ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​តែ​ស្លឹក​ត្របែក​” ប្រសើរ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ជាច្រើន​
14, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ផ្លែ​ត្របែក​ចំពោះ​សុខភាព​រួចមកហើយ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​លឺ​ទេ​ថា ស្លឹក​ត្របែក ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន​សំខាន់ៗ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​សុខភាព​មួយចំនួន​បាន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ស្លឹក​ត្របែក រួមទាំង​របៀប​ឆុងតែ​ស្លឹក​ត្របែក ៖
 
– របៀប​ឆុងតែ​ស្លឹក​ត្របែក​
 
​អ្វីដែល​អ្នកត្រូវការ គឺ ស្លឹក​ត្របែក​ស្រស់ ៦ ស្លឹក​, ទឹក​ធម្មតា ១ លីត្រ និង​ទឹកឃ្មុំ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាង​សម្អាត​ស្លឹក​ត្របែក​ឱ្យ​ស្អាត​សព្វ​ជាមុនសិន​។ បន្ទាប់មក​ដាក់​ដាំ​ស្លឹក​ត្របែក​ក្នុង​ទឹក​រហូតដល់​ពុះ​។ ក្រោយពី​ពុះ​ប្រហែល ១០ នាទី សឹម​ត្រង​យក​ស្លឹក​ត្របែក​ចេញ​។ បន្ថែម​ទឹកឃ្មុំ​ចូល​ដើម្បី​បន្ថែម​រសជាតិ​ក្នុង​តែ​ស្លឹក​ត្របែក​ជាការ​ស្រេច​។ ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
១. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​តែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនឱ្យ​ប្រមូលផ្ដុំ​នៅក្នុង​សរសៃឈាម​។ ដូច្នេះ​អ្នកនឹង​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​អ្នក​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺមហារីក​ដោយ​គ្រាន់តែ​ទទួលទាន​តែ​ស្លឹក​ត្របែក​ឱ្យបាន​ទៀងទាត់​។ នោះ​ក៏​ព្រោះតែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ភាព​ការផ្លាស់ប្ដូរ​មិន​ប្រក្រតី​នៃ​កោសិកា​ដែលជា​កត្តា​បង្ក​ជំងឺមហារីក​។ ស្លឹក​ត្របែក​ក៏មាន​ប្រសិទ្ធិភាព​ទប់ទល់​នឹង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក​ផងដែរ​។​

៣. ព្យាបាល​ជំងឺរាគ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​បង្ក​ជំងឺរាគ គឺ​ការ​ទទួលទាន​អាហារ​មិន​ស្អាត​មាន​ផ្ទុកមេរោគ​បាក់តេរី​។ ស្លឹក​ត្របែក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​កម្ចាត់​បាក់តេរី​មិនល្អ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​ស្លឹក​ត្របែក​អាច​ព្យាបាល​ជំងឺរាគ​បាន​យ៉ាង​ប្រសើរ​។​
 
៤. ព្យាបាល​អាកា​រៈ​ហើម​អញ្ចាញធ្មេញ
 
​គ្រាន់តែ​ទំពារ​ស្លឹក​ត្របែក​ខ្ចី​មួយចំនួន​ក្នុង​មាត់ ក៏​អាចជួយ​ព្យាបាល​អាកា​រៈ​ហើម និង​ហូរឈាម​អញ្ចាញ​បាន​យ៉ាង​ប្រសើរ​។ នោះ​ក៏​ព្រោះតែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​មាត់​ធ្មេញ​។​
 
៥. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
 
​តែ​ស្លឹក​ត្របែក ជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​សមាសធាតុ​នៅក្នុង​តែ​ស្លឹក​ត្របែក​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ទទួលទាន​អាហារ ដោយ​រារាំង​ការ​ស្រូប​យកជាតិ​ស្ករ ២ ប្រភេទ គឺ sucrose និង maltose​។ តែ​ស្លឹក​ត្របែក​ក៏​ជួយ​ទប់ស្កាត់​អង់ស៊ីម​ផ្សេងៗ​ដែល​ប​ម្លែ​ង​កាបូ​អ៊ី​ដ្រា​ត​នៅក្នុង​បំពង់​រំលាយ​អាហារ​ទៅជា​ជាតិ​ស្ករ​គ្លុយកូស​ផងដែរ​។ ហេតុនេះហើយ​ទើប​ការទទួល​ទាន​តែ​ស្លឹក​ត្របែក​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com