ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌៖ យុវវ័យកម្ពុជានៅតែមិនទាន់ប្រតិបត្តិទិវាបុណ្យនៃសេចក្តីស្រលាញ់ឲ្យល្អត្រឹមត្រូវនៅឡើយ
× ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ដល់វេនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈម្ដង ដែលដាស់តឿនរម្លឹកដល់យុវជនឲ្យគោរពប្រពៃណីឲ្យបានត្រឹមត្រូវ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ។
ក្រសួងវប្បធម៌ បានក្រើនរម្លឹកដល់យុវវ័យកុំយល់ច្រឡំចំពោះបុណ្យនៃសេចក្តីស្រលាញ់ថា ជាបុណ្យសង្សារ ដែលនាំឲ្យមានការប្រព្រឹត្តខុសប្រពៃណី និងបាត់បង់តម្លៃខ្លួន។ ក្រសួងវប្បធម៌ ពន្យល់ថា ទិវានៃក្តីស្រឡាញ់នេះ គួរតែជាឱកាសក្នុងការចែករំលែកក្តីស្រឡាញ់សម្រាប់មនុស្សនៅជុំវិញខ្លួនដូចជា ក្រុមគ្រួសារ អ្នកមានគុណទាំង២ ប្តីប្រពន្ធ កូន ចៅ និងចំពោះមនុស្សនៅក្នុងសង្គមដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ជាងខ្លួនប៉ុណ្ណោះ ពោលគឺមិនដូចអ្វីដែលយុវជនមួយចំនួនគិតយល់ច្រឡំឡើយ។
ដោយសារសង្កេតឃើញថា យុវវ័យកម្ពុជានៅតែមិនទាន់ប្រតិបត្តិទិវានេះឲ្យល្អត្រឹមត្រូវនោះ ទើបក្រសួងស្នើឲ្យយុវវ័យត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលមរតកដូនតាបានបន្សល់ទុកឲ្យ និងត្រូវសិក្សាឲ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ខាងក្រៅជាមុនសិន ដើម្បីជៀសវាងធ្វើឲ្យយុវវ័យចេះតែប្រព្រឹត្តខុសប្រពៃណីខ្មែរ។
បន្ថែមពីនេះក្រសួងវប្បធម៌ ក៏ស្នើឲ្យអាណាព្យាបាល មាតា បិតា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរូមផ្សព្វផ្សាយអប់រំ និងក្រើនរម្លឹកដល់យុវជន ឲ្យបានទូលំទូលាយអំពីការប្រើប្រាស់ទិវានេះឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រចះត្រចង់របស់ខ្មែរ ដើម្បីរក្សាកត្តិយសខ្លួន គ្រួសារ និងសង្គមជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com