ជាតិ
​​​ន​យោ​បាយ​ជាតិ​
EBA៖ ក្រសួងការបរទេស​ថា អឺរ៉ុប ជឿ​អតីត​បក្សប្រឆាំង ជាង​រដ្ឋាភិបាល
13, Feb 2019 , 3:34 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបអ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបអ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ រូបពីក្រសួងការបរទេស
ដោយ: ថ្មីៗ
​ការ​កាន់ជើង​និង​ការជឿ​តែ​ទៅលើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាចជា​មូលហេតុ​មួយ ដែល​ជំរុញ​ឲ្យ​គណៈកម្មការ​អឺរ៉ុប សម្រេចចិត្ត​ចាប់ផ្តើម​នីតិវិធី​ដក​ជាប​ណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​សព្វ​មុខទំនិញ (EBA) ចេញពី​កម្ពុជា​។ នេះ​ជា​ការយល់ឃើញ​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បង្ហាញ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។ 


 
​ស្ទើរតែ​ទាំង​អស់នៃ​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​បី​ទំព័រ​របស់​ក្រសួងការបរទេស​កម្ពុ​ជា គឺ​រិះគន់​គណៈកម្មការ​អឺរ៉ុប ដែល​សម្រេចចិត្ត​ចាប់ផ្តើម​នីតិវិធី​ដក​ជាប​ណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជា​។ លើសពីនេះ ក្រសួងការបរទេស ក៏​ហាក់​អន់ចិត្ត​បន្តិច​ដែរ ដែល​គណៈកម្មការ​អឺរ៉ុប មិនសូវ​ឲ្យ​តម្លៃ​លើ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បែរជា​ស្តាប់​តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​ក្រសួងការបរទេស សង្កេតឃើញថា គណៈកម្មការ​អឺរ៉ុប គិតតែ​ផ្តោតទៅលើ​អត្ថិភាព​របស់​អតីត​គណបក្សប្រឆាំង​និង​ជោគវាសនា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត ក្រសួងការបរទេស បាន​សម្តែង​ការមិន​ពេញចិត្ត ដែល​គណៈកម្មការ​អឺរ៉ុប បាន​ចោទប្រកាន់​លើ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​តែមួយគត់ គឺ​អវត្តមាន​អតីត​គណបក្សប្រឆាំង ហើយមិន​ទទួលស្គាល់​គណបក្ស​១៩​ទៀត ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។

ក្រសួងការបរទេស បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ការមិនទទួលស្គាល់​ការពិត​ទាំងនេះ បង្ហាញ​យ៉ាងច្បាស់​នូវ​ភាពលម្អៀង​យ៉ាង​គឃ្លើន​របស់​គណៈកម្មកា​រ​អឺរ៉ុប ក៏ដូចជា ការមិន​អើពើ​ចំពោះ​ម្ចាស់ឆ្នោត​និង​គណបក្ស​របស់​ពួកគេ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ក៏ដូចជា​សិទ្ធិ​និង​ជម្រើស​នយោបាយ​របស់​ពួកគេ​»​។ 
 
​ក្រសួងការបរទេស បាន​ហៅ​ទង្វើ​បែបនេះ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ថា ជាការ​បដិសេធ​សំឡេង​ដ៏​ច្រើន​លើសលប់​របស់​ម្ចាស់ឆ្នោត ហើយ​ផ្ទុយទៅវិញ គណៈកម្មការ​អឺរ៉ុប បានជ្រើសរើស​យក​ការគាំទ្រ​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​។ ក្រសួងការបរទេស សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សោកស្តាយ ដែល​គណៈកម្មការ​អឺរ៉ុប ជឿ​អ្នកនយោបាយ​មិន​ស្មោះត្រង់​មួយ​ក្តាប់​តូច ដែល​ខិតខំ​ក្នុងការ​រិះរក​គ្រប់​ធ​ម្យោ​បាយ ដើម្បី​បំផ្លាញ​ប្រទេស និង​ប្រជាជន​កម្ពុជា ជាជាង​ការផ្តល់​តម្លៃ​ទៅលើ​សំឡេង​នៃ​អ្នកតំណាង ដែល​ជាប់ឆ្នោត​ដោយ​ស្របច្បាប់​»​។​
 
​ក្រសួងការបរទេស ក៏​ហួសចិត្ត​ដែរ​ថា សូម្បី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង វិល​ចូល​ឆាកនយោបាយ​វិញ ក៏​គណៈកម្មការ​អឺរ៉ុប​មើលមិនឃើញ​ដែរ​។ 
 
​កន្លងមក លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង បានប្រកាស​ទទួលខុស​ត្រូវ​ទាំងស្រុង​ថា មានតែ​លោក​ម្នាក់​គត់ ដែល​សកម្ម​ជាងគេ ក្នុងការ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ លោក មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ឬ​អាជ្ញាធរ រករឿង​អ្នកផ្សេង ដែលជា​អតីតមន្ត្រី​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា​ឡើយ​។ 
 
