រថយន្ត
អន្តរជាតិ
Mercedes-Benz ឆ្នាំ១៩៣៩ របស់អតីតស្តេចហ្ស៊កដានី លក់ក្នុងតម្លៃ១,៧លានដុល្លារ
× ក្រុមហ៊ុនលក់ដេញថ្លៃដ៏ធំរបស់អង់គ្លេស Bonhams នាអំឡុងនៃព្រឹត្តិការណ៍ពិព័រណ៌យានយន្ត Retromobile នៅក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសពីតម្លៃរថយន្ត 1939 Mercedes-Benz 540 K Cabriolet A ដែលជាយានយន្តរបស់អតីតព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គ Hussein bin Talal។ យោងតាមការផ្សាយរបស់សារព័ត៌មានយានយន្ត Auto Classics រថយន្តនេះ លក់ក្នុងតម្លៃប្រមាណ១,៧លានដុល្លារអាមេរិក។
ព្រឹត្តិការណ៍ពិព័រណ៌យានយន្ត Retromobile នៅ Port de Versailles ក្រុងប៉ារីស ចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រមូលផ្តុំទៅដោយរថយន្តទំនើបៗ និងបុរាណជាច្រើន។ ជាមួយគ្នានេះ ក្រុមហ៊ុន Bonhams បានប្រកាសពីឱកាសដ៏កម្រមួយសម្រាប់បណ្តាអ្នកស្រឡាញ់រថយន្តលើពិភពលោក ដែលនោះគឺវត្តមានរថយន្តរបស់អតីតព្រះមហាក្សត្រហ្ស៊កដានីនៅលើទីផ្សារដេញថ្លៃ។
រថយន្ត 1939 Mercedes-Benz 540 K Cabriolet A នោះ ជាព្រះរាជអំណោយរបស់រាជវង្សានុវង្សបែលហ្ស៊ិក ដែលបានប្រទានដល់ព្រះមហាក្សត្រ Hussein bin Talal។ ម៉ូដែលនេះ ត្រូវបានបង្ហាញជាសាធារណៈលើកដំបូងនាព្រឹត្តិការណ៍ពិព័រណ៌យានយន្តនៅក្រុងប៉ារីស កាលពីឆ្នាំ១៩៣៦ កន្លងមកផងដែរ។
ព្រះអង្គ Hussein bin Talal បានសោយរាជ្យចន្លោះពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៩៩។ ព្រះអង្គសព្វព្រះទ័យជាមួយរថយន្តខ្លាំងណាស់ ដែលក្នុងនោះ Mercedes-Benz ជាម៉ាកដែលព្រះអង្គចូលចិត្តបំផុត។
អ្នកដែលដេញថ្លៃបានក្នុងតម្លៃ១,៧លានដុល្លារអាមេរិក គឺជាមហាសេដ្ឋីម្នាក់នៅតំបន់អឺរ៉ុប ប៉ុន្តែមិនត្រូវបានបង្ហើបពីអត្តសញ្ញាណនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com