កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand អះអាងថា Man Utd អស់​ឱកាស​នៅ UCL ក្រោយ Pogba បាន​កាត​ក្រហម​
13, Feb 2019 , 2:30 pm        
រូបភាព
​ជា​ស្ថិតិ​ការប្រកួត​ដ៏​អាក្រក់​បំផុត​សម្រាប់ Manchester United ក្នុង​ក្របខណ្ឌ​អឺរ៉ុប UEFA Champions League ក្រោយ​ចាញ់ Paris Saint-Germain ក្នុងផ្ទះ​ខ្លួនឯង​ដល់​ទៅ ២-០ នា​ជំនួប​ជើង​ទី​១ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​។ បរាជ័យ​នេះដែរ Rio Ferdinand វីរបុរស Man Utd ហ៊ាន​អះអាងថា​អតីត​ក្រុម​ខ្លួន​អស់​ឱកាស​ត្រឹម​នេះហើយ ដ្បិត Paul Pogba បាន​កាត​ក្រហម​មិនអាច​ចូល​លេង​ជើង​ទី​២​។​


 
​មិន​ត្រឹមតែ​មិនអាច​ទទួល​ជ័យជម្នះ ក្រុម​រហស្សនាម​បិសាច​ក្រហម​ថែមទាំង​របូត​ដល់​ទៅ​២​គ្រាប់​សម្រាប់​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Old Trafford​។ បរាជ័យ​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្តោះអាសន្ន Ole Gunnar Solskjaer មានឱកាស​តិចតួច​បំផុត​នៅពេល​ត្រលប់​ទៅ​ទឹកដី​របស់​របស់​ក្រុម​យក្ស​បារាំង​សម្រាប់​ជំនួប​ជើង​ទី​២ ខណៈ PSG មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​ដល់​ទៅ​២​គ្រាប់​។ 


 
​រឹតតែ​យ៉ាប់យឺន​ជាងនេះទៅទៀត​នោះ Man Utd នឹង​មិនមាន​វត្តមាន​ខ្សែបម្រើ​ឆ្នើម Paul Pogba ឡើយ​នៅពេល​ប៉ះ PSG ជើង​ទី​២ ដ្បិត​រូបគេ​ត្រូវបាន​លោក​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម​នៅ​ជំនួប​ដំបូង​។​
 
​ការ​របូត​២​គ្រាប់​រួមទាំង​បាត់បង់ Pogba ដែលជា​អ្នក​នាំ​លេង​មិនអាច​ខ្វះ​បាន​សម្រាប់ Man Utd ទៀត​នោះ អតីត​ខ្សែការពារ​ឆ្នើម Rio Ferdinand ហ៊ាន​វាយតម្លៃ​លើ​ក្រុម​ចាស់​របស់ខ្លួន​ថា​ពួកគេ​មិនមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ឡើយ​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ​។​


 
«​ការបាត់បង់​គាត់ (Pogba) នៅ​ជើង​ទី​២​ជា​កំហុស​ធ្ងន់ធ្ងរ ដែល​នឹងធ្វើ​ឲ្យ Solskjaer និង Man Utd លំបាក​បំផុត​ដើម្បី​ឈានទៅ​វគ្គ​ក្រោយ​។ ពួកគេ​គួរ​ត្រលប់​ទៅ​គិតថា​ត្រូវធ្វើ​យ៉ាងណា​យក​ចំណាត់ថ្នាក់ Top 4 នៅ Premier League រដូវ​កាល​នេះ​វិញ​។ ចំណែក​ឱកាស​នៅ Champions League គឺ​ចប់​ហើយ ក្រោយ Pogba កាត​ក្រហម​»​។ Ferdinand បាន​វិភាគ​ឲ្យ​ទូរទស្សន៍ BT Sport ដូច្នេះ​។​
 
​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស វ័យ​៤០​ឆ្នាំ​រូបនេះ បន្ថែមថា រឹតតែ​ពិបាក​ថែមទៀត​សម្រាប់ Man Utd នៅ​ជំនួប​ជើង​ទី​២ ប្រសិនបើ Neymar និង Edinson Cavani ជា​ទាន់ពេល​អាច​ត្រលប់​ជួយ PSG បាន​វិញ​នោះ​៕
 
 

Tag:
 បាល់ទាត់​
  UEFA Champions League
  PSG
  Rio Ferdinand
© រក្សាសិទ្ធិដោយ thmeythmey.com