាច់របស់លោកក្នុងការស្វែងរកសន្តិភាព និងបញ្ចៀសសង្គ្រាមជាមួយកូរ៉េខាងជើង។
លោក ត្រាំ និយាយបែបនេះ៖ «ជាផ្នែកមួយនៃជំហរវិធានការការទូត យើងបន្តប្រឹងប្រែងជំរុញឲ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េ។ តាមយោបល់ខ្ញុំផ្ទាល់ ប្រសិនជាខ្ញុំមិនមែនជាប្រធានាធិបតីអាមេរិកទេ ពេលនេះសង្គ្រាមទ្រង់ទ្រាយធំកំពុងកើតមានជាមួយកូរ៉េខាងជើងមិនខាន។ នៅសល់កិច្ចការច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែទំនាក់ទំនងរវាងខ្ញុំ និងលោក គីម ជុងអ៊ុនល្អណាស់»៕
© រក្សាសិទ្ធិដោយ thmeythmey.com