បច្ចុប្បន្នកោះរ៉ុង គឺជាតំបន់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខណ្ឌមិត្តភាព នៃក្រុងព្រះសីហនុ។ ប៉ុន្តែបើតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកាលពីចុងខែមករាកន្លងទៅ កោះរ៉ុងនឹងត្រូវបង្កើតឲ្យទៅជាទីក្រុងមួយដាច់ដោយឡែកពីក្រុងព្រះសីហនុ នៅខែឧសភាឆ្នាំ២០១៩ ដោយមានសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។
អ្នកជំនាញរំពឹងថា ការវិនិយោគនៅក្នុងវិស័យទេសចរណ៍នឹងកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកោះនេះក្លាយទៅជាទីក្រុង។ ទោះយ៉ាងណាពួកគេមានការព្រួយបារម្ភលើស្ថានភាព នៃប័ណ្ណកម្មសិទ្ធិ ដីធ្លីនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម។
កោះទាំងពីរមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៤ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្ត្រៃយ៍ប្រមាណជាង ៤,០០០នាក់។ កោះទាំង២នេះគឺជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំណែកភ្ញៀវទេសចរណ៍រាប់ពាន់នាក់មកជារៀងរាល់ថ្ងៃ។
លោក ឈឺន ចន្ថា ដែលជាចៅសង្កាត់កោះរ៉ុងសន្លឹមបានស្វាគមន៍ចំពោះគម្រោងនេះ។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការអភិវឌ្ឍវិស័យអចលនទ្រព្យ នឹងហូរចូលក្នុងតំបន់នេះ កាន់តែច្រើន ហើយតម្លៃដីនឹងកើនឡើងថែមទៀត។ លោក ចន្ថា បានពន្យល់ថានៅពេលក្រុងថ្មីបង្កើតឡើង អគាររដ្ឋបាលជាច្រើននឹងត្រូវបានសាងសង់ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក៏នឹងត្រូវសាងសង់ឡើងផងដែរ។
លោក ចន្ថា បានអះអាងថា៖ «ដីនៅតាមតំបន់មាត់ឆ្នេរសមុទ្រ នៅក្នុងភូមិកោះតូច នៃសង្កាត់កោះរុងសន្លឹមបច្ចុប្បន្នមានតម្លៃជាង១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលស្ថិតនៅឆ្ងាយពីឆ្នេរអាច មានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកមួយចំនួនទៀត ដែលគ្មានប័ណ្ណកម្មសិទ្ធិអាចមានតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ»។
«ជាទូទៅតំបន់នេះមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងមួយថ្ងៃជាមធ្យមមានភ្ញៀវទេសចរណ៍ប្រមាណ២,៥០០នាក់ (រដូវពេញនិយមមានរហូតដល់៥,០០០នាក់ប៉ុន្តែរដូវស្ងាត់មានតិចតួចប៉ុណ្ណោះ) ។ ប្រហែលជា៧៥ ភាគរយ នៃភ្ញៀវទេសចរណ៍បានស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ» ។នេះជាការបញ្ជាក់ពីលោក ចន្ថា ដែលបានបន្ថែមថា ផ្ទះស្នាក់នៅលើកោះនេះ មានតម្លៃចាប់ពី ៥ ដុល្លារក្នុងមួយយប់ [ផ្ទះធម្មតារបស់ប្រជាជន] និងមានដល់តម្លៃរាប់រយដុល្លារក្នុងមួយយប់សម្រាប់ផ្ទះប្រភេទបឹងកាឡូប្រណិតៗ។
លោក Brad King នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងខេត្តព្រះសីហនុគឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថា ៖ «ការសម្រេចដាក់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុង នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានលក្ខណៈល្អប្រសើរ»។
