មានសារនយោបាយពីរ បានលេចឡើងរវាងលោក សម រង្ស៊ី មេដឹកនាំប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេស និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ដោយម្នាក់ ប្តេជ្ញាផ្លាស់ប្តូរ តែម្នាក់ទៀត ប្រកាសទប់ស្កាត់។
លោក សម រង្ស៊ី កំណត់កាលបរិច្ឆេទត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៩នេះ ប៉ុន្តែ លោក មិនមែនមកតែម្នាក់ឯងទេ។ លោក និង សហការី កំពុងដើរបំផុសបំផុលអ្នកគាំទ្រនៅក្រៅប្រទេស ឲ្យធ្វើមាតុភូមិនិវត្តមួយក្រុមលោក ដើម្បីរួមកម្លាំងជាមួយអ្នកនៅក្នុងស្រុក។
មេដឹកនាំប្រឆាំងរូបនេះ ប្តេជ្ញាថា នឹងធ្វើឲ្យកម្ពុជា មានការផ្លាស់ប្តូរឲ្យបាន នៅក្នុងឆ្នាំ២០១៩នេះ។ លោក ថែមទាំងនិយាយបែបបំភ័យទៀតថា លោក មិនមែនមកកម្ពុជា ដើម្បីឲ្យសម្តេច ហ៊ុន សែន ចាប់ឡើយ តែលោកវិញទេ ដែលនឹងចាប់សម្តេច ហ៊ុន សែន។
«ខ្មែរនៅថៃរាប់លាននាក់ នៅម៉ាឡេស៊ីរាប់ម៉ឺននាក់ នៅកូរ៉េរាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិករាប់សែនាក់ នៅបារាំងរាប់សែននាក់ នៅកាណាដារាប់ម៉ឺននាក់ នៅអូស្ត្រាលីរាប់ម៉ឺននាក់ នៅប្រទេសដទៃទៀតរាប់ម៉ឺននាក់ យើងនឹងទៅស្រុកយើងវិញ ដើម្បីយកប្រទេសយើងវិញ.....»។ នេះជាសាររបស់លោក សម រង្ស៊ី ដែលថ្លែងទៅកាន់អ្នកគាំទ្រក្នុងវេទិកាមួយ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
ស្របពេលលោក សម រង្ស៊ី កំពុងដើរបបួលនិងបញ្ចុះបញ្ចូលខ្មែរនៅក្រៅប្រទេសឲ្យចូលស្រុក ដើម្បីផ្លាស់ប្តូរ សម្តេច ហ៊ុន សែន ក៏រម្លឹកពីសន្តិភាពនៅកម្ពុជា។ តាមពិតទៅ នាយករដ្ឋមន្ត្រី រម្លឹកពីសន្តិភាពនាពេលនេះ គឺភ្ជាប់ជាមួយឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដោយចង់បញ្ជាក់ថា ដោយសារតែកម្ពុជា មានសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋខ្មែរ អាចមានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗទៀត។
ប៉ុន្តែ សាររបស់នាយករដ្ឋមន្ត្រី ក៏ស្របនឹងផែនការចូលស្រុករបស់លោក សម រង្ស៊ី ដែរ។ តាមរយៈសារលើទំព័រហ្វេសប៊ុក ប្រមុខរដ្ឋាភិបាល បានសរសេរក្នុងន័យប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖«នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ....»។
ក្រោយប្រមុខរដ្ឋាភិបាល ប្តេជ្ញាចិត្តបែបនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏ចេញសេចក្តីថ្លែងការណ៍ ដើម្បីបង្ហាញការគាំទ្រ។ លោក សរសេរក្នុងសេចក្តីថ្លែងការណ៍ បែបនេះថា៖«ការិយាល័យអ្នកនាំពាក្យ សូមសម្តែងមោទកភាពនិងសេចក្តីគោរពបំផុត ក្នុងការប្តេជ្ញាចិត្តរបស់សម្តេចតេជោ.....។ នេះជាឧត្តមគតិជាតិពិត និងជាសេចក្តីចង់បានរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បន្តសើចចំអកឲ្យលោក សម រង្ស៊ី ស្ទើររាល់ថ្ងៃ។ លោក ហ៊ានអះអាងថា លោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួន នៅព្រលានយន្តហោះតែម្តង ឲ្យតែមកដល់កម្ពុជា តែលទ្ធភាព ដែលលោក សម រង្ស៊ី ចាប់សម្តេច ហ៊ុន សែន គឺអត់មានទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«គ្មានឡើយ ដែលទណ្ឌិត សម រង្ស៊ី មកចាប់សម្តេចតេជោ ហ៊ុន សែន មានតែចូលមកឲ្យសម្តេចចាប់ខ្លួនទណ្ឌិតនេះទៅវិញទេ ដោយមានសាលក្រមចាប់ខ្លួនពីតុលាការ និងសមត្ថកិច្ចបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់រួចហើយ»។
ក្រុមអ្នកប្រឆាំង មិនត្រឹមតែអំពាវនាវឲ្យអ្នកគាំទ្រនៅតាមបណ្តាប្រទេសនានា ចូលស្រុកជាមួយលោក សម រង្ស៊ី ប៉ុណ្ណោះទេ តែថែមទាំងដាក់ផែនការឲ្យមន្ត្រីខ្លួន ដើរកៀងគរកម្លាំងអ្នកគាំទ្រក្នុងស្រុក ឲ្យចាំទទួលថែមទៀត។ លើសពីនេះ ក្រុមប្រឆាំង កំពុងតែដើរប្រមូលថវិកាឲ្យបានយ៉ាងតិច៣០ម៉ឺនដុល្លារ សម្រាប់ការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី៕