ជាតិ
ACU បើក​ការស៊ើបអង្កេត​លើ​អតីត​មេ​ប៉េអឹម​រតនគិរី​លោក គឹម រស្មី
11, Feb 2019 , 9:53 am        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) បើក​ការស៊ើបអង្កេត​លើលោក គឹម រស្មី អតីតមេប៉េអឹមខេត្តរតនគិរី
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) បើក​ការស៊ើបអង្កេត​លើលោក គឹម រស្មី អតីតមេប៉េអឹមខេត្តរតនគិរី
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​លោក គឹម រស្មី អតីតមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ស្របពេល​សាធារណជន ដាក់​ការសង្ស័យ​លើ​មេ​ប៉េអឹម​រូបនេះ ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវបាន​ព្រះមហាក្សត្រ ចេញពី​រាជក្រឹត្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។​



ដើម្បី​ដោះស្រាយ​ចម្ងល់​មហាជន​នោះ លោក ឱម យ៉ិនទៀង បាន​បញ្ជារ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​លើ​ករណី​លោក គឹម រស្មី នេះហើយ ។ ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នេះ លោក ឱម យ៉ិនទៀង មិនទាន់​អាច​បញ្ជាក់​អ្វី​នោះទេ ដោយ​លោក អះអាងថា ត្រូវការ​ពេលវេលា​យូរ​ស៊ើបអង្កេត​លម្អិត​ករណីនេះ​បន្ថែមទៀត​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​ប្រឆាំង​អំពើពុករលួយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អង្គភាព​ផ្អែកទៅលើ​ព័ត៌មាន​របស់​ខ្លួនឯង អង្គភាព​ក៏បាន​ស្រង់​យក​ព័ត៌មាន​ល្អ​ផ្សេងៗ​ទៀត​ពី​ប្រភព​ចំហរ (Open Soft) ហើយ​យើង​ក៏បាន​ធ្វើការ បើក​ការស៊ើបអង្កេត​រួចទៅហើយ​ដែរ មុននឹង​មានការ​បកស្រាយ​ច្រើន​លើ​បញ្ហា​ហ្នឹង​។ យើង​ក៏​ឃើញ​កង្វល់​របស់​សង្គម​ដែរ​លើ​បញ្ហា​ហ្នឹង យើង​ក៏​ខិតខំ​ជំរុញ​រឿងនេះ​ឲ្យ​ទាន់សភាពការណ៍​ក្តៅៗ​នៃ​ការចង់​ដឹង​របស់​មហា​ជន​ដែរ »​។  
សូមស្ដាប់សំឡេង៖

 
​ចំណាត់ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នេះ គឺ​កើតចេញពី​ការសង្ស័យ​របស់​អង្គភាព​ខ្លួន ពោលគឺ​មិនមែន​មាន​ពាក្យបណ្ដឹង​មកពី​ខាង​ណា​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក ឱម យ៉ិនទៀង​។​
 
​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវបាន​ព្រះមហាក្សត្រ ចេញពី​រាជក្រឹត្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។ ភ្លាមៗ​ក្រោយ​ព្រះរាជក្រឹត្យ​បញ្ចប់​ក្របខណ្ឌ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ករណី​លោក គឹម រស្មី យ៉ាង​ដូច្នេះ​ថា​៖«​នេះ​គឺជា​វះកាត់​ប្រកបដោយ​ការឈឺចាប់​។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​»​។​
 
​ការ​លុបឈ្មោះ​លោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​នេះ ត្រូវបាន​គេ​មើលឃើញថា វា​បាន​កើតឡើង​ក្រោយ​មាន​បង្ហោះ​វិ​ដេ​អូ​លើ​បណ្តាញ​សង្គម រឿង​ចែក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​កូនៗ​នៅក្នុង​ពិធី​ខួបកំណើត​របស់ខ្លួន​។ វិ​ដេ​អូ​នេះ​ប្រកាស​ចែក​លុយ​កូន​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន ដាក់​ការសង្ស័យ​លើ​ភាពមិនប្រក្រតី​របស់លោក គឹម រស្មី ក្នុងការ​បំពេញ​តួនាទី​របស់​មេ​បេ​អឹម​ខេត្តរតនគិរី​នេះ​៕

Tag:
 ឱម យ៉ិនទៀង​
  គឹម រស្មី​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com