ពីនេះ ពីនោះ
មុន​ទៅ​ដឹកនាំ​គេ ត្រូវ​ដឹកនាំ​ខ្លួនឯង​ឱ្យបាន​ជោគជ័យ​សិន​
17, Feb 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្នែក​ដ៏​សំខាន់​នៃ​ភាពជា​អ្នកដឹកនាំ គឺ​ធ្វើជា​គំរូ​ល្អ​ដល់​អ្នកដទៃ ជាពិសេស​អ្នក​ដែល​ខ្លួន​ត្រូវ​ដឹកនាំ ហើយ​ធ្វើ​គំរូ​ល្អ​ហ្នឹង មិនមែន​ធ្វើ​តែមួយ​ដង មួយពេល ឬមួយ​ថ្ងៃ​នោះទេ គឺត្រូវធ្វើ​រហូត ឬ​ធ្វើជា​ប្រចាំ ហើយ​វា​ជាការ​លំបាក​បំផុត​ដែល​មនុស្ស ឬ​អ្នកដឹកនាំ​ជាច្រើន​នាក់ ធ្វើ​មិនបាន​ដោយ​សារភាព​នឿយហត់ ធុញថប់ អស់កំលាំង​រហូត​ឈានទៅដល់​ការបោះបង់ចោល​នាំឱ្យ​បរាជ័យ​។ អញ្ចឹង​ហើយ​បានជា​លោក Nathan Eland និយាយថា “​ផ្នែក​ដែល​លំបាក​បំផុត​នៃ​ការដឹកនាំ​អ្នកដទៃ គឺ​ត្រូវ​ដឹកនាំ​ខ្លួនឯង​ឱ្យបាន​សិន ប្រសិនបើ​អ្នកដឹកនាំ​ខ្លួនឯង​មិនបាន​ល្អ​ផង​ហ្នឹង តើ​អ្នក​អាច​ទៅ​ដឹកនាំ​អ្នកដទៃ​បាន​យ៉ាងម៉េច​ទៅ​? The most difficult part of leadership is leading yourself. If you cannot lead yourself well, how can you lead others?”​។​


 
​មាន​បញ្ហា​យល់ច្រឡំ​ច្រើន ឬ​មិនដឹង​តែម្តង នៅពេល​គេ​សួរ​យើង​ថា តើ​ចៅហ្វាយ ឬ​ប្រធាន​អ្នកឯង​ជា​នរណា​គេ​? គេ​សំដៅ​ដល់​មនុស្ស​ដែលមាន​តំណែង​នៅលើ ឬ​ខ្ពស់ជាង​យើង​។ ប៉ុន្តែ​លោក Napoleon Hill និយាយថា “​បាទ ចៅហ្វាយ​ពិតប្រាកដ​របស់​អ្នក គឺជា​មនុស្ស​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង​ពាក់មួក​របស់​អ្នក​។ ទទួលស្គាល់​នូវ​ការពិត​នេះ ហើយ​អ្នក​នឹងមាន​ទឹកចិត្ត​គ្រប់គ្រាន់​ក្នុងការ​ប្រើពេល​វេលា​រប​ស់​អ្នក​ឱ្យមាន​ប្រសិទ្ធិភាព Yes, your real boss is the person who walks around under your hat. Recognize this truth and you will have adequate incentive to use your time effectively”​។ បើ​អញ្ចឹង​មែន គ្មាន​នរណា​ធ្វើ​ប្រធាន​យើង​ក្រៅពី​ខ្លួន​យើង​នោះទេ ត្រូវ​ចេះ​ណែនាំ​ខ្លួនឯង​ឱ្យបាន​ល្អ​សិន បើ​ចង់ទៅ​ដឹកនាំ​គេ​នោះ​។
 
​លោក John Maxwell និង​លោក Jim Dornan នៅក្នុង​សៀវភៅ “Becoming a person of influence” បានសរសេរថា ”​ហេតុផល​លេខ​មួយ​ដែល​អ្នកដឹកនាំ​ជាច្រើន​នាក់​បរាជ័យ គឺ​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ខ្លួនឯង​។ ការដឹកនាំ​ខ្លួនឯង​៖ មាន​កត្តា​ជាច្រើន​ដែល​រួមមាន​ដូចជា​ភាពស្មោះត្រង់ ការកំណត់​អាទិភាព​ឱ្យបាន​ត្រឹមត្រូវទស្សនៈវិស័យ វិន័យ​ចំពោះ​ខ្លួនឯង ជំនាញ​ដោះស្រាយ​បញ្ហា និង​ឥរិយាបទ​វិជ្ជមាន​ជាដើម The number one reason leaders are unsuccessful is their inability to lead themselves. Self leadership: many qualities come to mind: integrity, right prioritie, vision, self-discipline, problem-solving skills, a positive attitude and so forth”​។ 
 
​ដូច្នេះ មុននឹង​ទៅ​ដឹកនាំ​គេ​បាន លុះត្រាតែ​ដឹកនាំ​ខ្លួនឯង​ឱ្យបាន​ល្អ​សិន ហើយ​ក្រោយពី​ដឹកនាំ​ខ្លួនឯងបាន​ហើយ​នោះ អ្នក​អាច​ចាប់ផ្តើម​ទៅគ្រប់​គ្រង និង​ដឹកនាំ​គេ​បាន​ហើយ និង​ជោគជ័យ​ទៀតផង​។  
 
(​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧​។​)

© រក្សាសិទ្ធិដោយ thmeythmey.com