មិនមែនព្រមានតែមាត់ទេ សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ បានត្រៀមលក្ខណៈនិងរៀបចំកម្លាំងរួចរាល់អស់ហើយ នៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែន ដើម្បីចាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងនិរទេស និងបានប្រកាសវិលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើលិខិតផ្ញើទៅអគ្គនាយករង និងប្រធាននាយកដ្ឋានដែលចំណុះឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យអនុវត្តដីការរបស់តុលាការ ដែលបង្គាប់ឲ្យចាប់លោក សម រង្ស៊ី ពេលមកដល់កម្ពុជា។
តាមរយៈលិខិតដែលធ្វើឡើងតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាទៅមន្ត្រីក្រោមឱវាទយ៉ាងដូច្នេះថា៖«អគ្គនាយករង និងប្រធាននាយកដ្ឋានពាក់ព័ន្ធ ពិសេសនៅតាមគោលដៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវចាត់វិធានការអនុវត្ត និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពខ្ពស់»។
មេនគរបាលផ្នែកអន្តោប្រវេសន៍រូបនេះ ប្រាប់សារព័ត៌មានថ្មីៗបន្ថែម តាមទូរសព្ទថា៖«កម្លាំងរបស់យើង នៅទីនោះស្រាប់ហើយ។ ខ្ញុំ គ្រាន់តែអនុវត្តដីកាប៉ុណ្ណោះ។ បើមិនអនុវត្ត ម៉េចហៅថាអនុវត្តច្បាប់»។
បច្ចប្បន្ននេះ ក្រុមអ្នកប្រឆាំង និងក្រុមអ្នកកាន់អំណាច កំពុងឆ្លើយឆ្លងគ្នាពីការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី ឃោសនាថា លោក នឹងចូលកម្ពុជា ហើយធ្វើឲ្យកម្ពុជា ឈានទៅរកការផ្លាស់ប្តូរឲ្យបានដាច់ខាត នៅត្រឹមឆ្នាំ២០១៩នេះ ដែលលោក ហៅថាជាឱកាសនិងកាលៈទេសៈល្អបំផុត។ ប៉ុន្តែ លោក មិនមែនមកតែឯងឬមកជាមួយបក្ខពួកប៉ុន្មាននាក់នោះទេ ដោយលោក អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តាប្រទេសនានា ធ្វើដំណើរមកជាមួយលោកដែរ។
ក្រៅពីដើរបបួលខ្មែរនៅក្រៅប្រទេស ក្រុមថ្នាក់ដឹកនាំប្រឆាំង ក៏បានដាក់ផែនការនិងបញ្ជាពីក្រៅប្រទេសមកកាន់មន្ត្រីរបស់ខ្លួននៅក្នុងស្រុក ឲ្យដើរកៀងគរកម្លាំងអ្នកគាំទ្រ ដើម្បីត្រៀមទទួលលោក សម រង្ស៊ី។ លើសពីនេះ អ្នកប្រឆាំងនៅក្រៅប្រទេស កំពុងតែស្វែងរកថវិកាពីអ្នកគាំទ្រ ឲ្យបានយ៉ាងតិច៣០ម៉ឺនដុល្លារ សម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី រងការព្រមានជាប់ខ្លួនមិនតិចដងទេ ពីសំណាក់មេដឹកនាំកាន់អំណាចកំពូល គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខរដ្ឋាភិបាល ធ្លាប់ព្រមានថា គុកនិងខ្នោះ ត្រៀមរួចរាល់ហើយ ហើយថែមទាំងប្រកាសជាសាធារណៈថា ចាំមើលខ្លួន នឹងចាត់ការរបៀបណា ពេលលោក សម រង្ស៊ី មកដល់ស្រុកខ្មែរ។
ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច និង អ្នកនាំពាក្យរដ្ឋាភិបាល សុទ្ធតែព្រមានតាមក្រោយមេដឹកនាំរបស់ខ្លួន ថាលោក សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចចាប់ខ្លួន ពេលមកដល់កម្ពុជា៕