ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មរបស់សណ្ឋាគារចំនួនពីរ ដែលបានអនុវត្តសកម្មមិនត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់អាជ្ញាធរ។
សណ្ឋាគារទាំងពីរ ដែលខាងអាជ្ញាធរខេត្ត បានផ្អាកសកម្មភាពអាជីវកម្មបណ្ដោះអាសន្ននេះ មានឈ្មោះថា សណ្ឋាគារ Legend Online និងសណ្ឋាគារ Ly Hao Inter national Hotel។ មូលហេតុដែលអភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យបិទអាជីកម្មសិននេះ ដោយសារតែសណ្ឋាគារទាំងពីរ មិនព្រមរៀបចំអាងប្រព្រឹត្តទឹកកខ្វក់ឲ្យបានត្រឹមត្រូវ តាមគោលការណ៍រដ្ឋបាលខេត្ត។
លិខិតដោយឡែកចុះថ្ងៃទី៨ កុម្ភៈ ដែលលោក យន្ត មីន បានផ្ញើទៅខាងម្ចាស់សណ្ឋាគារទាំងនេះ បានបញ្ជាក់ដូច្នេះថា«សណ្ឋាគារខាងលើ មានអាងស៊ិបទិច តែពុំទាន់មានអាងប្រព្រឹត្តទឹកកខ្វក់ ហើយម្ចាស់ទីតាំងបានឯកភាព ចំពោះការណែនាំរបស់ក្រុមការងារ និងបានសន្យាថា អនុវត្តតាមការណែនាំដែលមានក្នុងខ្លឹមសារកំណត់ហេតុ…ម្ចាស់សណ្ឋាគារនៅតែមិនទាន់អនុវត្តតាមការណែនាំនៅឡើយ» ។
កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានជំរុញឲ្យម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អាគាពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងឡាយ ធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិពុលសិន មុននឹងបង្ហូរចូលទៅលូ និងបង្ហូរទៅសមុទ្រ ។ តែបញ្ហានេះម្ចាស់ទីតាំងអាជីវកម្មភាគច្រើន នៅមិនទាន់បានសហការនៅឡើយ។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់នេះ អាជ្ញាធរខេត្ត បានសាងសងស្ថានីយ៍បូមទឹកកខ្វក់៤កន្លែង ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះ មុននឹងបង្ហូរចូលទៅសមុទ្រ។
ស្ថានីយ៍បូមទាំង៤នេះ រួមមានទី១ នៅក្បែរអគារសណ្ឋាគារអេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣ ។ ទី២ ស្ថិតនៅជាប់បរិវេណសណ្ឋាគារសុខា។ ទី៣ ស្ថិតនៅក្បែរអូរ នៃអគា ឌី ស៊ីហ៊ូ និងទី៤ ស្ថិតនៅម្តុំទីតាំងផ្លូចុះទៅផែអូប័រទៅកោះរ៉ុង ដើមឆ្នេរអូរឈើទាល ។
ការសាងសងស្ថានីយ៍បូមទឹកកខ្វក់យកទៅចម្រោះនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានដឹកនាំកិច្ចប្រជុំធំមួយ ដើម្បីសិក្សារៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ តាមរយៈកិច្ចប្រជុំនេះ អន្តរក្រសួង បានឯកភាពគ្នារៀបចំស្ថានីយពិពិធកម្មចម្រោះទឹកកខ្វក់ ដើម្បីការពារបរិស្ថាន ដោយមិនឲ្យប៉ះពាល់ដល់ឆ្នេរសមុទ្រ។
បញ្ហាបរិស្ថានក្នុងខេត្តព្រះសីហនុ ដែលរងការរិះគន់កន្លងមក គឺជាគំរូអវិជ្ជមានមួយ សម្រាប់ជាមេរៀនដល់ការអភិវឌ្ឍន៍នៅខេត្តផ្សេងៗទៀត។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានបន្ថែមថា បញ្ហានេះកើតឡើងក៏ព្រោះតែគំហុកនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នោះ ខណៈដែលរដ្ឋាភិបាលមិនទាន់រៀបចំបានរួចរាល់។
បើតាមលោក នេត្រ ភក្ត្រា បញ្ហាបរិស្ថាននៅខេត្តព្រះសីហនុ ពិសេសការបង្ហូរសំណល់ចូលសមុទ្រ នឹងត្រូវបានដោះស្រាយនាពេលខាងមុខ ព្រោះរដ្ឋាភិបាលកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងគ្រប់គ្រងអាជីវកម្ម សំណង់ យ៉ាងយកចិត្តទុកដាក់៕