​មេដឹកនាំ​ប្រឆាំង​កំពូល​ដែល​កំពុង​និរទេស​រូបនេះ បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ចៀស​ផុតពី​ទណ្ឌកម្ម​។ លោក ធ្លាប់​លើកឡើងថា​៖«​បើ​ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំងនោះ លោក ហ៊ុន សែន គ្រាន់តែ​បញ្ឈប់​នយោបាយ​គាបសង្កត់​....​ហើយ​ចាប់ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បើកផ្លូវ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ រស់​ឡើងវិញ​នៅ​កម្ពុជា​ទៅ វា​បាន​ទៅហើយ​»​។​
 
​ក្រៅពី​រិះគន់​គណៈកម្មការ​អឺរ៉ុប​ថា គិតតែ​ពី​ឲ្យ​តម្លៃ​អតីត​គណបក្សប្រឆាំង ក្រសួងការបរទេស ក៏បាន​រិះគន់​គណៈកម្មកា​អឺរ៉ុប​ដែរ​ថា មិន​ទទួលស្គាល់​ពី​វឌ្ឍនភាព​របស់​កម្ពុជា​។ ក្រសួង​ការបទេស នៅ​រិះគន់​ទៀតថា គណៈកម្មការ​អឺរ៉ុប មិនបាន​អើពើ​នឹង​កម្ពុជា ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនុ​ញ្ញា​ស្នូល​ទាំង​១៥​របស់​អង្គការសហប្រជាជាតិ ដែលជា​លក្ខខណ្ឌ​ក្នុង​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ 
 
​បន្ទាប់មក ក្រសួងការបរទេស រំលើក​ថា គណៈកម្មការ​អឺរ៉ុប បិទ​ភ្នែក​ចំពោះ​ប្រទេស​ដទៃ ដែល​អនុវត្ត​អនុសញ្ញា​ទាំងនេះ​មិនបាន​ពេញលេញ តែ​បែរជា​រំពឹង​ចង់បាន​នូវ​ការអនុវត្ត​ល្អឥតខ្ចោះ ពី​កម្ពុជា​។ ក្រសួងការបរទេស បញ្ជាក់​បែបនេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា មាន​ទស្សនៈ​ថា គណៈកម្មការ​អឺរ៉ុប មិន​បានធ្វើ​សកម្មភាព ដោយ​ឈរលើ​គោលការណ៍​ស្មោះត្រង់ និង យុត្តិធម៌​ទេ​»​។ 
 
​រិះគន់​ប៉ុណ្ណឹង នៅ​មិនទាន់​អស់ចិត្ត​ទេ ដោយ​ក្រសួងការបរទេស បាន​ហៅ​ការបើក​ដំណើរការ​នីតិវិធី​នេះ ថា​កំពុង​បដិសេធ​សមិទ្ធផល​នៃ​ការប្រឹងប្រែង​អភិវឌ្ឍ​របស់​កម្ពុជារ​យៈ​ពេល​២០​ឆ្នាំកន្លងមក និង​មានន័យ​ស្មើនឹង​ការធ្វើ​និរាករណ៍​នូវ​រាល់​ឥទ្ធិពល​វិជ្ជមាន​ដ៏​ធំធេង​នៃ​គោលនយោបាយ​របស់​អឺរ៉ុប ដែល​កម្ពុជា​ទទួលផល​ពីមុនមក​។ 
 
​ក្រសួងការបរទេស នៅ​មើលឃើញ​ហានិភ័យ ដែល​អាច​កើតមាន​ចំពោះ​កម្មករ​-​កម្មការិនី និង​សមាគម​ធុរកិច្ច​ថែមទៀត ខណៈ​គណៈកម្មការ​អឺរ៉ុប ហាក់​មិន​ខ្វល់​ពី​ចំណុច​នេះ​។ ក្រសួងការបរទេស អះអាងថា​៖«​កម្ពុជា ដឹង​ច្បាស់​ថា សេចក្តីសម្រេច​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការពិចារណា​លើ​ជោគវាសនា​របស់​កម្មការិនី​កម្ពុជា​ជិត​មួយ​លាន​នាក់​នោះទេ ហើយ​មិន​គិតដល់​ប្រយោជន៍​នៃ​បណ្តា​សមាគម​ធុរកិច្ច​របស់​អឺរ៉ុប​នៅ​កម្ពុជា និង​ទំនាក់ទំនង​ដ៏​ល្អ​កន្លងមក​រវាង​កម្ពុ​ជា​និង​បណ្តា​សមាជិក​របស់​សហភាព​អឺរ៉ុប​»​។ 
 
​ទោះ​រិះគន់​គណៈកម្មការ​អឺរ៉ុប​ជាច្រើន និង​ការរិះគន់​ចំណុច​ខ្លះ មាន​លក្ខណៈ​រៀង​ធ្ងន់​បន្តិច​ក្តី តែ​ក្រសួងការបរទេស ប្រកាសថា រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្តធ្វើ​កិច្ចការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដដែល ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ល្អ​ជាមួយគ្នា​។ 
 
