រថយន្ត
អន្តរជាតិ
ព្រះអង្គម្ចាស់​អង់គ្លេស Philip បោះបង់​បណ្ណ​បើកបរ​ក្នុង​ព្រះជន្ម​៩៧​ព្រះវស្សា​
11, Feb 2019 , 11:19 pm        
រូបភាព
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Philip  (រូបថត៖ AFP)
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Philip (រូបថត៖ AFP)
ដោយ:
​ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស Philip ដែលជា​ព្រះ​ស្វាមី​របស់​ម្ចាស់​ក្ស​ត្រី​យា​នី Elizabeth II បាន​បោះបង់​សិទ្ធិ​កាន់​បណ្ណ​បើកបរ​ក្នុង​ព្រះជន្ម ៩៧ ព្រះវស្សា​។ ការសម្រេច​នេះ គឺធ្វើឡើង​ក្រោយពី​ទ្រង់​បាន​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភាព​ខាងជើង​ទីក្រុង​ឡុង​ដ៍ កាលពី​មួយខែ​កន្លងទៅ​។

 
​អ្នកនាំពាក្យ​ម្នាក់​របស់​ព្រះបរមរាជវាំង Buckingham បាន​និយាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ថា ក្រោយពី​ពិចារណា​យ៉ាង​ល្អិតល្អន់ ព្រះអង្គម្ចាស់ Philip បានសម្រេច​បោះបង់​សិទ្ធិ​កាន់កាប់​បណ្ណ​បើកបរ​របស់​ទ្រង់​ដោយ​ស្ម័គ្រចិត្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ 
 
​និយាយ​ពី​គ្រោះថ្នាក់​ចរ​ចរណ៍ ព្រះ​អង់​ម្ចាស់ Philip បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ឡាន​មួយគ្រឿង​នៅក្បែរ​រាជដំណាក់ Sandringham របស់​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II កាលពី​ថ្ងៃទី ១៧ ខែមករា​។ ក្នុង​ហេតុការណ៍​នេះ ទ្រង់​ពុំមាន​រងរបួស​អ្វី​ឡើយ ប៉ុន្តែ​ស្ត្រី​២​នាក់​ដែល​ជួប​គ្រោះថ្នាក់​ជាមួយ​ឡាន​ព្រះអង្គម្ចាស់ Philip រងរបួស ដោយ​ម្នាក់​បាក់ក​.​ដៃ និង​ម្នាក់ទៀត​រង​បួស​ផ្នែក​ជង្គង់​តិចតួច​។ ជា​សំណាងល្អ ក្មេងប្រុស​វ័យ ៩ ឆ្នាំ​ម្នាក់​ដែល​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ក៏​ពុំមាន​រងរបួស​អ្វី​នោះឡើយ​។ 
 
​ភ្លាមៗ​ក្រោយ​កើតហេតុ ស្ត្រី​ដែល​បាក់ក​.​ដៃ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អង់គ្លេស​មួយ​ថា រូបនាង​ពុំទាន់​ទទួលបាន​ការសុំ​ទោស​ពី​ព្រះបរមរាជវាំង​នៅឡើយ​ទេ ដោយ​បន្ថែមទៀត​៖«​សំណាងល្អ​ដែល​ខ្ញុំ​នៅរស់ តែ​ព្រះអង្គម្ចាស់ Philip មិនទាន់មាន​ព្រះបន្ទូល​សុំទោស​ខ្ញុំ​នោះទេ​»​។ យ៉ាងណាមិញ ប៉ុន្មាន​ថ្ងៃ​ក្រោយមក  ព្រះអង្គម្ចាស់  Philip បាន​ផ្ញើ​សំបុត្រ​សុំទោស​ទៅកាន់​ស្ត្រី​អ្នកបើកបរ​នោះ និង​បាន​ពន្យល់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​ពន្លឺព្រះអាទិត្យ​ចាំង​ចំ​ព្រះ​នេត្រ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ពិបាក​ទត​ផ្លូវ​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ចក្រភព​អង់គ្លេស បណ្ណ​បើកបរ​អស់​សុពលភាព​នៅ​អាយុ ៧០ ឆ្នាំ​។ ប្រជាជនមាន​អាយុ​លើសពី​អាយុ​កំណត់​អាច​បើកបរ​បាន តែ​ត្រូវ​បន្ត​បណ្ណ​បើកបរ​របស់​ពួកគេ​ជា​រៀង​បី​ឆ្នាំ​ម្តង និង​ប្រកាស​ពី​លក្ខខណ្ឌ​សុខាភិបាល​ចាំបាច់​ដើម្បី​បញ្ជាក់ថា​ពួកគេ​ត្រូវ​តាម​ស្តង់ដារ​នៃ​ការបើកបរ​៕
 

Tag:
 ចក្រភព​អង់គ្លេស​
  ព្រះអង្គម្ចាស់​Philip
© រក្សាសិទ្ធិដោយ thmeythmey.com