ទោះជាយ៉ាងណាក៏ដោយ លោក King បានកត់សម្គាល់ថាទីផ្សារអចលនទ្រព្យនៅលើកោះទាំងពីរ នៅមានកម្រិតនៅឡើយ។ លោកបានសម្តែងការព្រួយបារម្ភអំពី ភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅលើកោះទាំងនេះ ដោយលោកបន្ថែមថា ម្ចាស់ដីភាគច្រើនទុកដីឲ្យទំនេរ ដោយមិនធ្វើការសាងសង់អ្វីឡើយ។
លោកបាននិយាយថា ៖ «អ្នកភូមិភាគច្រើនមិនទាន់មានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួននៅឡើយ”។ លោកក៏បានបន្ថែមដែរថា ៖«វិនិយោគិនកំពុងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ មុនពេលពួកគេវិនិយោគគម្រោងធំៗដូចជាសណ្ឋាគារ និងអាផាតមេនជាដើម»។
បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់មួយនៅលើកោះរ៉ុង។ ក្រុមហ៊ុននេះបានបង្កើត រមណីយដ្ឋានដ៏ប្រណិតមួយនៅលើកោះនេះ ដែលមានឈ្មោះថា Royal Sand Resort។
ទាក់ទងនឹងការចេញប្លង់រឹងជូនពលរដ្ឋ លោក ចន្ថា បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក មួយភាគបីនៃប្លង់កម្មសិទ្ធិសរុបត្រូវបានចេញជូនឲ្យពលរដ្ឋរួចរាល់។
លោក King ដែលបានអភិវឌ្ឍគម្រោងអាផាតមេនមួយនៅលើកោះរ៉ុងបាននិយាយថា៖ « ការសាងសង់ត្រូវចំណាយពេលយូរ និងមានការពិបាក។ នេះប្រហែលជាមូលហេតុមួយ ដែលម្ចាស់ដីមិនមានបំណងធ្វើការវិនិយោគ និងត្រូវរង់ចាំរហូតដល់មានការចេញប្លង់រឹងស្របច្បាប់ ឲ្យជាមុនសិន»។
«ខ្ញុំត្រូវចំណាយពេលដឹកសម្ភារៈតាមទឹករហូតដល់៦០ជើង ដើម្បីសាងសង់គម្រោងអាផាតមេនរបស់ខ្ញុំ»។ លោកបានបន្ថែមថាតម្លៃដីក៏ស្រដៀងនឹងក្រុងព្រះសីហនុដែរ ជាក់ស្តែងដីមាត់ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបានអះអាងថា ប្រសិនបើប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះនឹងមានអ្នកទិញចូលមកកាន់តែច្រើន។ «គ្មាននរណាម្នាក់ចង់ទិញ ឬវិនិយោគលើដីដែលមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ»។
មានទស្សនៈស្រដៀងលោក King ដែរ លោក ឌិន សកល នាយកប្រតិបត្តិក្រុមហ៊ុន Universal Real Estate បាននិយាយថាការទិញលក់ដីធ្លីនៅលើកោះរ៉ុង ហាក់មានសភាពទ្រឹងក្នុងពេលបច្ចុប្បន្ន។ លោកជឿថាការបង្កើតជាទីក្រុងថ្មី វានឹងជួយបង្កើនសកម្មភាពអចលនទ្រព្យនៅលើតំបន់កោះនេះឡើងវិញ។
លោក សកល បាននិយាយថា៖ «ក្រុងថ្មីនឹងធ្វើឱ្យវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរតម្លៃជួលនឹងកើនឡើង ចំណែកសេវាកម្មក៏នឹងត្រូវធ្វើឲ្យមានភាពល្អប្រសើរថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលកើនឡើង»។
លោកចន្ថាបានយល់ស្របចំពោះការព្រួយបារម្ភជុំវិញប្លង់កម្មសិទ្ធិ ក្រោយពីលោកក៏ពិនិត្យឃើញថាអាទិភាពមួយចំនួនទៀតដូចជា៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់ នៅមានកម្រិត និងការកាប់ឈើ និងការនេសាទខុសច្បាប់ គឺជាកត្តាសំខាន់ៗដែលរារាំងដ៏ភាពរីកចម្រើននៅលើកោះទាំងមូល។
គួររំលឹកដែរថា ក្រៅពីការប្តូរកោះរ៉ុងទៅជាទីក្រុង រដ្ឋាភិបាលក៏បង្កើតខណ្ឌថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញរួមមាន៖ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ នេះបើតាមអនុក្រឹត្យដដែល៕
(អត្ថបទពាណិជ្ជកម្ម)