ជាតិ
​​​ន​យោ​បាយ​ជាតិ​
Eurocham៖ ការផ្តើម​នីតិវិធី​ដក EBA គឺ​ប៉ះពាល់​ការអភិវឌ្ឍ ដែល EU ជួយ​ខ្មែរ​ពីរ​ទសវត្សរ៍​មក
12, Feb 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (Eurocham) ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៣៥០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្តែង​ការសោកស្តាយ ចំពោះ​គណៈកម្មការ​អឺរ៉ុប ដែល​សម្រេច​ចាប់ផ្តើម​បើក​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ឆ្ពោះទៅរក​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បារម្ភ​យ៉ាងខ្លាំង​ពី​ផល​អវិជ្ជមាន ដែល​អាច​កើត​ឡើងលើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ទាំង​ពេលបច្ចុប្បន្ន​និង​ទៅ​អនាគត ដោយសារតែ​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​។ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ការចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការវិវត្ត​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​»​។ 
 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បន្តទៀតថា​៖«​ការសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សមិទ្ធផល​ក​ន្ល​ង​មក​និង​ទៅ​អនាគត​ទេ តែ​ថែមទាំង​អាច​ប៉ះបាល់​ដល់​ការអភិវឌ្ឍ​ផ្សេងទៀត ដែល​សហភាព​អឺរ៉ុប បានផ្តល់​មូលនិធិ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​មកហើយ ហើយ​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​យ៉ាង​លឿន​»​។ 
 
​ខណៈ​គណៈកម្មការ​អឺរ៉ុប ចាប់ផ្តើម​ពិភាក្សា​ពី​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សរសេរ​បែបនេះ​ថា​៖«​ចំពោះ​ចំណូល​ព​ន្ឋ គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ សេដ្ឋកិច្ចកម្ពុជា​ពីមុន​ហ៊ុម​ព័​ទ្ឋ​ដោយ​ទារុណកម្ម និង​ការកៀបសង្កត់ ប៉ុន្តែ​ពេលនេះ​គឺ​បាន​ងើប​លូតលាស់​និង​កាន់តែ​រឹងមាំ​»​។​
 
​ការបើក​កិច្ចពិភាក្សា​របស់​គណៈកម្មកា​រ​អឺរ៉ុប ពុំទាន់​អាចឈាន​ទៅដល់​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី​នេះ ត្រូវការ​ពេល​១​ឆ្នាំ​ឯណោះ ហើយ​នីតិវិធី ទើបនឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ទេ​។ ដូច្នេះ រហូតដល់​អំឡុង​ខែកុម្ភៈ ឆ្នាំក្រោយ ទើប​សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា​ដក​ឬ​មិន​ដក​។ ហើយ​លើសពីនេះ សហភាព​អឺរ៉ុប ត្រូវការ​ពេលវេលា​៦​ខែ​បន្ថែមទៀត ដើម្បី​ដាក់​សេចក្តីសម្រេច​ស្តីពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឲ្យ​ចូល​ជា​ធរមាន​។​
 
​អ្នកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប បាន​មានប្រសាសន៍ថា​៖«​កិច្ចពិភាក្សា​នេះ មិនមែនជា​សេចក្តីសម្រេច​ចុងក្រោយ​ទេ ហើយ​នីតិវិធី ក៏​មិនទាន់​ឈានដល់​ដំណាក់កាល​បញ្ចប់​ដែរ​។ ប៉ុន្តែ ពេលវេលា ដើរទៅ​មុខ​ហើយ ហើយ​យើង ចង់ឃើញ​សកម្មភាព​ជាក់ស្តែង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ស្តីពី​ការបើក​កិច្ចពិភាក្សា​។  
 
​ចំណែក អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ សហភាព​អឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង នីតិរដ្ឋ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​និយោជិត​កម្មករ​»៕ 

Tag:
 Eurocham
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com