ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​បន្ថែម​មុខវិជ្ជា​សរសេរ​កូដ សម្រាប់​សិស្សស្រី ដើម្បី​ជំរុញ​ផ្នែក​បច្ចេកវិទ្យា
11, Feb 2019 , 11:51 am        
រូបភាព
រូបភាពពីក្រសួង​អប់់រំ យុវជន និង​កី​ឡា​
រូបភាពពីក្រសួង​អប់់រំ យុវជន និង​កី​ឡា​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​កម្មវិធី​ថ្មី​មួយ​មុនគេ​បង្អស់​នៅ​កម្ពុជា​គឺ «Sister of Code» សម្រាប់​ឲ្យ​សិស្សស្រី​ដែល​រៀន​នៅតាម​វិទ្យាល័យ រៀន​ពី​របៀប​សរសេរ​កូដ ដែលជា​បច្ចេកវិជ្ជា​ទំនើប សម្រាប់​ជាដើម​ទុន​នៅ​ថ្ងៃ​អនាគត​។

 
 
​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​និយាយថា មូល​ហេតុដែល​ក្រសួង​អប់រំ​រៀបចំ​កម្មវិធី​«Sister of Code» នេះ ដោយសារ​ឃើញ​វត្តមាន​សិស្សស្រី​នៅ​កម្ពុជា មិនទាន់​មានឱកាស​ក្នុង​ការរៀន​ពី​របៀប​សរសេរ​កូដ​ឲ្យ​វិសាលភាព ឆ្លើយតប​នឹង​កា​រវិ​វដ្ត​សម័យ​បច្ចេកវិទ្យា​នៅឡើយ​។​ដូច្នេះ​តាមរយៈ​កម្មវិធី​នេះ លោក​ជឿជាក់ថា សិស្សស្រី​ទាំងអស់​នឹង​អាច​យល់ដឹង​បន្ថែម​ពី​របៀប​សរសេរ​កូដ ដែលជា​បច្ចេកវិជ្ជា​ទំនើប សម្រាប់​ជា​មូលដ្ឋានគ្រឹះ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផងដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​លើកកម្ពស់​ឲ្យ​សិស្សស្រី​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ឲ្យ​កាន់តែច្រើន ដោយសារ​ចំនួន​សិស្សស្រី​ដែល​យល់ដឹង​ពី​ផ្នែក​សរសេរ​កូដ​នេះ មាន​បរិមាណ​តិចជាង​សិស្ស​ប្រុស​។ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិជ្ជា​ទំនើប​នៅក្នុង​សង្គម​បច្ចុប្បន្ន យើង​នឹង​ជំរុញ​ឲ្យ​សិស្សស្រី មាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​រៀន​ពី​ការអភិវឌ្ឍ​Website ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​»​។ 
 
​ជា​ជំហាន​ដំបូង ក្រសួង​អប់រំ​ចង់​សាកល្បង​បើក​បង្រៀន​វគ្គ​នេះ​ចំនួន​តែ​៦​ខែ​សិន ដោយ​រៀន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ និង​រៀន​រយៈពេល​២​ម៉ោង​កន្លះ​ក្នុង​មួយថ្ងៃ សម្រាប់តែ​វិទ្យាល័យ​ចំនួន​២ ដូចជា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ ហ៊ុន សែន សេរីភាព​។ ប្រសិនជា​កម្មវិធី​នេះ​ជោគជ័យ ក្រសួង​នឹង​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឲ្យ​ទូលំទូលាយ​បន្ថែមទៀត​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី​។​
 
«Sister of Code» គឺជា​កម្មវិធី​ថ្មី​មួយ​បន្ថែម​លើ​មុខវិជ្ជា​សិក្សា​របស់​សិក្សា​នុ​សិស្ស​ដែល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ដែល​ក្រសួង​អប់រំ​នឹង​ផ្តល់ឱកាស​ឲ្យ​សិស្សស្រី​អាច​រៀនសូត្រ​បន្ថែម​ពី​របៀប​សរសេរ​កូដ​។ កម្មវិធី​នេះ អាច​អនុញ្ញាត​ឲ្យ​សិស្សស្រី​ដែលមាន​អាយុ​ចាប់ពី​១០​ឆ្នាំ ទៅ​១៨​ឆ្នាំ ទើប​មាន​សិទ្ធិមក​ចុះឈ្មោះ​ដោយ​រៀន​ឥតគិតថ្លៃ​។ ក្រសួង​អប់រំ បាន​សហការ​រួមគ្នា​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល IT Academy STEP Cambodia និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) បង្កើត​កម្មវិធី​នេះ​ឡើង​៕
 

Tag:
 ក្រសួង​អប់រំ​
 ​កូដ​
 ​សិស្ស​
 ​ស្រី​
 ​ឌីជីថល​
 STEM
© រក្សាសិទ្ធិដោយ thmeythmey.com