​ក្រសួងការបរទេស បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ពង្រឹង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ក៏ត្រូវ​តែ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជ្យ និង​អធិបតេយ្យ​របស់ខ្លួន​ផងដែរ ទោះ​សិ្ថ​ត​ក្នុងតម្លៃ​ណាក៏ដោយ​។ ក្រសួងការបរទេស នៅ​ប្រាប់​គណៈកម្មការ​អឺរ៉ុប​ទៀតថា រដ្ឋាភិបាល​កម្ពុជា ត្រៀមខ្លួន​រួចហើយ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន ជាពិសេស​គឺ​ប្រជាពលរដ្ឋ ដែល​ពឹង​ផ្អែកលើ​វិស័យ​នានា ដែល​អាច​នឹងរង​ផលប៉ះពាល់​ដោយសារ​សេចក្តីសម្រេច​នេះ​។ 
 
​គណៈកម្មការ​អឺរ៉ុប ដែលជា​ស្ថាប័ន​កំពូល​ផ្នែក​នីតិប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប បាន​បើក​កិច្ចពិភាក្សា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ឆ្ពោះទៅរក​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើស​ព្វ​មុខទំនិញ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា EBA ចេញពី​កម្ពុជា​។ 
 
​ការបើក​កិច្ចពិភាក្សា​នេះ ពុំទាន់​អាចឈាន​ទៅដល់​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី​នេះ ត្រូវការ​ពេល​១​ឆ្នាំ​ឯណោះ ហើយ​នីតិវិធី ទើបនឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ទេ​។ ដូច្នេះ រហូតដល់​អំឡុង​ខែកុម្ភៈ ឆ្នាំក្រោយ ទើប​សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា​ដក​ឬ​មិន​ដក​។​
 
​នីតិវិធី​នេះ មាន​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​៦​ខែ ដោយ​រយៈ​ពេលនេះ សហភាព​អឺរ៉ុប ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពិភាក្សា​ពី​ភាគី​កម្ពុជា ដែលជា​សាមីខ្លួន​។ ដំណាក់កាល​ទី​២ មាន​រយៈពេល​៣​ខែ ដែល​ដំណាក់កាល​នេះ សហភាព​អឺរ៉ុប ត្រូវធ្វើ​របាយការណ៍​។ ដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​គ្រប់​រយៈ​១២​ខែ សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​និង​ធ្វើ​សេចក្តីសម្រេច​ផ្លូវការ​ថា ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ឬក៏​មិន​ដក​។ នេះ​ជាការ​ពន្យល់​របស់​សហ​ភាព​អឺរ៉ុប ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចពិភាក្សា​ខាងលើ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 
 
​សហភាព​អឺរ៉ុប ពន្យល់​ទៀតថា បើ​ដំណាល់​កាល​ចុងក្រោយ សហភាព​អឺរ៉ុប សម្រេច​ថា​ដក នីតិវិធី​បន្ទាប់ គឺ សហភាព​អឺ​រុ​ប នឹងត្រូវ​ការ​ពេល​៦​ខែ​បន្ថែមទៀត ដើម្បី​កំណត់​វិសាលភាព​និង​កំណត់​ពី​រយៈពេល​ថា សហភាព​អឺរ៉ុប ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​រយៈពេល​យូរ​ប៉ុនណា ពី​កម្ពុជា​។ បន្ទាប់មកទៀត ទើប​សហ​ភា​អឺរ៉ុប ដាក់​សេចក្តីសម្រេច​ស្តីពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឲ្យ​ចូល​ធរមាន​។ ដូច្នេះ សរុប​ទាំង​ពេលវេលា ដែល​ត្រូវ​សម្រេច​ថា​ដក (១២​ខែ​) និង​ពេលវេលា​ដែល​ត្រូវដាក់​ឲ្យ​ចូល​ជា​ធរមាន (៦​ខែ​) វា ត្រូវការ​ពេលវេលា​ដល់​ទៅ​១​ឆ្នាំកន្លះ​ឯណោះ​។ 
 
EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​អ្នកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប បាន​មានប្រសាសន៍ថា​៖«​កិច្ចពិភាក្សា​នេះ មិនមែនជា​សេចក្តីសម្រេច​ចុងក្រោយ​ទេ ហើយ​នីតិវិធី ក៏​មិនទាន់​ឈានដល់​ដំណាក់កាល​បញ្ចប់​ដែរ​។ ប៉ុន្តែ ពេលវេលា ដើរទៅ​មុខ​ហើយ ហើយ​យើង ចង់ឃើញ​សកម្មភាព​ជាក់ស្តែង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ដដែល​។ 
 
​ចំណែក អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ សហភាព​អឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង នីតិរដ្ឋ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​និយោជិត​កម្មករ​»៕ 
 

Tag:
 ​ក្រសួងការបរទេស​
  EU
  EBA
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com