ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អ្វីដែល​អ្នក​ត្រូវធ្វើ ដើម្បី​ទប់ស្កាត់ និង​ព្យាបាល​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស​
13, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា អាកា​រៈ​ទល់លាមក គឺ​កើតមានឡើង​នៅពេល​ចលនា​ពោះវៀន​ជួប​ការពិបាក ហើយ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់ ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ទល់លាមក ឬ​ចង់​បង្ការ​បញ្ហា​នេះ​កុំ​ឲ្យ​កើតឡើង ចូរ​បន្ត​អាន​ដោយ​យកចិត្តទុកដាក់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​បែប​ធម្មជាតិ​ដែល​ជួយ​ទប់ទល់ ក៏ដូចជា​ព្យាបាល​បញ្ហា​ទល់លាមក តាមរយៈ​ការទទួល​ទាន និង​ទម្លាប់​ប្រចាំថ្ងៃ ៖

១. ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​
 
​បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ក៏​ព្រោះ​ជាតិ​សរសៃ គឺ​ចាំបាច់​ណាស់​ក្នុងការ​សម្រួល​ចលនា​ពោះវៀន​។ បន្លែ​ផ្លែឈើ​ភាគច្រើន រួមបញ្ចូល​ទាំង ការ៉ុត​, ទំពាំង​បារាំង​, ពន្លក​ស្ពៃ​, ផ្លែ​ព្រូន​,  ផ្លែ​ចេក​, ក្រូចឆ្មារ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួលទាន​ជាតិ​សរសៃ​ពីមុនមក​សោះ ក៏​កុំ​ទទួលទាន​ច្រើនពេក ចាប់ផ្ដើម​ត្រឹម​ចំនួន​សមល្មម​បាន​ហើយ ដើម្បី​ជៀសផុត​ពី​បញ្ហា​ហើម​រមួល​ពោះ​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​ក៏​ដូច​ទៅនឹង​ពេលដែល​អ្នក​រាគ​ដែរ ទឹក គឺ​ចាំបាច់​ណាស់​នៅពេល​អ្នក​ទល់លាមក​។ អ្នក​គួរ​បង្កើន​ការទទួល​ទាន​ទឹក ដើម្បី​ទប់ស្កាត់​បញ្ហា​លាមក​ឡើង​រឹង​ស្ងួត​ពិបាក​នឹង​បញ្ចេញ​។ ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ធ្វើឱ្យ​លាមក​ទន់​ងាយ​នឹង​បញ្ចេញ​មក​ក្រៅ​។ អ្នក​ក៏​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ផងដែរ ដោយ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង​។​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរ និង​សកម្ម​។​
 
៣. ដឹង​ពីអ្វី​ដែល​គួរ​ជៀសវាង​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​អាកា​រៈ​ទល់លាមក អ្នក​គួរ​ជៀសឱ្យផុត​ពី​ការ​ទទួលទាន​ឈី​ស និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ ក៏​ព្រោះ​នៅពេល​អ្នកចាញ់​ឡាក់​តូ​ស ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​បង្ក​អាកា​រៈ​ហើមពោះ​, ឡើង​ហ្គាស​ក្នុង​ពោះ និង​ទល់លាមក​។ កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ទាំងនេះ រហូតដល់​អាកា​រៈ​ធូរស្បើយ​។ ទោះបីជា យ៉ា​អួរ ផ្សំ​ឡើង​ពី​ទឹកដោះគោ ប៉ុន្តែ​អ្នក​មិនគួរ​ជៀសវាង​មិន​ទទួលទាន​ឡើយ ក៏​ព្រោះ​វា​មាន​ផ្ទុក​ប្រូ​បាយ​អូ​ទិ​ក ឬ​បាក់តេរី​ល្អៗ​ដែល​ជួយ​ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។​

៤. ធ្វើ​លំ​ហាត់ប្រាណ
 
​សកម្មភាព​រាងកាយ​មួយចំនួន​ក៏​អាចជួយ​ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​លំ​ហាត​ប្រាណ​ងាយៗ ដូចជា ដើរ​យឺតៗ​សម្រាប់​រយៈពេល ៣០ វិនាទី រហូតដល់​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​។ ការធ្វើ​លំ​ហាត់ប្រាណ​មួយចំនួន​អាចជួយ​ម៉ាស្សា​ពោះវៀន ដូច្នេះ​អ្នកនឹង​មិន​ជួបប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​លាមក​ទៀតឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com